ភេរវកម្ម៖ប្រទេសបារាំងកាលពីថ្ងៃសុក្រ ទី២៦ មិថុនា ២០១៥ នេះបានរងគ្រោះ ភេរវកម្មជីហាតជាថ្មីមួយទៀត។ ភេរវកម្មបែបឃោរឃៅដូចទង្វើរបស់ពួកអង្គការរដ្ឋអ៊ីស្លាម ដោយមានជនរងគ្រោះម្នាក់ ត្រូវកាត់ក និងមានមនុស្សពីរនាក់រងគ្រោះក្រោយសំឡេងផ្ទុះ។ ភេរវជនសង្ស័យ ដែលធ្លាប់មានឈ្មោះក្នុងបញ្ជីខ្មៅអ៊ីស្លាមជ្រុលនិយមត្រូវចាប់ខ្លួនបាន ក្រោយការកើតហេតុបន្តិច។ ក្នុងថ្ងៃនេះដែរ នៅប្រទេសទុយណេស៊ី និងប្រទេសគុយវ៉ែត ក៏មានភេរវកម្មបណ្តាលឲ្យស្លាប់ និងរងរបួសមនុស្សរាប់សិបនាក់ផងដែរ ។ ការវាយប្រហារភេរវកម្មផ្ទួនៗនេះ បានកើតឡើងខណៈដែលចូលដល់រដូវកាលនៃការរៀបចំពិធីបុណ្យរ៉ាម៉ាឌនរបស់ជនជាតិអិស្លាមមូស្លីម ។
ហេតុការណ៍ ភេរវកម្មបានផ្ទុះឡើងនៅវេលាម៉ោង ១០ព្រឹក ក្នុងតំបន់រោងចក្រឧស្សាហកម្មឧស្ម័នមួយ ក្បែរក្រុងលីយ៉ុង ក្រុងដ៏ធំទីបីរបស់បារាំង។ បើតាមប្រភពព័ត៌មានបឋម ភេរវជនបានបើករថយន្តកាមីញ៉ុងតូចមួយ សំដៅបុកអាគារក្រុមហ៊ុន ឱ្យចំធុងហ្កាស ជាហេតុបង្កឱ្យមានការផ្ទុះឆេះឡើង។ មនុស្សពីរនាក់បានរងរបួស ហើយនៅក្បែរនោះគេប្រទះឃើញ សាកសពមនុស្សម្នាក់ដាច់ក រុំដោយទង់ជាតិសរសេរជាភាសាអារ៉ាប។ ជនរងគ្រោះនេះជាប្រធានក្រុមហ៊ុនដឹកជញ្ជូនម្ចាស់ឡានដែលភេរវជនបើកបំផ្ទុះ។
ក្នុងថ្ងៃជាមួយគ្នានេះដែរ នៅគុយវ៉េត មានការវាយប្រហារលើព្រះវិហារអិស្លាមនិកាយស៊ីអ៊ីដស្ថិតកណ្តាលទីក្រុងគុយវ៉េតនោះ ខណៈកំពុងប្រាព្ធពិធីសាសនាដូចសព្វដង ស្រាប់តែមានការបំផ្ទុះគ្រាប់បែកនៅខាងក្នុងនោះបណ្តាលឲ្យស្លាប់ និងរងរបួសរាប់រយនាក់ ។ ក្រសួងសុខាភិបាលគុយវ៉េតបានបញ្ជាក់ថា ជនរងគ្រោះ ២៧នាក់ ក្នុងនោះរួមបញ្ចូលជនល្មើសផងដែរ បានបាត់បង់ជីវិត និង ២២៧នាក់ផ្សេងទៀតរងរបួស។
មិនខុសគ្នាប្រទេសទាំងពីរខាងលើនេះឡើយ ប្រទេសទុយណេស៊ី ការវាយប្រហារ ក្រុមភេរវកម្មបានកើតឡើងនៅសណ្ឋាគារមាត់សមុទ្រដ៏ប្រណីត តំបន់រមណីយដ្ឋានទាក់ទាញ់បំផុតរបស់ទុយណេស៊ីស គឺសណ្ឋាគារ Royal Kenz និង សណ្ឋាគារ Bellevue ម្លាប់មនុស្ស ៣៧នាក់ និងរងរបួសច្រើននាក់ ដែលភាគច្រើនសុទ្ធតែភ្ញៀវទេសចរណ៍មកពីប្រទេសអង់គ្លេស អាល្លឺម៉ង់ និងប៉ូឡូញ ។ ខ្មាន់កាំភ្លើងបានលាក់អាវុធនៅក្រោមឆត្រហើយបើកការបាញ់រះសម្លាប់យ៉ាងរង្គាលតែម្តង។ ការបាញ់ប្រហារបានកើតឡើងនៅពេលដែលភ្ញៀវទេសចរកំពុងដេកហាលថ្ងៃនៅឆ្នេរសមុទ្រមុខសណ្ឋាគារប្រណិតទាំងពីរខាងលើ ។ ក្រុម ISIS បានអះអាងពីការទទួលខុសត្រូវការវាយប្រហារនេះ ។
ភេរវជនសង្ស័យម្នាក់ ដែលចាប់ខ្លួនបានភ្លាម មានឈ្មោះ យ៉ាស៊ីន សាលី អាយុ៣៥ឆ្នាំ ធ្លាប់មានឈ្មោះក្នុងបញ្ជីជនអ៊ីស្លាមជ្រុលនិយមសាឡាហ្វីស នៅពីឆ្នាំ២០០៦មក តែមិនបានសើរើតាំងពីឆ្នាំ២០០៨មក និងគ្មានប្រវត្តិជាប់ទោសទេ។ មនុស្សពាក់ព័ន្ធជាច្រើននាក់ផ្សេងទៀតត្រូវឃាត់ខ្លួន ក្នុងនោះមានម្នាក់គឺជាប្រពន្ធ និងប្អួនស្រី របស់យ៉ាស៊ីនសាលីផង។
លោក បាន គីមូន បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា សកម្មភាពរបស់ក្រុមភេរវកម្មទាំងនេះ មិនធ្វើឲ្យពិភពលោកចុះខ្សោយសកម្មភាពប្រឆាំងក្រុមភេរវកម្មនោះទេ ប៉ុន្តែផ្ទុយទៅវិញ ពិភពលោកទាំងមូលកាន់តែមួលមិត្តគ្នាប្រឆាំងទៅលើក្រុមភេរវកម្ម។ នៅឯទីក្រុងវ៉ាស៊ីនតោន សេតវិមានបានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសការវាយប្រហារភេរកម្មនៅបារាំង ទុយណេស៊ី និងគុយវ៉េត នោះថា ជាទង្វើយ៉ាងព្រៃផ្សៃ និងមិនអាចអត់ឱនឲ្យបានឡើយ ៕ ដោយ៖ខេមរា
ប៉ូលិសចាប់ខ្លួនស្ត្រី ជាប្រពន្ធរបស់ភេរវជនសង្ស័យ© Reuters