ភ្នំពេញ ៖ បាតុភូតធម្មជាតិក្នុងរយៈពេល៥ខែ ដើមឆ្នាំនេះ រន្ទះបាញ់សម្លាប់មនុស្ស ៤៦នាក់ ហើយខ្យល់កន្ត្រាក់បានបំផ្លាញលំនៅឋានប្រជាពលរដ្ឋជាង ៧ពាន់ខ្នង។ អនុប្រធានទី១ គណៈកម្មាធិកាជាតិគ្រប់គ្រងគ្រោះមហន្តរាយបានបន្តអំពាវនាវឲ្យប្រជាពលរដ្ឋប្រុងប្រយត្ន័ខ្ពស់ចំពោះស្ថានភាពអាកាសធាតុ និងបាតុភូតខ្យល់កន្ត្រាក់ និងបាតុភូតរន្ទះ ដែលអាចកើតមានឡើងនៅពេលមានភ្លៀងធ្លាក់។
លោក បណ្ឌិត ញឹម វណ្ណដា ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកម្មពិសេស និងជាអនុប្រធានទី១ គណៈកម្មាធិកាជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបញ្ជាក់ថា រយៈពេល៥ ខែដើមឆ្នាំ២០១៩ គិតត្រឹមថ្ងៃទី២៧ ខែឩសភាបាតុភូតរន្ទះបាញ់បានឆក់យកអាយុជីវិតមនុស្សចំនួន៤៦នាក់ ប៉ុន្តែចំនួននេះតិចជាងឆ្នាំ ២០១៨ដែលមនុស្សស្លាប់រហូតដល់៦៥នាក់។
បាតុភូតខ្យល់កន្ត្រាក់វិញ បានធ្វើឲ្យរលំផ្ទះសង្កត់មនុស្សស្លាប់ពីរនាក់ និងបណ្តាលឲ្យមានអ្នករងរបួសចំនួន៩៦នាក់។ ទន្ទឹមគ្នានេះ បាតុភូតខ្យល់កន្ត្រាក់ ក៏បានបំផ្លាញលំនៅដ្ឋានប្រជាពលរដ្ឋជាង៧ពាន់ខ្នង ក្នុងនោះខូចខាតខូចខាតទាំងស្រុងមានចំនួន៨៥៦ខ្នង ខូចខាតមធ្យម៦១០២ខ្នង និងខូចខាងអគារសាធារណៈចំនួន៧៣ខ្នង។
ទោះយ៉ាងណាក្តី លោក ទេសរដ្ឋមន្ត្រី ញឹម វណ្ណដា បានបញ្ជាក់ថា ការជួយអន្តរាគមន៏ សង្គ្រោះប្រជាពលរដ្ឋពីអាជ្ញាធរមូលដ្ឋាន បានលឿនរហ័ស និងល្អប្រសើរ ដោយមិនរង់ចាំពីថ្នាក់ជាតិទេ។
លោកទេសរដ្ឋមន្ត្រី បានឲ្យដឹងថា បញ្ហាស្ងួតហួតហែង ការខ្វះខាតទឹកសម្រាប់ដំណាំ និងការប្រើប្រាស់ ត្រូវបានកាត់បន្ថយយ៉ាងខ្លាំង ការធ្លាក់ភ្លៀងកក់ខែ ជាបន្តបន្ទាប់ ប៉ុន្តែអាជ្ញាធរមូលដ្ឋាននៅតែអំពាវនាវឲ្យមានការប្រើប្រាស់ទឹកដោយសន្សំសំចៃ នៅពេលដែលរដូវវស្សានៅមានរយ:ពេលមួយវែងបង្គួរ រួមនិងកំដៅក្តៅនិងរំហូតខ្ពស់ជាពិសេសគឺគ្រោះមហន្តរាយដោយផ្គររន្ទះនិងខ្យល់កន្រ្តាក់កំពុងតែកើតមាន និងបង្កឲ្យមានការខូចខាតលំនៅដ្ឋានប្រជាពលរដ្ឋយ៉ាងច្រើន។
លោកបណ្ឌិត ញឹម វណ្ណដា ទេសរដ្ឋមន្ត្រី បានអំណពាវនាវជូនដល់អាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋគ្រប់លំដាប់យកចិត្តទុក្ខខ្ពស់ បញ្ហាការប្រែប្រូលអាកាសធាតុដែលបណ្តាលមកពីគ្រោះធម្មជាតិ៕