ដោយ ៖ ខេមរិន្ទ
ភ្នំពេញ ៖ ក្នុងរយៈពេល២ខែនេះ ក្រសួងព័ត៌មានបានប្រកាសពីការតែងតាំងទីប្រឹក្សាលក្ខណៈទ្រង់ទ្រាយធំរហូតទៅដល់ ១៧៣នាក់ តាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រដែលត្រាស់បង្គាប់ចំនួនពីរលើក។ ក្រោយពីក្រសួងបានចេញប្រកាសជាផ្លូវការនូវតារាងឈ្មោះទីប្រឹក្សាចំនួន១៦០នាក់ ក្នុងអាណត្តិថ្មីនេះ មានមជ្ឈដ្ឋានមួយចំនួនបានបង្ហាញទស្សនៈផ្ទុយគ្នា ដោយអ្នកខ្លះអះអាងថា ដើម្បីជំរុញប្រសិទ្ធភាពការងារក្នុងវិស័យព័ត៌មាន រីឯខ្លះទៀតបានលើកឡើងថា គឺជាការខ្ជះខ្ជាយថវិកាជាតិដែលរាជរដ្ឋាភីបាលអាចនឹងរងការរិះគន់។
នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩ ព្រះកុរណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានត្រាស់បង្គាប់តែងតាំងទីប្រឹក្សាក្រសួងព័ត៌មានចំនួន ១០៦នាក់បន្ថែមលើចំនួន ៦៧នាក់ ដែលព្រះអង្គបានត្រាស់បង្គាប់តែងតាំងកាលពីខែមិថុនា ឆ្នាំ២០១៩ កន្លងទៅ ។តាមព្រះរាជក្រឹត្យទាំងពីរនេះ ក្នុងរយៈពេលតែ២ខែប៉ុណ្ណោះ ក្រសួងព័ត៌មានមានទីប្រឹក្សារហូតដល់ទៅ ១៧៣នាក់។
លោក ណុប វី នាយកនៃនាយកដ្ឋានប្រព័ន្ធផ្សព្វផ្សាយនៃមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ(CCIM)បានលើកឡើងថា កំពុងខ្ជះខ្ជាយថវិកាជាតិអត់ប្រយោជន៍ក្នុងការតែងតាំងទីប្រឹក្សាក្រសួងព័ត៌មានរហូតដល់១០៦រូប។
លោក ណុប វី ថ្លែងថា ក្នុងកាលៈទេសៈនេះ គួរតែយកចិត្តដាក់ពាក់ព័ន្ធនឹងប្រសិទ្ធភាពការងារ ប្រសើរជាងការតែងតាំងមន្ត្រីទីប្រឹក្សាច្រើន ។ លោកថា «ការចាត់តាំងនេះធ្វើយ៉ាងណាគឺជាអនុវត្តការងារមួយដែលមានប្រសិទ្ធភាពជា ជាងយើងតែងតាំងចំនួនច្រើនលើសលប់ហើយការងាររបស់ពួកគាត់ពុំមានប្រសិទ្ធភាព។ ហើយខ្ញុំគិតថា ការធ្វើដូច្នេះទី១ នាំឱមានការិះគន់ទៅដល់សកម្មភាពរបស់រដ្ឋាភិបាល ហើយទី២ទៀត គឺជាការអនុវត្តការងារមួយដែលនាំឱមានដល់ផលប៉ះពាល់អវិជ្ជមានដល់ថវិកាជាតិទៅទៀត»។
សូមជម្រាបថា ក្នុងចំណោមទីប្រឹក្សាទាំង ១៧៣នាក់ ដែលត្រូវបានតែងតាំង ក្នុងរយៈពេល២ខែនេះ មានមន្ត្រីម្នាក់ទទួលបានឋានៈស្មើរដ្ឋលេខាធិការ , ៤១នាក់ មានឋានៈស្មើនឹងអនុរដ្ឋលេខាធិការ និង ១៣១នាក់ទៀត ទទួលបានឋានៈស្មើនឹងអគ្គនាយកនៃក្រសួងព័ត៌មាន ។ ទីប្រឹក្សាក្រសួងព័ត៌មានដែលត្រូវបានតែងតាំងទាំងនោះ មានមួយចំនួនជាអ្នកសារព័ត៌មានដែលកំពុងបម្រើការងារក្នុងស្ថាប័នសារព័ត៌មានក្នុងស្រុកមួយចំនួន៕