រាជរដ្ឋាភិបាលប្រកាសធ្វើកំណែទម្រង់សេដ្ឋកិច្ចស្របតាមមតិរបស់សេដ្ឋវិទូ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 March, 2019 ក+ ក-

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជានឹងប្រកាសចេញនូវកំណែទម្រង់សេដ្ឋកិច្ចដែលមានចក្ខុវិស័យយូរអង្វែង ដើម្បីឈានឆ្ពោះទៅរកដង្ហើមដកចេញចូល និងរស់ដោយខ្លួនឯង ដោយគ្មានការកៀបសង្កត់ពីបរទេស។ កំណែ ទម្រង់ នេះនឹ ងមិនរងផលប៉ះពាល់ដោយកត្តាខាងក្រៅនោះទេ។ ប៉ុន្តែនឹងផ្តល់នូវភាពអនុគ្រោះ និងផលប្រយោជន៍កាន់តែច្រើន ដើម្បីលើកទឹកចិត្តដល់វិស័យឯកជន ដែលជាឱកាសដ៏ល្អ សម្រាប់វិនិយោគគិន និងពាណិជ្ជករទាំងក្នុងស្រុក និងមកពីបរទេស ។

នេះបើយោងតាមគេហទំព័រហ្វេសប៊ុកផ្លូវការ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាណាចក្រកម្ពុជា ។

តាមប្រភពដដែលថា កន្លងទៅនេះ រាជរដ្ឋាភិបាលកម្ពុជាបានធ្វើកំណែទម្រង់ជាបណ្តើរៗមួយចំនួនហើយ ដើម្បីសម្រួលអោយការនាំទំនិញចូលមកកម្ពុជាមានល្បឿនលឿន មិនចំណាយលើតុ ក្រោមតុច្រើន ដូចជាការរំលាយចោលអង្គភាពកាំសាប, ដកចេញកាំកុងត្រូល, និងមិនចាំបាច់តម្រូវអោយស្កែន (Scan) ទំនិញនាំចូល ។ ប៉ុន្តែក្នុងករណីដែលយើងសង្ស័យថាមានគ្រឿងញៀន គឺអាចស្កែនបាន ប៉ុន្តែត្រូវធ្វើអោយបានលឿន និងឆាប់រហ័សបំផុត ដើម្បីកុំអោយខកពេលវេលា និងខាតបង់ប្រាក់កាសក្រុមហ៊ុនច្រើន ។ ចំពោះការនាំចេញវិញ បើស្កែន គឺធ្វើចំពោះប្រទេសណាដែលគេតម្រូវអោយស្កែនតែប៉ុណ្ណោះ ។

ការប្រកាសធ្វើកំណែទម្រង់របស់រដ្ឋាភិបាលបែបនេះ អាចនិយាយបានថា គឺស្របទៅនឹងអ្វីដែលសេដ្ឋវិទូមួយចំនួន បានលើកឡើងនៅពេលកន្លងមក ជាក់ស្ដែង លោក ម៉ី កល្យាណ ទីប្រឹក្សាជាន់ខ្ពស់នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ បានលើកឡើងថា កម្ពុជា គួរតែធ្វើពិពិធកម្មសេដ្ឋកិច្ចយូរហើយ ពីព្រោះកម្ពុជាមិនត្រូវពឹងលើ ដង្ហើមគេតែមួយនោះទេ គឺត្រូវស្វែងរកទីផ្សារថ្មីៗដើម្បីនាំចេញផលិតផលរបស់ខ្លួនទៅកាន់ទីនោះ ។ ទន្ទឹមនឹងនោះដែរ កម្ពុជា ក៏មិនគួរនៅតែពឺងលើវិស័យកាត់ដេរសម្លៀកបំពាក់និងស្បែកជើង ដែលមានតម្លៃទាបៗនោះទេ គួរតែងាកទៅរកការផលិតនូវផលិតផលណាដែលមានតម្លៃខ្ពស់សម្រាប់នាំបានតម្លៃខ្ពស់វិញ ក៏ប៉ុន្តែមានន័យថាលុបបំបាត់វិស័យកាត់ដេរសម្លៀកបំពាក់នោះទេ ។

លោកបន្តថា សេដ្ឋកិច្ចកម្ពុជាបានរីកចម្រើនគួរអោយកត់សម្គាល់ហើយ ក៏ប៉ុន្តែដោយសារតែយើងរីករាយជាមួយនឹងកំណើនសេដ្ឋកិច្ចពេក ទើបយើងមិនបានគិតពីអ្វីដែលនឹងកើតឡើងនៅពេលអនាគត ដូច្នេះចាប់ពីពេលនេះទៅ គឺត្រូវតែធ្វើពិពិធកម្មកែទម្រង់ ដើម្បីរក្សាស្ថេរភាពកំណើនសេដ្ឋកិច្ច អោយនៅតែរឹងមាំដដែល ហើយបើទោះបីជាអឺរ៉ុបដក EBA ក៏កម្ពុជាមិនស្លាប់នោះដែរ ក៏ប៉ុន្តែបើសិនជាកម្ពុជាពឹងតែលើការនាំចេញ ក្រោមប្រព័ន្ធអនុគ្រោះពន្ធ នៅពេលដែលគេព្រមានដកនោះ វានឹងមានបញ្ហាមកលើសេដ្ឋកិច្ចរបស់ខ្លួន ។

លោក លី សូដេត សេដ្ឋវិទូជាន់ខ្ពស់នៃធនាគារពិភពលោកប្រចាំកម្ពុជា ក៏បានធ្លាប់បានលើកឡើងផងដែរថា កម្ពុជាគួរតែងាកទៅផលិតរបស់ណាដែលមានតម្លៃខ្ពស់ ដូចជាគ្រឿងអេឡិចត្រូនិក និងគ្រឿងអគ្គិសនីជាដើម ដើម្បីនាំចេញទៅកាន់ទីផ្សារអន្តរជាតិ និងទទួលបានមកវិញនូវទឹកប្រាក់ច្រើន ជាងការផលិតសម្ភារៈដែលមានតម្លៃទាប ។ ការធ្វើបែបនេះ ក៏ជាការឆ្លើយតបនឹងទៅ កំណើនប្រាក់បៀវត្សរ៍របស់កម្មករ និយោជិត កម្ពុជា ដែលបានកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំផងដែរ ហើយវាក៏នឹងជំរុញកំណើនសេដ្ឋកិច្ចអោយកាន់តែរីកចម្រើន ព្រមទាំងអាចសម្រេចបាននូវផែនការ ដែលរដ្ឋាភិបាលកំណត់ថា នឹងក្លាយជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងប្រទេសមានប្រាក់ចំណូលខ្ពស់ នៅឆ្នាំ ២០៥០ ខាងមុខ ៕