ខេត្តតាកែវ ៖ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលអមព្រះរាជដំណើរ ដោយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ នេះ ស្តេចយាងប្រារព្ធព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័លនៅទីព្រះស្រែ ស្ថិតក្នុងភូមិត្រពាំងអង្គ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ទៅតាម ព្រះរាជបវេណី ដែលជាព្រះរាជពិធីបុណ្យប្រពៃណីមួយមានតាំងពីបរមបុរាណមកដើម្បីជាការប្រកាសឲ្យប្រជាកសិករដឹងថា រដូវវស្សាបានចូលមកដល់ហើយ ការចាប់ផ្តើមការងារធ្វើស្រែចម្ការសម្រាប់ឆ្នាំថ្មីក៏ត្រូវចូលមកដល់ផងដែរ ដោយព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័លនៅខេត្ត តាកែវនាពេលនេះ អភិបាលខេត្តតាកែវ គឺឯកឧត្តម អ៊ូច ភា ត្រូវបានជ្រើសរើសឲ្យធ្វើជាស្តេច មាឃ ចំណែកលោកជំទាវជាភរិយាធ្វើជាមេហួ។
ក្នុងព្រះរាជពិធីនេះ ក្រៅពីការប្រកាសឲ្យប្រជាកសិករដឹងថា រដូវវស្សាបានចូលមក ដល់ ហើយការចាប់ផ្តើមការងារធ្វើស្រែចម្ការសម្រាប់ឆ្នាំថ្មីក៏ត្រូវចូលមកដល់ហើយនោះ ក៏មាន ផងដែរនូវពិធីផ្សងប្រផ្នូលពីភោគផលកសិកម្មសម្រាប់ឆ្នាំខាងមុខ ដោយការផ្សងនេះធ្វើឡើង តាមរយៈការបរិភោគដំណាំដែលជាអាហារចំនួន៧មុខ ដែលដាក់ឲ្យគោឧសភរាជចំនួន ២ ក្បាលទទួលទានរួមមាន ស្រូវ ពោត សណ្តែក ល្ងរ ស្មៅ ទឹក និង ស្រា។
ជាលទ្ធផលនៃការ ផ្សងប្រផ្នូលនេះបានបង្ហាញថា គោឧសភរាជបរិភោគ ស្រូវ ៨៥% ពោត ៩០% និង សណ្តែក ៨៥% មានន័យថាឆ្នាំនេះប្រជាកសិករខ្មែរអាចប្រកបការដាំដុះទទួលបានទិន្នផលខ្ពស់ តែទោះ ជាយ៉ាងណា នេះគឺគ្រាន់តែជាទស្សន៍ទាយទៅតាមការផ្សងប្រផ្នូលតែប៉ុណ្ណោះ។
ចំពោះព្រះរាជពិធីច្រត់ព្រះនង្គ័លនេះ ត្រូវបានចាត់ទុក ជាព្រះរាជបវេណីមួយដ៏សំខាន់ ក្នុងបណ្តាព្រះរាជពិធីបុណ្យទ្វាទសមាសដោយចាត់ទុកថា ជាមង្គលមួយដ៏ប្រសើររបស់ប្រជា រាស្ត្រខ្មែរ ហៅថា វប្បមង្គល ដែលព្រះមហាក្សត្រគ្រប់ព្រះអង្គតែងដឹកនាំប្រជារាស្ត្រប្រារព្ធធ្វើ ពុំដែលខកខានតាំងពីបុរាណកាលមក។
ព្រះរាជពិធីនេះប្រារព្ធឡើង ដើម្បីជាមង្គលឧទ្ទិស ដល់ការធ្វើស្រែចម្ការ អង្វរព្រះភិរុណឲ្យបង្អុរទឹកភ្លៀងបរិបូណ៌តាមរដូវកាល ដើម្បីទទួលបាន ទិន្នផលខ្ពស់របស់ប្រជាកសិករយើង ហើយបើតាមការគ្រោងទុកពិធីបុណ្យច្រត់ព្រះនង្គ័លនៅ ឆ្នាំ២០២០ ខាងមុខនេះគ្រោងនឹងធ្វើឡើងនៅខេត្តកំពត៕