រុស្ស៊ី-អាមេរិក:ជាង៣ទសវត្សមកហើយ ដែលពិភពលោកស្ងប់ស្ងាត់ ខណៈប្រទេសមហាអំណាចខាងសញ្វវុធទាំងពីរគឺ រុស្ស៊ីនិងអាមេរិក មិនដែលមានការគំរាមកំហែងដាក់គ្នា ។ បើនិយាយទៅគឺបន្ទាប់ពីពិភពលោកបញ្ចប់សង្គ្រាមត្រជាក់នៅដើមទសវត្ស ១៩៩០មកនោះ គឺប្រទេស ដែលមានអាវុធប្រល័យលោកច្រើនជាងគេនេះពុំដែលមានការប៉ះពាក្យ សម្ដីទង្គិចគ្នាឲ្យខ្លាំងក្លាម្ដងណាទេ ចំពោះការបង្កសង្គ្រាម ។ ប៉ុន្តែនៅពេលមហាអំណាចរុស្ស៊ីចាប់យកតំបន់គ្រីមៀលអ៊ុយក្រែន កាលពីខែមិនា ឆ្នាំ ២០១៤ គេសង្កេតឃើញប្រទេសមហាអំណាចទាំងពីរនេះចាប់ផ្ដើមផ្ទុះ សង្គ្រាមពាក្យសម្ដីដាក់គ្នាខ្លាំងៗ ហើយទីបំផុត សហភាពអឺរ៉ុប អាមេរិក និងជប៉ុន បានសម្រេចដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើរុស្ស៊ី ។ ក្រុងម៉ូស្គូដែលមិនខ្លាចញញើតបន្តិចនោះកាន់តែគឃ្លើន ហើយរឹតតែបង្កគ្រោះថ្នាក់ដល់ប្រទេសជិតខាងខ្លួនថែមទៀត ទោះជាសេដ្ឋកិច្ចរបស់ប្រទេសនេះជួបឱនភាពក៏ដោយ ។
ការបញ្ចេញ កម្លាំងប្រយុទ្ធរវាងរុស្ស៊ី និងណាតូដែលដឹកនាំដោយអាមេរិក
រយៈពេលចុងក្រោយនេះ កងទ័ពរុស្ស៊ីតែងតែធ្វើសមយុទ្ធ ដែលបំពាក់ដោយសព្វាវុធទំនើបៗ រថក្រោះ រថពាសដែក កាំភ្លើងធំ កាំជ្រួច យន្តហោះចម្បាំង និងនាវាចម្បាំង នៅតាមព្រំដែនរបស់ខ្លួនជាប់នឹងប្រទេសអឺរ៉ុបខាងកើត ឬនៅជាប់ព្រំដែន ប្រទេសអ៊ុយក្រែន ។
នៅពេលធ្វើសមយុទ្ធ ក្រុងម៉ូស្គូ បានបញ្ជាទ័ពរថគ្រោះចូលព្រំដែនប្រទេសជិតខាង ជាពិសេសប្រទេសអ៊ុយក្រែន ប្រទេសអេស្តូនៀ និងប៉ូឡូញ ដែលជាសមាជិករបស់អង្គការណាតូ ហើយទង្វើនេះនាំឲ្យអាមេរិក និងសម្ពន្ធមិត្តបង្ហាញកំហឹង ហើយ បញ្ជាទ័ពដាក់ពង្រាយ តាមព្រំដែនប្រទេសទាំងពីរ មកដល់សព្វថ្ងៃនេះ។
កាលពីខែឧសភា អង្គការណាតូដឹកនាំដោយអាមេរិកបានធ្វើសមយុទ្ធ ទ័ពអាកាស ដោយមានយន្តហោះចម្បាំង ១១៥ គ្រឿង តែមួយថ្ងៃក្រោយមក រុស្ស៊ីធ្វើសមយុទ្ធកងទ័ពអាកាស ផងដែរដោយមានយន្តហោះចម្បាំង ២៥០ គ្រឿង ។ យន្តហោះចម្បាំងនៃភាគីទាំងពីរសុទ្ធតែបំពាក់ដោយកាំំជ្រួចដែល ភ្ជាប់ដោយក្បាលអាវុធនុយក្លេអ៊ែរ ។ក្រោយពីសមយុទ្ធបិទបញ្ចប់ អាមេរិកសម្រេចបញ្ជូនសព្វាវុធទំនើបថែមទៀត ទៅដាក់នៅប្រទេស អេស្តូនៀ និង ប្រទេសប៉ូឡូញ ។ សព្វាវុធទាំងនោះមានរថក្រោះ កាំជ្រូច កាំជ្រួចកំទេចកាំជ្រួច និងនាវាចម្បាំង ។
រុស្ស៊ីនិងអាមេរិក គំរាម ប្រើអាវុធនុយក្លេអ៊ែរ បើសង្គ្រាមអឺរ៉ុបខាងកើត ផ្ទុះឡើង
