ដោយ ៖ សុត្ថារ៉ា
ភ្នំពេញ ៖ នៅមជ្ឈមណ្ឌលជាតិផ្តល់ឈាម នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ អ្នកស្ម័គ្រចិត្តប្រមាណ ១១០នាក់នៅរាជធានីភ្នំពេញ បានស្ម័គ្រចិត្តបរិច្ចាគឈាមដែលជាសកម្មភាពមួយក្នុងការជួយសង្គ្រោះជីវិត។ អង្គការសុខុមាលភាពពិភពលោក ដែលមានឈ្មោះថា អង្គការមូលនិធិ ឡាវយូ អន្តរជាតិ អគ្គនាយិកា ហ្សាង ហ្គីលចា ហៅកាត់ថា អង្គការវីឡាវយូ បានធ្វើចលនាបរិច្ចាគឈាមទូទាំងពិភពលោក ចាប់តាំងពីថ្ងៃទី១៤ ខែមិថុនា។ សមាជិក អង្គការ វី ឡាវយូ និងក្រុមគ្រួសារ មិត្តភក្តិ និងអ្នកជិតខាងមានសេចក្តីរីករាយដែលបានចូលរួមជាមួយពួកគេ ដើម្បីជួយជនរងគ្រោះដែលកំពុងរងឈឺចាប់ និងមានជំងឺ។
ព្រឹត្តិការណ៍នេះគឺជាគម្រោងសកម្មភាពមួយ ក្នុងចំណោមគម្រោងសកម្មភាព Saving Lives’ របស់ Save the World ដែលបង្កើតឡើងដោយអង្គការវីឡាវយូ។ ដោយចាប់ផ្តើមពីប្រទេសកូរ៉េ ក្នុងឆ្នាំ២០០៤មក គឺបានប្រារព្ធធ្វើឡើងចំនួន ១៦០ លើកនៅក្នុង ៤១ប្រទេស ហើយមនុស្ស ៣៧០០០ នាក់បានចូលរួមនៅក្នុងព្រឹត្តិការណ៍ចែករំលែកជីវិតដ៏ថ្លៃថ្នូរនេះ។ ក្នុងចំណោមនោះ មនុស្ស ១៤០០០នាក់ បានបរិច្ចាគឈាមដោយជោគជ័យ។ នេះគឺជាលទ្ធផលមួយដែលបានជួយសង្គ្រោះជីវិតមនុស្សចំនួន ៤២០០០ នាក់តាមរយៈការបរិច្ចាគឈាម ដោយសារឈាមរបស់មនុស្សម្នាក់អាចជួយសង្គ្រោះមនុស្ស ៣នាក់បាន។
ក្នុងនាមជាផ្នែកមួយនៃ Saving Lives កាលពីខែមុន អង្គការ វីឡាវយូ បានប្រារព្ធធ្វើ វេទិការអន្តរជាតិ ស្តីពីការជួយសង្គ្រោះពិភពលោក ឆ្នាំ២០១៩ នៅក្នុងប្រទេសកូរ៉េ លើប្រធានបទ ការកសាងបណ្តាញសកលសម្រាប់ការសង្គ្រោះជីវិតប្រកបដោយចីរភាព ។
អង្គការវីឡាវយូបានធ្វើការជាមួយអង្គការអន្តរជាតិ ភ្នាក់ងាររដ្ឋាភិបាល អង្គការក្រៅរដ្ឋាភិបាល និងអ្នកជំនាញមកពី ២០ប្រទេស ដែលរួមមានសហរដ្ឋអាមេរិក ហុងឌូរ៉ាស អេក្វាទ័រ និងឈីលី ដើម្បីលើកកម្ពស់ការយល់ដឹង និងការអនុវត្តលើការបរិច្ចាគឈាម៕