ភ្នំពេញ ៖ តួលេខបណ្តោះអាសន្ននៃជំរឿនស្ថិតិក្នុងឆ្នាំ២០១៩នេះ បានបង្ហាញថា មានប្រជាជនកម្ពុជាសរុបមានជាង ១៥លាននាក់ នៅទូទាំងប្រទេស គិតត្រឹមថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៩ ហើយក្នុងនោះ ស្រ្តីមានច្រើនជាងបុរសរហូតដល់ជាង ៤ម៉ឺននាក់។
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិជំរឿនទូទៅប្រជាជនកម្ពុជា បានថ្លែងថា ប្រជានកម្ពុជាមានចំនួន ១៥លាន ២សែន ៨ម៉ឺន ៨.៤៨៩នាក់ គិតត្រឹមថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៩ ក្នុងនោះប្រុសមាន ៧លាន៤សែន១ម៉ឺន៨.៥៧៧នាក់ ហើយស្រី ៧លាន ៨សែន ៦ម៉ឺន ៩.៩១២ នាក់ (ស្រីច្រើនជាងប្រុស) ។ នេះបើតាមលទ្ធផលបឋម ក្នុងពិធីប្រកាសតួលេខនៃការជំរឿនប្រជាជនកម្ពុជាលើកទី៣ ក្រោមអធិបតីភាពសម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៩ នៅសណ្ឋាគារភ្នំពេញ។
សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ថា តាមតួលេខបណ្តោះអាសន្ននេះ ពិនិត្យឃើញថា ចំនួនប្រជាជនកម្រិតថ្នាក់ជាតិមាននិន្នាការកើនឡើងយឺត ដោយសារអត្រាផ្តល់កំណើត និងអត្រាកំណើនប្រជាជនបានថយចុះស្របតាមការព្យាករណ៍ដែលបានរំពឹងទុក។ សម្តេចក្រឡាហោម បានបន្ថែមថា អត្រាកំណើនប្រជាជនប្រចាំឆ្នាំបានថយចុះពី១,៥ភាគរយ ក្នុងចន្លោះឆ្នាំ១៩៩៨ និង២០០៨មក១,២ភាគរយ ក្នុងចន្លោះឆ្នាំ២០០៨ និង២០១៩ ហើយអត្រាកំណើនប្រចាំឆ្នាំរបស់កម្ពុជាក្នុងទសវត្សចុងក្រោយនេះ ពិនិត្យឃើញថា ខ្ពស់ជាង អត្រាកំណើនមធ្យមនៅអាស៊ីអាគ្នេយ៍ដែលមានតែ១,០ភាគរយ។ តាមតួរលេខ រាជធានីភ្នំពេញមានប្រជាជនច្រើនជាងគេ គឺមាន២លាន ១សែន ២ម៉ឺន៩,៣៧១នាក់ ហើយខេត្តកែបមានប្រជាជនតិចជាងគេបំផុត៤ម៉ឺន១,៧៩៨នាក់ ប៉ុណ្ណោះ។
ដង់ស៊ីតេប្រជាជនស្មើនឹង៨៦នាក់ ក្នុងផ្ទៃដីមួយគីឡូម៉ែត្រការ៉េ នៅឆ្នាំ២០១៩។ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានលើកឡើងថា ការជំរឿនក្នុងឆ្នាំ២០១៩នៅកម្ពុជានេះ នឹងផ្តល់ទិន្នន័យច្បាស់លាស់អំពីទំហំប្រជាជន និងចរិកលក្ខណៈប្រជាជនបន្ទាប់ពីជំរឿនប្រជាជនឆ្នាំ២០០៨។ ទិន្នន័យទាំងអស់នេះគឺ មានសារៈសំខាន់ណាស់សម្រាប់រាជរដ្ឋាភិបាលកម្ពុជា ដៃគូអភិវឌ្ឍន៍ និងអ្នកប្រើប្រាស់ទាំងឡាយធ្វើសេកច្តីសម្រេចប្រកបដោយប្រសិទ្ធភាពក្នុងការកសាងផែនការឆ្ពោះទៅរកការអភិវឌ្ឍន៍ជាតិប្រកបដោយចីរភាព។
បើតាមឯកឧត្តម ឆាយ ថន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងផែនការ បានថែ្លងថា ការធ្វើជំរឿនឆ្នាំ២០១៩នេះ វាមានលក្ខណៈទំនើបជាងការធ្វើជំរឿនក្នុងឆ្នាំ១៩៩៨ និងឆ្នាំ២០០៨កន្លងទៅ ដោយក្រុមការងារបានដាក់ប្រព័ន្ធសម្រាប់វាយតម្លៃភាពសុក្រឹត្យនៃការធ្វើជំរឿន ដោយប្រើប្រាស់ប្រព័ន្ធ Tablet PDA និងបច្ចេកទេស NBS។ ឯកឧត្តម ឆាយ ថន បានឲ្យដឹងផងដែរថា ការធ្វើជំរឿនឆ្នាំនេះ គឺមានដៃគូអភិវឌ្ឍន៍មួយចំនួនបានចូលរួមប្រឹក្សាជំនួយបច្ចេកទេស ដែលក្នុងនោះមានប្រទេសចិន បានផ្តល់នូវ រថយន្ត ម៉ូតូ កុំព្យូទ័រ ម៉ាស៊ីនថតចម្លងជាដើម។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលបានចាប់ផ្តើមជំរឿនប្រជាជនរបស់ខ្លួន ជាលើកទីបី គឺមានរយៈពេល១១ថ្ងៃ ចាប់ពីថ្ងៃទី៣ ដល់១៣ ខែមីនា ឆ្នាំ២០១៩កន្លងទៅ ហើយសម្រាប់ការធ្វើជំរឿននៅកម្ពុជាក្នុងឆ្នាំ២០១៩ រដ្ឋាភិបាលកម្ពុជាបានចំណាយថវិកាសរុបចំនួនជាង ៨លានដុល្លារ និងប្រើប្រាស់មន្ដ្រីជំរឿន៥ម៉ឺននាក់៕