លោកជា ស៊ីម គឺជាអ្នកនយោបាយវ័យចំណាស់លេចធ្លោមួយរូបនៅក្នុងប្រទេសកម្ពុជា ។ សម្តេចទទួលបានការគោរពស្រលាញ់ពីប្រជាពលរដ្ឋជាតិទូទៅ ពីថ្នាក់ដឹកនាំជាតិ និងអន្ដរជាតិនៅក្នុងប្រទេសកម្ពុជានិងលើពិភពលោកផងដែរ ។លោកបានក្លាយជាប្រធានរដ្ឋសភាចាប់តាំងពីឆ្នាំ ១៩៨១ ដល់ ១៩៩៨ ហើយបានក្លាយជាប្រធានព្រឹទ្ធសភាមួយឆ្នាំបន្ទាប់ គឺចាប់តាំងពីឆ្នាំ ១៩៩៩ រហូតមកដល់ឆ្នាំ២០១៥នេះ ។ ក៏ប៉ុន្ដែដោយសារតែមានបញ្ញាសុខភាពនៅរយៈពេលចុងក្រោយនេះសម្តេច ជា ស៊ីម តែងតែអវត្ដមានពីការងារ ដោយប្រគល់ភារកិច្ចទៅអនុប្រធានព្រឹទ្ធសភា លោក សាយ ឈុំ ជំនួសវិញ ។
លោក ជា ស៊ីម បានកើតចេញពីត្រកូលកូនកសិករក្នុងស្រុករមាសហែក ខេត្តស្វាយរៀង នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ១៩៣២ ។ ឪពុករបស់លោកមានឈ្មោះ ជា សៅ ហើយម្ដាយឈ្មោះ ប៉ែន ណាវ ដែលពួកគាត់ប្រកបរបរធ្វើស្រែចម្ការ ។ លោក ជា ស៊ីម ជា កូនទីបីក្នុងគ្រួសារដែលមានកូនប្រុសបួននាក់ និងកូនស្រីម្នាក់ ។ កូនបងគេបង្អស់ជាកូនប្រុសមានឈ្មោះ ជា សន កូនទីពីរ ជា នូ ជាកូនស្រី កូនទីបីគឺលោក ជា ស៊ីម កូនទីបួន ឈ្មោះ ជា ផន ជាកូនប្រុស និង កូនប្រុសពៅឈ្មោះ ជា ផុន ។
កាលពីកុមារភាព ដោយសារតែស្រលាញ់វប្បធម៌ខ្មែរ និងព្រះពុទ្ធសាសនាលោក ជា ស៊ីម បានទៅបួសធ្វើជាសាមនេរ ដើម្បីទទួលបានការសិក្សាអប់រំនៅក្នុងវត្ដអារាម ។ លោកបានបញ្ចប់កម្រិតសិក្សាមធ្យមទូទៅពីពុទ្ធិកមធ្យមសិក្សា និងសាលានយោបាយជាន់ខ្ពស់ បណ្ឌិតកិត្តិយសខាងទស្សនៈវិជ្ជា ។
នៅចន្លោះឆ្នាំ ១៩៥១ ដល់ ១៩៥៤ លោក ជា ស៊ីម បានចូលរួមក្នុងចលនាបដិវត្ដន៍របស់ខ្មែរឥស្សរដើម្បីជួយស្វែងរក ឯករាជ្យសម្រាប់ប្រទេសកម្ពុជា ។
នៅក្នុងឆ្នាំ ១៩៥៥ លោកបានរៀបការជាមួយស្ដ្រីម្នាក់ ឈ្មោះ ញែម សឿន ។ ពួកគេទាំងពីររស់នៅជាមួយគ្នាដោយបានបង្កើតបានកូន៧នាក់ កូនប្រុស៤នាក់ និងកូនស្រី៣នាក់ ។ កូនច្បងរបស់គាត់ឈ្មោះ ជា សាក ភេទប្រុស កូនទីពីរ ឈ្មោះ ជា សំអាត ភេទស្រី កូនទីបី ឈ្មោះ ជា សំអេង ភេទស្រី កូនទីបួនឈ្មោះ ជា ប៉ិន ភេទស្រី កូនទីប្រាំឈ្មោះ ជា ធា ភេទប្រុស កូនទីប្រាំមួយឈ្មោះ ជា ថា ភេទប្រុស និងកូនទីប្រាំពីរឈ្មោះ ជា សុមាធី ភេទប្រុស ។
ចាប់ពីឆ្នាំ ១៩៥៤ ដល់ ឆ្នាំ១៩៧៥ លោក ជា ស៊ីម បានចូលរួមក្នុងចលនាតស៊ូខ្មែរឥស្សរៈ ហើយត្រូវបានតែងតាំងជាមេឃុំ និងចៅហ្វាយស្រុកជាបន្ដបន្ទាប់ ។
