រតនគិរី៖អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ទទូចឲ្យរដ្ឋាភិបាលកម្ពុជា បញ្ឈប់ការចាប់បញ្ជូនជនភៀសខ្លួនម៉ុងតាញ៉ា វៀតណាម ត្រឡប់ទៅកាន់ប្រទេសវៀតណាម វិញ។ ការអំពាវនាវនេះ ធ្វើឡើងនៅក្នុងរបាយការណ៍របស់ខ្លួន ចេញផ្សាយនៅថ្ងៃទី២៦ ខែមិថុនា ហើយដែលបានលើកឡើងពីការធ្វើទុក្ខបុកម្នេញរបស់អាជ្ញាធរវៀតណាម ទៅលើជនជាតិភាគតិចម៉ុងតាញ៉ា វៀតណាម។
“ក្នុងនាមជាប្រទេសភាគីនៃអនុសញ្ញាអន្តរជាតិស្ដីពីជនភៀសខ្លួន កម្ពុជាគួរគោរពទៅតាមគោលការណ៍អន្តរជាតិ ស្ដីពីការមិនចាប់បញ្ជូនជនភៀសខ្លួនត្រឡប់ទៅកាន់ទីកន្លែងដែលពួកគេ អាចប្រឈមនឹងការធ្វើទុក្ខបុកម្នេញពីសំណាក់អាជ្ញាធរនៅទីនោះ”។ នេះគឺជាការលើកឡើងរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ នៅក្នុងរបាយការណ៍របស់ខ្លួនមានចំណងជើងថា «ការធ្វើទុក្ខបុកម្នេញលើជំនឿសាសនាដោយមធ្យោបាយព្រៃផ្សៃ៖ ការរំលោភបំពានលើជនជាតិភាគតិចម៉ុងតាញ៉ា នៅប្រទេសវៀតណាម»។
របាយការណ៍កម្រាស់ ៣៣ទំព័រ ដែល យូមែន រ៉ៃត៍ វ៉ច្ឆ បានធ្វើការសិក្សាដោយផ្អែកលើសេចក្ដីរាយការណ៍នៅតាមបណ្ដាញសារព័ត៌មាន ផ្លូវការវៀតណាម និងតាមរយៈបទសម្ភាសន៍ជាមួយជនភៀសខ្លួនម៉ុងតាញ៉ា វៀតណាម ដែលរត់គេចខ្លួនទៅក្រៅប្រទេស បានរៀបរាប់ពីការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ និងជំនឿសាសនាទៅលើជនជាតិភាគតិចទាំងនោះ ក្នុងនោះរួមមាន ការតាមដានឃ្លាំមើលសកម្មភាព ការសម្លុតបំភ័យ គំរាមកំហែង ការចាប់ខ្លួនដោយបំពាន និងការធ្វើបាបក្នុងពេលឃុំខ្លួនជាដើម។
នេះគឺជារបាយការណ៍លើកដំបូងរបស់ យូមែន រ៉ៃត៍ វ៉ច្ឆ ចាប់តាំងពីមានជនជាតិភាគតិចម៉ុងតាញ៉ា វៀតណាម ជិត ២០០នាក់ បានរត់គេចចេញពីការធ្វើបាបពីសំណាក់អាជ្ញាធរវៀតណាម ចូលមកកាន់ទឹកដីនៃប្រទេសកម្ពុជា កាលពីចុងឆ្នាំ២០១៤ មក ហើយដែលរហូតមកទល់ពេលនេះ មានជនជាតិភាគតិចម៉ុងតាញ៉ា វៀតណាម ជាង ៥០នាក់ហើយ ត្រូវបានអាជ្ញាធរខ្មែរចាប់បញ្ជូនប្រគល់ទៅឲ្យអាជ្ញាធរវៀតណាម។
យូមែន រ៉ៃត៍ វ៉ច្ឆ លើកឡើងថា រដ្ឋាភិបាលកម្ពុជា មិនត្រឹមតែចៀសវាងការចាប់បញ្ជូនខ្លួនពួកគេត្រឡប់ទៅកាន់ប្រទេស វៀតណាម វិញនោះទេ តែរដ្ឋាភិបាលគួរផ្ដល់ឲ្យជនជាតិភាគតិចម៉ុងតាញ៉ាវៀតណាម ទាំងអស់នោះ នូវឱកាសក្នុងការដាក់ពាក្យស្នើសុំស្វែងរកសិទ្ធិជ្រកកោននៅក្រៅ ប្រទេសប្រកបដោយភាពយុត្តិធម៌។ បន្ថែមពីលើនេះទៀត រដ្ឋាភិបាលក៏គួរតែសហការជាមួយឧត្ដមស្នងការអង្គការសហប្រជាជាតិទទួល បន្ទុកជនភៀសខ្លួន ដើម្បីជួយពួកគេក្នុងដំណើរចុះឈ្មោះក្នុងការកំណត់ឋានៈជា ជនភៀសខ្លួន និងក្នុងការថែទាំពួកគេជាដើម។
យូមែន រ៉ៃត៍ វ៉ច្ឆ អះអាងដែរថា កន្លងមករដ្ឋាភិបាលវៀតណាម ក៏បានដាក់សម្ពាធទៅលើអាជ្ញាធរកម្ពុជា ឲ្យបង្កើនការឃ្លាំមើលតាមព្រំដែន និងឲ្យបដិសេធនូវសិទ្ធិស្វែងរកទីជ្រកកោនរបស់ជនជាតិភាគតិច ម៉ុងតាញ៉ា វៀតណាម ដែលបានលួចគេចខ្លួនចូលកម្ពុជា។