ស្ថានការនៅអឺរ៉ុបខាងកើតកំពុងស្ថិតនៅចំណុចងាយគ្រោះថ្នាក់ ដែលវាអាចកើតឡើង ដូចកាលដែលអាល្លឺម៉ង់ខាងកើតស្ថាបនាកំផែងប៊ែកឡាំង នៅពេលពិភពលោកផ្ទុះសង្គ្រាមត្រជាក់ ។ រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោក Frank-Walter Steinmeier ព្រមានថា សង្គ្រាមពាក្យសម្ដីរវាងអាមេរិក និងរុស្ស៊ី ឬលោកខាងលិចជាមួយ រុស្ស៊ីកាន់តែកើនឡើង គឺជាសញ្ញានៃការផ្ទុះសង្គ្រាមត្រជាក់ពិពភលោកជាថ្មីទៀត ។
ក្រុងប៊ែកឡាំងព្រមានថា អឺរ៉ុបខាងកើតអាចក្លាយជាទីប្រយុទ្ធម្ដងទៀត ហើយអាល្លឺម៉ង់នឹងក្លាយជាទីតាំងពង្រាយទ័ពរបស់អាមេរិក ដែលតាមផែនការអាមេរិកនឹងបញ្ចូនទ័ពមកដាក់ពង្រាយនៅអាល្លឺម៉ង់ចំនួន ៥០០០នាក់ បំពាក់ ដោយរថក្រោះ និងសព្វាវុធទំនើបៗ ។
ក្រុងម៉ូស្គូ មើលឃើញថា ផែនការរបស់អាមេរិក គឺជាភស្តុតាងមួយទៀត ដែលបញ្ជាក់ថា ក្រុងវ៉ាស៊ិនតោន មានគោលបំណងពង្រីកកម្លាំងទ័ព និងឥទ្ធិពលរបស់ខ្លួនមកលើរុស្ស៊ី ។
រដ្ឋមន្ត្រីការបរទេសរុស្ស៊ី Sergei Lavrov និយាយថា ក្រុងវ៉ាស៊ីនតោន ពិតជាមានចេតនា រំលោភ កិច្ចព្រមព្រៀងសន្តិភាពណាតូ -រុស្ស៊ី ។ តែបែបនេះក្ដី ក្រុងវ៉ាស៊ីនតោនបដិសេធ ហើយអះអាងថា ជាការជួយការពារ ប្រទេសសម្ពន្ធរបស់ខ្លួន តែប៉ុណ្ណោះ ។ តែជាមួយគ្នានេះ ប្រធានាធិបតីរុស្ស៊ី Vladimir Putin ព្រមានថា រុស្ស៊ី អាចចាប់ប្រើអាវុធនុយក្លេអ៊ែរ ហើយពង្រឹងឃ្លាំងអាវុធប្រល័យលោកនេះច្រើនថែមទៀត ។ លោកពូទីន ប្រាប់ ថារុស្ស៊ីមានកាំជ្រួច បាញ់ រំលងទ្វីបដែលបំពាក់ដោយក្បាលនុយក្លេអ៊ែរ ។
យោងតាមប្រភពចារកម្មមួយរបស់អាល្លឺម៉ង់ ដែលជាស្ថាប័នរដ្ឋបានឲ្យដឹងថា អាមេរិកនឹងមានផែនការរៀបចំឃ្លាំងអាវុធនុយក្លេអ៊ែរ នៅបណ្ដាប្រទេសជាសមាជិកអង្គការណាតូនៅអឺរ៉ុប ជាពិសេសនៅប្រទេសអេស្តូនៀ ប៉ូឡូញ និងហុងគ្រី ដែលជាប់ព្រំដែនជាមួយរុស្ស៊ី ។
ប្រទេសដែលមានអាវុធនុយក្លេអ៊ែរ ច្រើនជាងគេ គឺអាមេរិក មាន៤៨០៤ គ្រាប់ រុស្ស៊ី ៤៤៨០គ្រាប់ បារាំង ៣០០ គ្រាប់ ចិន ២៥០ គ្រាប់ អង់គ្លេស ២២៥គ្រាប់ ប៉ាគិស្ថាន ១២០ គ្រាប់ ឥណ្ឌា ១១០គ្រាប់ អ៊ីស្រាអ៊ែល ៦០គ្រាប់ និងកូរ៉េខាងជើង១០គ្រាប់ ៕ (ប្រភព vod)
ក្បាលកាំជ្រួចនុយក្លេអ៊ែររបស់រុស្សី (រូបពី www.businessinsider.com.au)
អាវុធនុយក្លេអ៊ែរអាមេរិក (រូបភាពដោយ៖galleryhip.com)