ភ្នំពេញ៖ លោកឧកញ៉ា ឆាយ ជ្រាយ; មេបញ្ជាការសឹករងស្រុកតំបែរ និងអធិការរងនគរបាលស្រុកតំបែរ រួមទាំងមន្ត្រីមួយចំនួនទៀត ត្រូវប្រជាពលរដ្ឋមកពីស្រុកចំនួនបួនក្នុងខេត្តក្រចេះ និងខេត្តត្បូងឃ្មុំ ដាក់បណ្តឹងនៅរដ្ឋសភាជាតិពីបទកាប់បំផ្លាញព្រៃឈើធម្មជាតិអស់ជាង៥ពាន់ហិកតា យកទាំងឈើលក់ និងយកទាំងដីធ្វើជាកម្មសិទ្ធិទៀតផង។
ប្រជាពលរដ្ឋរស់នៅឃុំសេដារ គោកស្រុក ត្រពាំងព្រីង និងឃុំតំបែរ ស្រុកតំបែរ ស្រុកពញាក្រែក និងស្រុកមេមត់ កាលពីរសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៥ នេះ បាននាំគ្នាឡើងមកតវ៉ាដល់មុខមន្ទីររដ្ឋសភាជាតិ និងបានដាក់បណ្តឹងចំពោះលោកឧកញ៉ា ឆាយ ជ្រាយ, មេបញ្ជាការសឹករងស្រុកតំបែរ និងអធិការរងនគរបាលស្រុកតំបែរ រួមទាំងមន្ត្រីមួយចំនួន ទៀត ថាបានឃុបឃិតគ្នាកាប់បំផ្លាញព្រៃឈើ ដែលជាសម្បត្តិសាធារ ណៈរបស់រដ្ឋ ជាង៥ពាន់ហិកតា តាមរយៈប្រព្រឹត្តបទល្មើសឧក្រិដ្ឋព្រៃឈើ និងកាប់រានឈូសឆាយដីព្រៃឈើដ៏មានតម្លៃយកដីមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។
នៅមុខមន្ទីររដ្ឋសភា បងប្អូនប្រជាពលរដ្ឋបានប្រាប់ មេគង្គប៉ុសិ៍្ត ថា ការមកដាក់ពាក្យបណ្តឹងនៅទីនេះ គឺបន្ទាប់ពីពួកគាត់បានដាក់ពាក្យបណ្តឹងពីលោកឧកញ៉ា ឆាយ ជ្រាយ និងមន្ត្រីយោធា នគរបាល មួយចំនួន ទៅតុលាការខេត្តកំពង់ចាម កាលពីពេលថ្មីៗនេះ មិនទទួលបានដំណោះ ស្រាយអ្វីទេ ទើបបានជាពួកគាត់នាំគ្នាឡើងមកស្វែងរកអន្តរាគមន៍ពីរដ្ឋសភា ដើម្បីជួយរកដំណោះស្រាយឲ្យពួកគាត់ បើមិនដូច្នេះទេ ព្រៃឈើដ៏មានតម្លៃ និងដីព្រៃធម្មជាតិរាប់ម៉ឺនហិកតា ក្នុងខេត្ត៣ដែលមានព្រំប្រទល់ជាប់គ្នា គឺកំពង់ចាម ក្រចេះ ត្បូងឃ្មុំ នឹងក្លាយជាសម្បត្តិរបស់ជនប៉ុន្មាននាក់ដូចបានរៀបរាប់ខាងលើជាមិនខានឡើយ។
បណ្តឹងដែលបានដាក់ជូនគណៈកម្មការទី១នៃរដ្ឋសភា (គណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា) បានប្តឹងឈ្មោះ ឧកញ៉ា ឆាយ ជ្រាយ ពីបទកាប់រានឈូសឆាយដីព្រៃ ទ្រព្យសម្បត្តិសាធារណៈ ប្រមាណ ៤០០ហិកតា។
លោក លី ភាព មេបញ្ជាការសឹករងស្រុកតំបែរ, លោកផេង ប៉េងគី អធិការរងនគរបាលស្រុកតំបែរ, ឈ្មោះ ជីវិន (ឋានៈឯកឧត្តម) ពីបទកាប់រានឈូសឆាយដីព្រៃ ទ្រព្យសម្បត្តិសាធារណៈ ប្រមាណ ២៧៦ហិកតា។ លោក ឃុត ភ័ណ្ឌ ពីបទកាប់រានឈូសឆាយដីព្រៃ ទ្រព្យសម្បត្តិសាធារណៈប្រមាណ ៦០ហិកតា និងមួយចំនួនទៀត ដែលរួមគ្នាធ្វើឲ្យបាត់បង់តំបន់ព្រៃឈើ ជាទ្រព្យសម្បត្តិសាធារណៈ របស់រដ្ឋ អស់ទំហំ ៥.៥១៧,២៤ហិកតា តាមរយៈប្រព្រឹត្តបទល្មើសឧក្រិដ្ឋព្រៃឈើ កាប់រានឈូសឆាយដីព្រៃ យកដីមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។
ប្រភពបន្តថា មូលហេតុដែលឈានដល់ការដាក់បណ្តឹងនេះ ព្រោះទីតាំងដែលត្រូវពួកគេកាប់បំផ្លាញ និងទន្ទ្រានកាន់កាប់នោះ គឺជាតំបន់ព្រៃសហគមន៏ សឥ្ថិតក្នុងឃុំត្រពាំងព្រីង ឃុំសេដារ ឃុំគោកស្រុក និងឃុំតំបែរ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ សរុបប្រមាណជា៥.៥១៧,២៤ ហិកតា ជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ។
ប្រជាពលរដ្ឋ បានបន្តថា ដោយសារពួកគាត់ បានជួបគ្នាជាច្រើនលើករួចមកហើយ ពីការបាត់បង់ដីព្រៃទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ពីសំណាក់ក្រុមឈ្មួញ ឃុបឃិតជាមួយអ្នកមានអំណាច តាំងពីឆ្នាំ២០០៨ រហូតមកដល់បច្ចុប្បន្ន តំបន់ព្រៃទាំង ៥.៥១៧,២៤ ហិកតា ត្រូវបានកាប់បំផ្លាញទាំងស្រុង។
លោកឩកញ៉ា ឆាយ ជ្រាយ និងមន្ត្រីមួយចំនួនដែលមានឈ្មោះក្នុងបណ្តឹងរបស់ប្រជាពលរដ្ឋមិនអាចសុំការឆ្លើយតបបានទេ កាលពីព្រឹកម៉ិញនេះ៕ ខេមរិន្ទ