ភ្នំពេញ ៖ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ចេញសេចក្តីថ្លែងការណ៍ ប្រកាសច្រានចោល និងបដិសេធព័ត៌មានយ៉ាង ម៉ឺងម៉ាត់បំផុតដោយចាត់ទុកការផ្សាយរបស់វិទ្យុអាស៊ីសេរី នៅយប់ថ្ងៃទី៣១ ខែមករា ឆ្នាំ ២០១៩ ជាព័ត៌មានមិនពិតមានលក្ខណៈបំភ័ន្ត និងបំពុលសាធារណៈមតិ អំពី ” ផែនការ របស់រាជរដ្ឋាភិបាលគ្រោងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ កែប្រែពីរាជានិយមទៅរបប សាធារណរដ្ឋ”។
អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស បានចេញសេចក្តីថ្លែងការណ៍បំភ្លឺ ជូនសាធារណមតិ ជាតិ និងអន្តរជាតិ ថា « មាត្រា ១៥៥ ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ចែងថា «ការសើរើ ឬវិសោធនកម្មរដ្ឋធម្មនុញ្ញ មិនអាចធ្វើបានឡើយ កាលបើប៉ះពាល់ដល់ប្រព័ន្ធ ប្រជាធិបតេយ្យ សេរីពហុបក្ស និងរបបរាជានិយមអាស្រ័យដោយរដ្ឋធម្មនុញ្ញ»។ ម្យ៉ាងវិញទៀត មាត្រា ១៣៦ ថ្មីនៃរដ្ឋធម្មនុញ្ញ ក៏បានកំណត់អំពីបេសកកម្មរបស់ក្រុមប្រឹក្សា ធម្មនុញ្ញដែលចែងថា «ក្រុមប្រឹក្សាធម្មនុញ្ញ មានសមត្ថកិច្ចធានាការពារការគោរពរដ្ឋធម្មនុញ្ញ បកស្រាយរដ្ឋធម្មនុញ្ញ និងច្បាប់ដែលរដ្ឋសភាបានអនុម័ត និងព្រឹទ្ធសភាបានពិនិត្យចប់សព្វ គ្រប់ហើយ»។
សេចក្តីប្រកាសនៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៩ នេះ បញ្ជាក់ទៀតថា រដ្ឋាភិបាលកម្ពុជាដឹកនាំ ដោយ គណបក្សប្រជាជនកម្ពុជា ពិតជាបានដើរតួនាទីស្នូល និងជាឆ្អឹងខ្នង ដ៏រឹងមាំបំផុត នៅ ក្នុងដំណើរការនៃការនាំមកវិញនូវ របបរាជានិយមអាស្រ័យដោយរដ្ឋធម្មនុញ្ញទី២នេះ ហើយ ជានិច្ចកាល ក៏ជាអ្នកការពារដាច់ខាតនូវរបបនេះដែរ ដែលប្រវត្តិសាស្ត្រក្នុងយុគសម័យនេះ បានទទួលស្គាល់ និងមិនអាចបដិសេធបានឡើយ។
តាមរយៈសេចក្តីប្រកាសចំនួន២ទំព័រ បានលើកឡើងនូវពាក្យសច្ចា របស់សម្តេចនាយករដ្ឋ មន្ត្រី ហ៊ុន សែន នៅចំពោះ ព្រះសពរបស់ព្រះបរមរតនកោដ្ឋនរោត្តម សីហនុ កាលពីឆ្នាំ ២០១២ ថា « ចំពោះសម្តេចឪ ទូលបង្គំនឹងការពារព្រះរាជបល្ល័ង្ក ការពាររាជានិយម ការ ពារសម្តេចម៉ែ ការពារព្រះមហាក្សត្រ។ សូមព្រះអង្គកុំព្រួយព្រះទ័យ។ ទូលបង្គំសច្ចាចំពោះ ព្រះវិញ្ញាណក្ខ័ន្ធព្រះអង្គ សូមព្រះអង្គកុំបារម្ភ សូមព្រះអង្គយាងទៅកាន់សុគតិភព។ ទូល បង្គំនឹងការពារ» ហើយ។
សម្តេច ហ៊ុន សែន ធ្លាប់បានគូសបញ្ជាក់ នូវការប្តេជ្ញាចិត្ត កាលពីព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧ នៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ ថា «ត្រកូលហ៊ុន មិនមែនយកប្រទេសនេះ ធ្វើ ជាប្រទេសផ្តាច់មុខរបស់ខ្លួនទេ។ តែត្រកូលហ៊ុន សុំធានាការពារនូវសន្តិភាព សម្រាប់ ប្រទេសនេះ ការពារនូវរាជបល្ល័ង្ក ការពាររបបរាជានិយមអាស្រ័យធម្មនុញ្ញ ការពារនូវ ព្រះមហាក្សត្រ ការពារនូវរដ្ឋធម្មនុញ្ញ ការពារអ្វីៗដែលជាសមិទ្ធផលសង្គមជាតិ»។
តាមសេចក្តីថ្លែងការណ៍នេះ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស ក៏បានអំពាវនាវឲ្យ សាធារណមតិជាតិ និងអន្តរជាតិ កុំជឿឲ្យសោះ នូវការផ្សាយព័ត៌មានក្លែងក្លាយ ដែល មានបំណងបំភ័ន្ត មួលបង្កាច់ និងបំពុលសាធារណមតិ បង្កចលាចល បំបែកបំបាក់ធ្លុង សាមគ្គីជាតិ និងបំផ្លាញសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរបស់កម្ពុជា។ អង្គភាព ព័ត៌មាន និងប្រតិកម្មរហ័ស បញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ប្រកាន់ជំហរដាច់ខាត និងឥតងាករេ ទោះបីក្នុងតម្លៃណាក៏ដោយ ការពាររបបរាជានិយម អាស្រ័យដោយ រដ្ឋធម្មនុញ្ញ ព្រះរាជបល្ល័ង្ក និងបាវចនាជាតិ សាសនា ព្រះមហាក្សត្រ ឲ្យបានគង់វង្ស៕