វៀតណាម៖ ប្រទេសវៀតណាមចាប់ ផ្ដើមដំឡើងនាវាចម្បាំងដែនសមុទ្របំពាកកាំជ្រួច រយៈចម្ងាយប្រមាណ១៣០គ.ម ដើម្បីពង្រឹងសន្តិសុខដែនសមុទ្ររបស់ខ្លួនឆ្លើយតបមហិច្ឆតារបស់ប្រទេសជិតខាង ក្នុងនោះក៏មានករណីជម្លោះដែនសមុទ្រចិនភាគខាងត្បូងដែលនៅក្តៅគគុកនោះផងដែរ ។
ប្រព័ន្ធ Channel News Asia បានរាយការណ៍ថា នាវាការពារដែនសមុទ្របំពាក់កាំជ្រួចដែលអ្នកឯកទេសបានដំឡើងនោះគឺយកគំរូពីប្រទេសរុស្ស៊ីដែលជាប្រទេសឋិតក្នុងលំដាប់មហាអំណាចនៃគ្រឿងសព្វាវុធ ។នាវានីមួយៗត្រូវបានបំពាក់កាំជ្រួចពីរដើមដែលអាចបាញ់ចំគោលដៅរហូតដល់ចម្ងាយ១៣០គីឡូម៉ែត្រ ។
លោក ទ្រឿង គួងខាន់ អនុរដ្ឋមន្ដ្រីក្រសួងការពារជាតិវៀតណាម បាននិយាយថា នាវាដែលបំពាក់ដោយកាំជ្រួចនេះ នឹងបង្ហាញថា ប្រទេសវៀតណាមមានសមត្ថភាព និងលទ្ធភាពពេញលេញក្នុងការការពារដែនអធិបតេយ្យរបស់ខ្លួន ។
គួរកត់សម្គាល់ថា ការពង្រឹងការការពារដែនអធិបតេយ្យរបស់វៀតណាម និងការចុះកិច្ចព្រមព្រៀងសាមគ្គីភាពវិស័យយោធាជាមួយប្រទេសហ្វីលីពីន និងអាមេរិកកាលពីថ្ងៃចន្ទសប្តាហ៍នេះ ត្រូវគេមើលឃើញថាបានកើតឡើងក្រោយពេលប្រទេសនេះមានជម្លោះដែនសមុទ្រចិនភាគខាងត្បូង នៃប្រជុំកោះស្ត្រាតលី ជាមួយមហាអំណាចចិន ដែលវៀតណាមនៅតែអះអាងថា ជាដែនសមុទ្ររបស់ខ្លួន ៕ ខេមរិន្ទ
នាវាបំពាក់ដោយកាំជ្រួចរបស់វៀតណាម (រូបថត៖ កាសែតយុវជនវៀតណាម)