ភ្នំពេញ ៖ តាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល ដែលបានចេញផ្សាយនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានឲ្យដឹងថា ក្នុងប្រទេសកម្ពុជា មានត្រីក្រពតចំនួន ១០ប្រភេទ ក្នុងនោះ មាន ៣ប្រភេទមានជាតិពុល, តាមការស្រាវជ្រាវ បានរកឃើញថា ត្រីក្រពតដែលមាន ជាតិពុលនោះ រួមមាន៖ Tetraodon cochinchinensis, Monotrete leiurus និង Tetraodon fluviatilis ត្រីក្រពតទាំងនេះ ពេលជ្រាបទៅប៉ះពាល់ប្រព័ន្ធ សរសៃប្រសាទ កណ្តាល និងអាចបណ្តាលឲ្យស្លាប់បាន។ ខណៈខែកុម្ភៈ និងខែមីនា និងចន្លោះខែកក្កដា ទៅខែកញ្ញា ជាពេលដែលត្រីក្រពត មានជាតិពុលខ្ពស់បំផុត។
ត្រីក្រពតដែលមានសារធាតុពុលទាំង៣ប្រភេទខាងលើនេះ មានជាតិពុលខ្ពស់បំផុតនៅ រដូវ ពងកូនបន្តពូជ ដែលជាធម្មតាកើតឡើងនៅក្នុងខែកុម្ភៈ មីនា និងចន្លោះខែកក្កដា ទៅ ខែ កញ្ញា។ចំពោះជាតិពុលនៅក្នុង ខ្លួនត្រី ក៏មានកម្រិតខុសគ្នាដែរ គឺពង និងស្ពែម របស់វា មានជាតិពុលខ្ពស់ជាងគេ បន្ទាប់មក គឺថ្លើម ពោះវៀន ស្បែក និងសាច់។
សម្រាប់រោគសញ្ញាចាប់ផ្តើមក្នុងរយៈពេល ២០នាទី ទៅ២ម៉ោង បន្ទាប់ពីបានបរិភោគ ត្រី បែបនេះ រោគសញ្ញា រួមមាន រមាស់ចាក់ៗ នៅបបូរមាត់ និងមាត់ បន្ទាប់មកមានអាការៈ ឈឺក្បាលវិលមុខ រមាស់ចាក់ៗនៅចុងអវៈយវៈ មានការពិបាកនិយាយ បាត់លំនឹងដងខ្លួន ខ្សោយ សាច់ដុំ ខ្វិន ស្ពឹកចុងដៃចុងជើង ក្អួត រាក ល្ហិតល្ហៃ រឹងថ្គាម ឬអាចបណ្តាល ឲ្យស្លាប់តែម្តង។
ទន្ទឹមនឹងនោះ រដ្ឋមន្ត្រីក្រសួងសុខាភិបាលឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង ក៏បាន ណែនាំ និងអំពាវនាវដល់សាធារណជនទាំងអស់ ឲ្យមានការប្រុងប្រយ័ត្ន និងចូលរួមអនុវ ត្តវិធានការបង្ការការពុលចំណីអាហារ ពិសេសការរួមគ្នាអនុវត្តឲ្យបានខ្ជាប់ ខ្ជួននូវ អនាម័យ ចំណីអាហារល្អ គ្រប់ៗគ្នា ចាប់តាំងពីអ្នកបរិភោគរហូត ដល់អ្នកបម្រើអាហារ ដើរ តួនាទី សំខាន់ ក្នុងការលើកកម្ពស់ សុវត្ថិភាពចំណីអាហារ ចាប់តាំងពីការរៀបចំ ចំណីអាហារ របៀប ទុកដាក់ និងពេលចម្អិនអាហារ។ ដើម្បី ជៀស វាងបាន នូវបញ្ហាសុខភាព ដែល អាចធ្វើ ឲ្យបាត់បង់ជីវិតបាន និងដើម្បីចៀសផុតពីការពុលត្រីក្រពតដូចករណីខាងលើ សូមបង ប្អូនប្រជាពលរដ្ឋ សូមកុំបរិភោគត្រីក្រពតដែលមានជាតិពុល ដោយសារវាមាន ជាតិពុលនៅក្នុងខ្លួនវា ដែលអាចបណ្តាលឲ្យស្លាប់បាន។ ជាតិពុលនៅក្នុងខ្លួនត្រីក្រពតនេះ មិនអាចកំចាត់ចោលបានទេទោះបីជាបានចំអិនឬដាក់ឲ្យកកក៏ដោយ៕