លិចនាវាទេសចរណ៍ផ្ទុកមនុស្សជាង៤០០នាក់នៅចិនមានសង្ឃឹមអ្នកនៅរស់តិចតួច
ចិន៖ ជនរងគ្រោះក្នុងឧប្បត្តិហេតុលិចនាវាដឹកអ្នកទេសចរណ៍នៅក្នុងទន្លេ Yangtze ត្រូវក្រុមអ្នកសង្គ្រោះរាវរកឃើញសព ៨២ នាក់ ក្នុងចំណោមអ្នកដំណើរជាង៤០០នាក់ កាលពីម្សិលម៉ិញនេះ។
តាមរបាយការណ៍បានឲ្យដឹងថា កប៉ាល់ដែលលិចនោះមានផ្ទុកអ្នកដំណើរសរុប៤៥៨នាក់ ក្នុងនោះមានអ្នកទេសចរណ៍៤០៦នាក់ ភាគច្រើនជាមនុស្សចាស់មានអាយុពី៥០ដល់៨០ឆ្នាំ ក្រៅពីនេះមានសហនាវិក៤៧នាក់ និងបុគ្គលិកផ្នែកទីភ្នាក់ងារទេសចរណ៍៥នាក់។
អ្នកនាំពាក្យក្រសួងដឹកជញ្ជូនចិន លោក Xu Chengguang បានថ្លែងក្នុងសន្និសីទកាសែតកាលពីថ្ងៃទី០៤ ខែមិថុនាថា ស្ថានការណ៍រុករកជនរងគ្រោះកំពុងថិតក្នុងដំណាក់កាលមួយដែលគេរំពឹងថា គ្មាននរណាម្នាក់អាចនៅរស់រានមានជីវិតទៀតទេ ដូច្នេះ យើងសម្រេចថា នឹងចាប់ផ្តើមស្រង់នាវានេះទាំងមូល៕