ភ្នំពេញ ៖ សមាគមរោងចក្រកាត់ដេរកម្ពុជា ហៅកាត់ថា GMAC បានប្រារព្វពិធីជួបជុំសមាជិក ក្នុងឱកាសខួប ២៣ឆ្នាំ និងដើម្បីប្រមូលថវិកានឲបានប្រមាណជិត៥ម៉ឺនដុល្លារ ជូនមន្ទីរពេទ្យគន្ធបុប្ផា សម្រាប់ជួយទ្រទ្រង់ដំណើរការមន្ទីរពេទ្យនេះ ក្នុងការជួយ សង្គ្រោះកុមារកម្ពុជា ជាច្រើននាក់ កំពុងត្រូវការជំនួយសង្គ្រោះបន្ទាន់ ។
ព្រឹត្តិការណ៍នេះ ធ្វើឡើងកាលពីល្ងាចថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌល ដឹព្រេមៀ សេនធ័រ សែនសុខ និងមានការចូលរួមពីសមាជិកសមាគមរោងចក្រកាត់ដេរកម្ពុជាជាច្រើនរយនាក់ ហើយក៏មានការអញ្ជើញចូលរួមពីលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្មផងដែរ ។
លោក ឧកញ៉ា វ៉ាន់ សូអៀង ប្រធានសមាគមរោងចក្រកាត់ដេរកម្ពុជា បានមានប្រសាសន៍ថា កម្មវិធីសម្រាប់រាត្រីនេះដែរ គឺដើម្បីអោយសមាជិករបស់សមាគមរោងចក្រកាត់ដេរកម្ពុជា ទាំងអស់បានជួបជុំគ្នា និងផ្លាស់ប្តូរនូវបទពិសោធន៍ និងយោបល់រវាងគ្នា ហើយគោលបំណងសំខាន់មួយទៀតនោះ ក៏ដើម្បីប្រមូលថវិកាមូលធិនិជូនមន្ទីរពេទ្យគន្ធបុប្ផា សម្រាប់ទ្រទ្រង់ដំណើរការ ជួយសង្គ្រោះដល់កុមារកម្ពុជា ដែលត្រូវការអោយមន្ទីរពេទ្យនេះជួយ បើទោះបីជាស្ថាបនិកមន្ទីរពេទ្យនេះ បានឃ្លាតចាកឆ្ងាយក៏ដោយ ។
លោកឧកញ៉ាបានរៀបរាបពីសាវតាសមាគមរោងចក្រកាត់ដេរកម្ពុជាថា សមាគមនេះ បានបង្កើត នៅក្រោយការបោះឆ្នោតថ្នាក់ជាតិលើកដំបូងសម្រាប់កម្ពុជា នៅឆ្នាំ ១៩៩៣ ដើម្បីចូលរួមអភិវឌ្ឍន៍ពីភាពរីកចម្រើន នៅក្នុងវិស័យកាត់ដេរ ដែលជាវិស័យស្នូលក្នុងការទ្រទ្រង់សេដ្ឋកិច្ចជាតិ ។ ជាលទ្ធផល វិស័យកាត់ដេរកម្ពុជា បានជួយដល់ប្រជាពលរដ្ឋកម្ពុជា ជាច្រើន មានការងារធ្វើ និងទទួលបានប្រាក់ចំណូលសមរម្យ ក្នុងការទ្រទ្រង់ជីវភាពគ្រួសារ ដែលគិតជាមធ្យម វិស័យកាត់ដេរ បានជួយប្រជាពលរដ្ឋកម្ពុជា ទាំងផ្ទាល់ និងប្រយោលសុរបប្រមាណ ជាង២លាននាក់ ។
តំណាងមន្ទីរពេទ្យគន្ធបុប្ផាបានមានប្រសាសន៍ថា កាលពីឆ្នាំ ២០១៨កន្លងទៅនេះ មន្ទីរពេទ្យគន្ធបុប្ផាបានផ្ដល់សេវា ពិនិត្យ និងព្យាបាលកុមារកម្ពុជា សរុបប្រមាណជិត ១លាននាក់ ដោយឥតគិតថ្លៃ ។ រាល់ការចំណាយទាំងអស់ នៅក្នុងមន្ទីរពេទ្យ គឺជាថវិកាដែលបានមកពីសប្បុរសជនទាំងក្នុងនិងក្រៅប្រទេស ហើយលោក បេអាត រីចនើ ដែលជាស្ថាបនិក មន្ទីរពេទ្យនេះ ក៏បានខិតខំស្វែងរកមូលនិធិនានា ពីក្រៅប្រទេស ដើម្បីមកគាំទ្រដំណើរការ ក៏ប៉ុន្តែ បន្ទាប់ពីលោកបានធ្លាក់ខ្លួនមានជំងឺ មន្ទីរពេទ្យនេះ ក៏បានជួបនូវបញ្ហាខ្លះៗ ទើបរដ្ឋាភិបាលកម្ពុជា ក៏បានសម្រេចបង្កើតមូលនិធិគន្ធបុប្ផា ដើម្បីស្វែងរកថវិកា ជួយទ្រទ្រង់ដំណើរការមន្ទីរពេទ្យ ។ ជាលទ្ធផល មូលនិធិ ពីបណ្ដាសប្បុរសជននានា ក្នុងប្រទេសក៏បានផ្ដល់ជូនមន្ទីរពេទ្យនេះ ជាបន្តបន្ទាប់ បើទោះបីជាពេលនេះ ស្ថាបនិកមន្ទីរពេទ្យនេះ បានលាចាកលោកក្ដី ហើយសង្ឃឹមថា សប្បុរសជន នឹងនៅតែបន្តជួយដល់មន្ទីរពេទ្យ ដើម្បីបន្តជួយសង្គ្រោះកុមារកម្ពុជា ជាច្រើននាក់ ដែលកំពុងត្រូវការជំនួយពីយើង។
គួរបញ្ជាក់ថា នៅក្នុងរាត្រីនៃការជួបជុំសមាជិកសមាគមរោងចក្រកាត់ដេរកម្ពុជានោះដែរ គេសង្កេតឃើញថា មានសប្បុរសជនជាច្រើនបានបរិច្ចាគជូនមូលនិធិនេះ ហើយជាបឋម សមាគមរោងចក្រកាត់ដេរប្រមូលបានជិត ៥ម៉ឺនដុល្លារអាមេរិក ក្នុងនោះ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានបរិច្ចាគថវិកាផ្ទាល់ខ្លួនចំនួន ៣.៥០០ដុល្លារ។ ក្រៅពីនោះក៏មានសប្បុរសជនខ្លះទៀតបរិច្ចាគដល់ជាង ៣.០០០ដុល្លារអាមេរិកផងដែរ ៕