ចិន៖ប្រទេសចិនប្រកាសធ្វើសមយុទ្ធជើងគោក និងជើងអាកាសនៅតាមព្រំ ដែនជាមួយប្រទេសភូមានៅតំបន់ដែលកងទ័ពភូមាបានធ្វើការបាញ់ផ្លោងធ្លាក់ទៅលើទឹកដីចិន ហើយសម្លាប់ពលរដ្ឋចិន៥នាក់កាលពីខែមីនា ។
មន្ដ្រីយោធាចិនបាននិយាយថា សមយុទ្ធនេះនឹងធ្វើការបាញ់ប្រហារដោយគ្រាប់ពិតៗ គឺមានទាំងទ័ពជើងគោក និងជើងអាកាស ហើយចាប់ផ្ដើមនៅថ្ងៃអង្គារនេះ ។
ក្រសួងការពារជាតិប្រទេសចិននិយាយថា សមយុទ្ធនេះធ្វើឡើងនៅខេត្តជុនណាន់ជាប់ព្រំដែនប្រទេសភូមានៅតំបន់ កូកាន ។ ប៉ុន្ដែក្រសួងការបរទេសចិននិយាយថា ខ្លួនបានជូនដំណឹងនេះទៅកាន់រដ្ឋាភិបាលភូមារួចហើយ ដោយធានាថាសមយុទ្ធនេះនឹងមិនធ្វើឲ្យប៉ះពាល់ដល់ប្រជាជនរស់នៅតាម ព្រំដែននៃប្រទេសទាំងពីរនោះដែរ ។
សមយុទ្ធរបស់កងទ័ពចិនត្រូវបានមើលឃើញថាជាការបង្ហាញកម្លាំងកងទ័ព ដើម្បីបញ្ជាក់ប្រាប់ប្រទេសភូមាថាខ្លួនមានលទ្ធភាពចូលកាន់កាប់ ខេត្តណាមួយក៏បាននៃប្រទេសជិតខាង ។ ប៉ុន្ដែក្រសួងការបរទេសចិនបញ្ជាក់ថា សមយុទ្ធនេះជាផ្នែកមួយនៃការពង្រឹងអំណាចកងទ័ពរបស់ចិនតែប៉ុណ្ណោះ គឺមិនមានបំណងឈ្លានពានប្រទេសជិតខាងឡើយ ៕
ស្ត្រីម្នាក់ដើរនៅតំបន់ព្រំដែនចិន និងភូមា (រូបពី Channel News Asia)