ចាប់ពីខែធ្នូ ឆ្នាំ២០១៤ រហូតបច្ចុប្បន្ន មានម៉ុងតាញ៉ា ជាង ១១០នាក់ កំពុងឋិតក្រោម ការទំនុកបម្រុងពីការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិទទួល បន្ទុកសិទ្ធិមនុស្សនៅទីក្រុងភ្នំពេញ។ ក្នុងនោះម៉ុងតាញ៉ា ១៣នាក់ ត្រូវបាននាយកដ្ឋានជនភៀសខ្លួនក្រសួងមហាផ្ទៃ ទទួលចុះបញ្ជីកំណត់អត្តសញ្ញាណជនភៀសខ្លួនរួចហើយ។
ប្រធាននាយកដ្ឋានជនភៀសខ្លួននៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួង មហាផ្ទៃ លោក គឹម សារិន មានប្រសាសន៍នៅថ្ងៃទី២៦ ខែមិថុនា ថា រហូតមកទល់ពេលនេះ ក្រៅតែពីម៉ុងតាញ៉ា ១៣នាក់ដែលទទួលបានឋានៈរួចហើយ មិនទាន់មានម៉ុងតាញ៉ា ណាផ្សេងទៀត បានដាក់ពាក្យស្នើសុំមកកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍នៅឡើយទេ។ លោកថា ចំណែកដំណើរការនៃការផ្តល់ឋានៈនោះ គឺធ្វើឡើងគ្រប់ពេលឲ្យតែមានការដាក់ពាក្យស្នើសុំ។
លោកថា ចំណែកការសម្រេចចិត្តបញ្ជូន ឬមិនបញ្ជូនជនភៀសខ្លួនណាម្នាក់ទៅកាន់កន្លែងដើមវិញនោះ គឺវាអាស្រ័យទៅលើការពិនិត្យលក្ខន្តិកៈរបស់អ្នកដាក់ពាក្យស្នើសុំ ជាមុនសិន ហើយថា បើជននោះមានលក្ខណៈគ្រប់គ្រាន់ គេនឹងផ្ដល់ឋានៈជាជនភៀសខ្លួនឲ្យជននោះ។
ជនជាតិភាគតិចម៉ុងតាញ៉ា វៀតណាម ឬវៀតណាមហៅថា ងើយ ទឿង (người Thượng) គឺជាក្រុមជនជាតិភាគតិចរស់នៅក្នុងតំបន់ភ្នំក្នុងខេត្តយ៉ាឡាយ (Gia Lai) ខេត្តដាក់ឡាក់ (Dak Lak) និងខេត្ត កន ទុម (Kon Tum) ដែលឋិតនៅប៉ែកកណ្ដាលប្រទេសវៀតណាម ជាប់ព្រំប្រទល់ខេត្តរតនគិរី និងមណ្ឌលគិរី របស់កម្ពុជា។
យូមែន រ៉ៃត៍ វ៉ច្ឆ អះអាងថា ការធ្វើទុក្ខបុកម្នេញលើជនជាតិភាគតិចម៉ុងតាញ៉ា វៀតណាម គឺជាគោលនយោបាយជាតិរបស់រដ្ឋវៀតណាម នៅក្នុងការលុបបំបាត់ការប្រតិបត្តិជំនឿសាសនារបស់ពួកគេតែម្ដង។ យូមែន រ៉ៃត៍ វ៉ច្ឆ បានទទូចឲ្យរដ្ឋាភិបាលវៀតណាម បញ្ចប់នូវផ្នត់គំនិតនយោបាយសង្គ្រាមត្រជាក់ ដែលចាត់ទុកមនុស្សមានជំនឿសាសនាខុសពីខ្លួនថា ជាសត្រូវរបស់ខ្លួននោះ។
ទោះជាយ៉ាងណា វិទ្យុអាស៊ីសេរី មិនអាចស្វែងរកការឆ្លើយតបពីមន្ត្រីស្ថានទូតវៀតណាម ប្រចាំកម្ពុជា បានទេ ចំពោះការចោទប្រកាន់នេះ។
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ លើកឡើងថា ការធ្វើបាបលើជនជាតិភាគតិចដូចជា ម៉ុងតាញ៉ា នៅវៀតណាម គឺជាការឆ្លុះបញ្ចាំងឲ្យឃើញនូវការរំលោភបំពានសិទ្ធិមនុស្សលក្ខណៈ ទូលំទូលាយទៅលើការប្រតិបត្តិជំនឿសាសនារបស់ជនជាតិភាគតិចនានានៅ ក្នុងប្រទេសកុម្មុយនិស្តមួយនេះ៕ (ប្រភព៖អែអេហ្វអា)
ជនជាតិដើមភាគតិចម៉ុងតាញ៉ា-វៀតណាម ចំនួន ៨នាក់ ជួបមន្ត្រីអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា នាខេត្តរតនគិរី នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៤។
RFA/Ratha Visal