នៅក្នុងរបបប៉ុល ពត ចន្លោះពីឆ្នាំ ១៩៧៥ ដល់ ១៩៧៨ លោកនៅតែតស៊ូប្រឆាំងជាលក្ខណៈសម្ងាត់ និងបើកចំហរទៅនឹងរបបនេះផងដែរ ។
រហូតដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ លោកត្រូវបានតែងតាំងជាអនុប្រធានរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ។ ការតែងតាំងនេះដោយសារតែលោកត្រូវបានគេមើលឃើញពីប្រវត្តិតស៊ូ និងតួនាទីរបស់លោកកាលពីអតីតភាព ។ នៅចន្លោះឆ្នាំ១៩៧៨ និង១៩៧៩ លោកបានបាត់បង់កូនប្រុសច្បងជាទីស្រឡាញ់របស់លោកគឺ លោក ជា សាក់ និងបងប្អូនបង្កើតរបស់លោកគឺ លោក ជា សន លោក ជា ផន និង ជា ផុន។ ពួកគេត្រូវបានគេចាត់ទុកជាវីរៈបុរសរបស់រណសិរ្សសាមគ្គីសង្គ្រោះជាតិ កម្ពុជា ។
បន្ទាប់មក ពីថ្ងៃ៧ ខែមករា ឆ្នាំ ១៩៧៩ ដល់ឆ្នាំ១៩៨១ លោក ជា ស៊ីម ត្រូវបានជ្រើសរើសជាសមាជិកក្រុមប្រឹក្សាប្រជាជាតិបដិវត្តកម្ពុជា និងជារដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ។
ចាប់ពីឆ្នាំ១៩៨១ ដល់ឆ្នាំ១៩៩៣ រយៈពេល១២ឆ្នាំ លោកក៏មានតួនាទីជាប្រធានរណសិរ្សសាមគ្គីកសាងការពារមាតុភូមិកម្ពុជា ជាតំណាងរាស្ដ្រខេត្ដព្រៃវែង និងជាប្រធានរដ្ឋសភានៃរដ្ឋកម្ពុជា ។
ថ្ងៃទី២៥ ខែតុលា ឆ្នាំ១៩៩៣ ដល់ឆ្នាំ១៩៩៩ លោកត្រូវបានជ្រើសរើសជាតំណាងរាស្ដ្រមណ្ឌលភ្នំពេញ និងក្រោយមកត្រូវបានជ្រើសតាំងជាប្រធានរដ្ឋសភានៃព្រះរាជាណាចក្រ កម្ពុជា ។ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៩៣ ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ប្រោសព្រះរាជទាននូវគោរម្យងារជា សម្ដេច ជា ស៊ីម ។
ថ្ងៃទី ១១ ខែមិនា ឆ្នាំ១៩៩៩ ដល់ឆ្នាំ២០១៥ ជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ។
កាលបរិច្ឆេទសំខាន់ៗរបស់លោក ជា ស៊ីម
អតីតភាពការងាររបស់លោក ជា ស៊ីម មុនក្លាយជាសមាជិកព្រឹទ្ធសភា៖
ចន្លោះឆ្នាំ១៩៤៧ ដល់ ១៩៥៤
ចូលរួមក្នុងចលនាតស៊ូខ្មែរឥស្សរៈ
ចន្លោះឆ្នាំ ១៩៥១ ដល់ ១៩៥៤
បម្រើក្នុងចលនាតស៊ូខ្មែរឥស្សរៈ ដើម្បីឯករាជ្យមាតុភូមិកម្ពុជា
ចន្លោះឆ្នាំ ១៩៧០ ដល់ ១៩៧៥
បម្រើក្នុងចលនាតស៊ូស្នេហាជាតិ និងបន្ដបន្ទាប់ជាប្រធានឃុំ ប្រធានស្រុក
ចន្លោះឆ្នាំ ១៩៧៥ ដល់ ១៩៧៨
តស៊ូសម្ងាត់ និងចំហប្រឆាំងរបបប៉ុលពត
ថ្ងៃទី ០២ ខែ ធ្នូ ឆ្នាំ ១៩៧៨
ក្លាយជាអនុប្រធានរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា
ពីឆ្នាំ ១៩៧៩ ដល់ ១៩៨១
