ភ្នំពេញ ៖ រដ្ឋបាលសាលារាជធានីភ្នំពេញ បានទុកពេល១ខែ គិតចាប់ផ្ដើមពីថ្ងៃទី ២២ ខែមករា នេះតទៅ ដើម្បីឱ្យប្រជាពលរដ្ឋធ្វើយ៉ាងណាបញ្ឈប់ការរំលោភលើដងផ្លូវ និងចិញ្ចើមផ្លូវសាធារណៈ បើពុំដូច្នោះទេ នឹងត្រូវប្រឈមចំពោះការបិទអាជីវកម្ម ផ្អាកការដ្ឋាន ដកហូតសម្ភារ និងរុះរើសំណង់ ឬអាចត្រូវប្រឈមទៅនឹងផ្លូវច្បាប់។ នេះបើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ កាលពីដើមសប្តាហ៍នេះ។
យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលសាលារាជធានី បានបង្ហាញថា ប្រជាពលរដ្ឋដែលជាម្ចាស់លំនៅឋាន ម្ចាស់អាជីវកម្មដ្ឋាន ម្ចាស់ការដ្ឋាន អ្នកគ្រប់គ្រងមន្ទីរពេទ្យ គ្រឹះស្ថានអប់រំ អគារសាធារណៈ វិស័យឯកជន និងអ្នកប្រើប្រាស់ផ្លូវថ្នល់ទាំងអស់ត្រូវកែសម្រួល និងរៀបចំទីតាំងរបស់ខ្លួន ឱ្យបានត្រឹមត្រូវ ស្របតាមខ្លឹមសារណែនាំ ដូចជា ត្រូវចៀសវាងដាច់ខាត ការឈប់ ឬចតយានជំនិះនៅកន្លែងហាមឃាត់ដូចជា នៅលើទ្រូងផ្លូវ ចិញ្ចើមផ្លូវ ដែលទុកបម្រុងសម្រាប់អ្នកថ្មើរជើង។ ហាមដាច់ខាត ម្ចាស់ការដ្ឋានសំណង់គ្រប់ប្រភេទ ធ្វើការហ៊ុមព័ទ្ធការដ្ឋានលើចិញ្ចើមផ្លូវលើសពី ១ ភាគ ៣ ប្រើប្រាស់ទ្រូងផ្លូវដាក់សម្ភារសំណង់របស់ខ្លួន ដូចជា ដែក ខ្សាច់ ក្រួស ថ្ម។ រថយន្តដឹកទំនិញធុនធំ រថយន្តកុងតឺន័រ រថយន្តបាញ់បេតុង និងរថយន្តក្រឡុកស៊ីម៉ង់ត៍ ត្រូវចេញចូលក្រុងដោយគោរពតាមការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ និងចៀសវាងការប្រើប្រាស់ទ្រូងផ្លូវក្នុង ការលើកដាក់ផ្ទេរទំនិញ បាញ់បេតុង ឬឈប់សំចត ដោយអនាធិបតេយ្យ។
សេចក្តីជូនដំណឹងក៏បានបញ្ជាក់ផងដែរថា ការរៀបចំសម្ភារ ទំនិញ ម៉ូតូ និងរថយន្តដាក់តាំង លក់ អាចប្រើប្រាស់ចិញ្ចើមផ្លូវត្រឹម ១ ភាគ ៣ ជាលក្ខណៈបណ្ដោះអាសន្ន ហើយ ២ភាគ៣ សម្រាប់ថ្មើរជើង និងចរាចរណ៍។ រាល់ការប្រើប្រាស់ចិញ្ចើមផ្លូវជាទីតាំងផ្ញើកង់ម៉ូតូ មិនត្រូវលើសពី ១ ភាគ ៣ នៃចិញ្ចើមផ្លូវឡើយ។
ប៉ុន្តែសេចក្ដីជូនដំណឹងនេះបញ្ជាក់ថា ចិញ្ចើមផ្លូវនៅតែអាចយកទៅប្រើប្រាស់បានសម្រាប់បម្រើសកម្មភាពមួយចំនួនដូចជា ការធ្វើចរាចរណ៍ដោយថ្មើរជើង ធ្វើសកម្មភាពវប្បធម៌ កីឡា ការតាំងពិព័រណ៍ និងពិធីបុណ្យផ្សេងទៀត នៅលើដងផ្លូវ ប៉ុន្តែត្រូវមានការអនុញ្ញាតពីអាជ្ញាធរទៅតាមកម្រិតនៃពិធី និងភាពចាំបាច់។
គួររំលឹកថា ចាប់ពីថ្ងៃទី ១ ខែកក្កដាខាងមុខ អាជ្ញាធររាជធានីភ្នំពេញក៏បញ្ឈប់ការអនុញ្ញាតឱ្យមានការរៀបចំរោងការ និងរោងបុណ្យនៅតាមចិញ្ចើមផ្លូវ និងទ្រូងផ្លូវទៀតឡើយ ដោយតម្រូវឱ្យពលរដ្ឋត្រូវទៅស្វែងរកទីតាំងសមស្របណាមួយ ដូចជានៅក្នុងវត្តអារាម ឬរកទីតាំងឯកជន៕