ខេត្តក្រចេះ៖ រថយន្ដយីឌុបមួយគ្រឿង ផ្ទុកឈើពេញរបស់ដង្ខៅឈើ ឆាយ ជ្រាយ ដ៏មហិមាត្រូវបានកម្លាំងចម្រុះចុះបង្ក្រាបនៅចំណុចផែ កំពង់គរ-ឆ្លូង ស្ថិតក្នុងភូមិកំពង់គ ឃុំកំពង់គរ ស្រុកព្រែកប្រសព្វ កាលពីម៉ោង ២រំលងអាធ្រាត្រ ឈានចូលថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៥។
មន្ត្រីមួយរូបបានប្រាប់ថា ប្រតិបត្តិការណ៏នេះ ដឹកនាំដោយលោក ធុច បញ្ចសន្តិភាព ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តក្រចេះ បានធ្វើឡើងបន្ទាប់ពីសង្ស័យថា រថយន្ដខាងលើនេះ ដឹកជញ្ជូនឈើដោយគ្មានច្បាប់អនុញ្ញាត ឆ្លងកាត់កំពងុដរខាងលើ ដែលថៅកែដរនេះ មានឈ្មោះ ម៉ាត់ ហ៊ីម មានតួនាទីជាមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងស្រុកឆ្លូង និងជាថៅកែដរដុះស្លែយូរឆ្នាំមកហើយ ហើយគេដឹងថា ថៅកែដររូបនេះបានឃុបឃិតជាមួយឈ្មួញច្រើននាក់ចម្លងរថយន្តដឹកឈើខុសច្បាប់ស្ទើរតែរាល់យប់។
សមត្ថកិច្ចបានបង្ហើបថា ដង្ខៅឈើ ឆាយ ជ្រាយ ដែលមានងាជាឧកញ៉ាគឺជាឈ្មួញរកស៊ីឈើល្មើសច្បាប់ក្នុងទ្រង់ទ្រាយធំ នៅតំបន់ព្រំប្រទល់ខេត្ដ កំពង់ធំ ខេត្ដក្រចេះ និងខេត្ដកំពង់ចាម យ៉ាងល្បីល្បាញគ្មានអ្នកណាដែលថាមិនស្គាល់ឈ្មួញឈើឈ្មោះ ឆាយ ជ្រាយ នោះឡើយ ។
ប្រភពបន្តថា បើទោះជារថយន្ដដឹកឈើមួយគ្រឿងនិងមនុស្ស៧នាក់ ត្រូវបានសមត្ថកិច្ចបង្ក្រាបក៏ដោយ ក៏នៅមានរថយន្ដយឺឌុបចំនួន ៣គ្រឿង កំពុងលាក់ខ្លួននៅក្នុងព្រៃមិនឆ្ងាយពីទីនេះផ្សេងទៀត។
ពាក់ព័ន្ធនឹងករណីបង្ក្រាបរថយន្ដ ដឹក ឈើខុសច្បាប់នេះ នៅព្រឹកថ្ងៃទី០៤ ខែ មិថុនា ឆ្នាំ២០១៥ ឧកញ៉ា ឆាយ ជ្រាយ បានប្រាប់តាមទូរស័ព្ទថា “ខ្ញុំដឹង ហើយថាមានសមត្ថកិច្ចបានចាប់ឡាន ដឹកឈើនោះ ប៉ុន្ដែជាប្រភេទឈើក្រហម ហើយកូនចៅខ្ញុំទេ ដែលជាអ្នករកស៊ី”។ លោកឧកញ៉ាបន្ដថា យើងកុំទាន់ធ្វើការ ផ្សព្វផ្សាយឱ្យបែកធ្លាយទៅណា ពីព្រោះ កូនចៅរបស់ខ្ញុំ កំពុងតែចូលទៅនិយាយ ជាមួយខាងព្រះរាជអាជ្ញាហើយ។
សមត្ថកិច្ចបានបង្ហើបថា ឧកញ៉ាឆាយ ជ្រាយ គឺជាកំពូលអ្នករកស៊ីដឹកឈើ លោតឆត្រ និងបោកប្រាស់ ភូត កុហក់ សមត្ថកិច្ចនិងជំនាញ១០០ជំពូក។ ដូច្នេះការបង្ក្រាបឈើរបស់ឧកញ៉ា ឆាយ ជ្រាយ នាពេលនេះ មិនមែនជាសកម្មភាព ល្មើសច្បាប់ជាលើកទី១នោះទេ ឧកញ៉ា ឆាយ ជ្រាយ នៅតែមិនរៀងចាលក្នងការបទល្មើសដឹកជញ្ជូនឈើល្មើសច្បាប់រហូត ដល់សមត្ថកិច្ចឱ្យឈ្មោះថា ឧកញ៉ាកំពូល ល្បិច ដឹកឈើលោតឆត្រ និងមិនបោះបង់ បទល្មើសនេះ បណ្ដាលឱ្យឈ្មោះរបស់ គាត់មិនថ្លៃថ្នូរ និងធ្វើឱ្យប៉ះពាល់ដល់ កិត្ដិយស សេចក្ដីថ្លៃថ្នូរ របស់ឧកញ៉ា មួយចំនួនទៀត ដែលបានជួយកសាងក្នុងសង្គមជាតិនោះដោយភាពស្មោះត្រង់៕