ជាសមាជិកក្រុមប្រឹក្សា ប្រជាជនបដិវត្ដន៍កម្ពុជា និង ជារដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ
ពីឆ្នាំ ១៩៨១ ដល់ ១៩៩៣
ជាប្រធានរណសិរ្សសាមគ្គីកសាងការពារមាតុភូមិកម្ពុជា ជាតំណាងរាស្ដ្រខេត្តព្រៃវែង និងជាប្រធានរដ្ឋសភានៃរដ្ឋកម្ពុជា
ថ្ងៃទី១៧ ខែតុលា ឆ្នាំ១៩៩១
ជាប្រធានគណបក្សប្រជាជនកម្ពុជា
ថ្ងៃទី០៥ ខែឧសភា ឆ្នាំ ១៩៩៣
ជាតំណាងរាស្ដ្រមណ្ឌលភ្នំពេញ
ថ្ងៃទី២៥ ខែតុលា ឆ្នាំ១៩៩៣ ដល់ឆ្នាំ១៩៩៩ ជាប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា
នៅថ្ងៃទី០៩ ខែ វិច្ឆិកា ឆ្នាំ១៩៩៣
ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ប្រោសព្រះរាជទាននូវគោរម្យងារជា សម្ដេច
ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ១៩៩៨
ជាតំណាងរាស្ដ្រមណ្ឌលភ្នំពេញម្ដងទៀត
ថ្ងៃទី ០១ ខែ ធ្នូ ឆ្នាំ ១៩៩៨
លាលែងពីសមាជិករដ្ឋសភាមណ្ឌលភ្នំពេញ
ថ្ងៃទី១១ ខែមិនា ឆ្នាំ១៩៩៩ ដល់២០១៥
ជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ។
បទពិសោធន៍សំខាន់ៗជាសមាជិកព្រឹទ្ធសភា៖
ថ្ងៃទី០២ ខែមិនា ឆ្នាំ១៩៩៨
លោក ជា ស៊ីម ទទួលសញ្ញាប័ត្របណ្ឌិតកិត្តិយសទស្សនៈវិជា្ជ ផ្នែកវិទ្យាសាស្ដ្រនយោបាយពី The Southern California University
ថ្ងៃទី១១ ខែមិនា ឆ្នាំ១៩៩៩
លោកត្រូវបានជ្រើសតាំងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី១
ថ្ងៃទី២២ ខែមករា ឆ្នាំ២០០៦ លោកត្រូវបានជ្រើសរើសជាសមាជិកព្រឹទ្ធសភា ភូមិភាគទី១ មណ្ឌលភ្នំពេញ
ថ្ងៃទី ២០ ខែមិនា ឆ្នាំ២០០៦
លោកត្រូវបានជ្រើសតាំងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី២
ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០០៧
ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ប្រោសព្រះរាជទាននូវគោរមងារជាសម្ដេចអគ្គមហាធម្មពោធិសាល ជា ស៊ីម
ថ្ងៃទី២១ ខែតុលា ឆ្នាំ ២០០៩
ព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថនរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ប្រោសព្រះរាជទានតម្លើងឋានន្ដរស័ក្ដិថ្នាក់នាយឧត្ដមសេនីយ៍ផុតលេខ ផ្កាយមាស៥ នៃកងយោធពលខេមរភូមិន្ទ
ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ ២០១០
លោក ជា ស៊ីម បានទទួលសញ្ញាប័ត្របណ្ឌិតកិត្តិយស ផ្នែកស្រាវជ្រាវវិទ្យាសាស្ដ្រវិស័យកសិកម្ម ពីវិទ្យាស្ថានស្រាវជ្រាវវប្បធម៌ពិភពលោកនៃសាធារណរដ្ឋប្រជាមានិតចិន
ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១០
លោក ជា ស៊ីម បានទទួលសញ្ញាប័ត្របណ្ឌិតកិត្តិយស ទស្សនៈវិជ្ជា ផ្នែក ភាពជាអ្នកដឹកនាំជាន់ខ្ពស់កិច្ចការព្រឹទ្ធសភា ពីសាកលវិទ្យាល័យ ឌឹ អូ ផិន សឺមីនែរី នៃរដ្ឋកាលីហ្វរញ៉ា សហរដ្ឋអាមេរិក
គ្រឿងឥស្សរិយយស ដែលលោក ជា ស៊ីម ទទួលបាន៖
ថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ១៩៩២ មុនិសារាភ័ណ្ឌ ថ្នាក់មហាសេរីវឌ្ឍន៍
ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០០១
ព្រះរាជាណាចក្រកម្ពុជាថ្នាក់មហាសេរីវឌ្ឍន៍
ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០០១ សុវត្ថារា ថ្នាក់មហាសេរីវឌ្ឍន៍
ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០០១ ការពារជាតិ ថ្នាក់មាស២ ប្រាក់២ សំរឹទ្ធ២
ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០០១ សេនាជ័យសិទ្ធ
ថ្ងៃទី០៧ ខែមិនា ឆ្នាំ២០០៣ ជាតូបការៈ
ថ្ងៃទី២៨ ខែមិនា ឆ្នាំ២០០៨ ឯករាជ្យជាតិ
ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០០៨
គ្រឿងឥស្សរិយយស មាស ខ្ពស់បំផុតពី ឯកឧត្តម ជុម ម៉ាលី អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឍឹមបក្សប្រជាជនបដិវត្តន៍ឡាវ និងជាប្រធានរដ្ឋសភាប្រធាធិបតេយ្យប្រជាមានិតឡាវ ។ កម្រិតបណ្ដុះបណ្ដាលមុខវិជ្ជាជីវៈ លើវគ្គនយោបាយជាន់ខ្ពស់
ថ្ងៃទី០២ ខែមិនា ឆ្នាំ១៩៩៨
ទទួលបានសញ្ញាប័ត្រថ្នាក់បណ្ឌិតកិត្តិយសផ្នែក ទស្សនៈវិជ្ជា នៅសាកលវិទ្យាល័យកាលីហ្វញ៉ា សហរដ្ឋអាមេរិក
ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០០៧
ទទួលបានសញ្ញាប័ត្រថ្នាក់បណ្ឌិតកិត្តិយស ផ្នែកទស្សនៈវិជ្ជា និងអភិវឌ្ឍន៍ ពីសាកលវិទ្យាល័យប៊ុនរ៉ាតថានី នៃព្រះរាជាណាចក្រថៃឡង់ដ៏
ថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០១០
ទទួលបានសញ្ញាប័ត្រ ថ្នាក់បណ្ឌិតកិត្តិយសផ្នែកទស្សនៈវិជ្ជា និងស្រាវជ្រាវកសិកម្មនៅសាកលវិទ្យាល័យស្រាវជ្រាវវប្បធម៌ពិភពលោកពី សាធារណរដ្ឋចិន
ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១០
ទទួលបានសញ្ញាប័ត្រ ថ្នាក់បណ្ឌិតកិត្តិយស ទស្សនៈវិជ្ជា ផ្នែកភាពជាអ្នកដឹកនាំកិច្ចការព្រឹទ្ធសភា នៅសាកលវិទ្យាល័យ ឌឺអូជិនសឺមីណឺរឺ សហរដ្ឋអាមេរិក ៕