ក្រសួងការងារនឹងបង្កើតផែនការមេ សម្រាប់គ្រឹះស្ថាន TVET ដើម្បីបង្កើនគុណភាពធនធានមនុស្ស
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 28 August, 2019 ក+ ក-

ភ្នំពេញ ៖ ក្នុងពិធីសំណេះសំណាល ជាមួយមន្ត្រីរាជការ ក្រោមឱវាទ ក្រសួងនាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ នេះ លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានប្រកាសថា នឹងរៀបចំបង្កើតឱ្យមានផែនការមេ សម្រាប់រៀបចំគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈហៅកាត់ថា TVET ឱ្យកាន់តែល្អប្រសើរជាងមុន ធានាសម្រេចឱ្យបានកំណើនធនធានមនុស្សប្រកបដោយគុណភាព ក្នុងវិស័យនេះ​។

លោកបណ្ឌិត រដក្ឋមន្រ្តីបានលើកឡើងទៀតថា វឌ្ឍនភាពទាំងនេះ គឺបានមកដោយសារកត្តាចំបាច់ ជាច្រើន ប៉ុន្តែអ្វីដែលសំខាន់ជាងគេនោះ គឺសន្តិភាព និង ស្ថិរភាព នយោបាយ ដែលកំពុងរក្សាបានក្រោមការដឹកនាំរបស់ ប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។

លោកបណ្ឌិតថា សុខដុមនីយកម្ម ក្នុងវិស័យកាត់ដេរ ដែលរាជរដ្ឋាភិបាលបាន និងកំពុងអនុវត្ត បញ្ជៀសបាននូវបញ្ហាបាតុភាពនានា ហើយផលិតភាពការងារក៏នៅតែបន្ត ព្រមទាំងកំពុងជំរុញឱ្យមានការបង្កើនផលិតភាពបន្ថែមទៀតផងដែរ។ ចំណែកប្រាក់ឈ្នួលអប្បរមា សម្រាប់កម្មករ និយោជិត ក៏ត្រូវបានដំឡើងជារៀងរាល់ឆ្នាំ តួយ៉ាងនៅឆ្នាំ២០១៩នេះ ប្រាក់ឈ្នួលអប្បរមារបស់កម្មករបានឡើងដល់១៨២ដុល្លារ ហើយសម្រាប់ឆ្នាំ២០២០ ក្រុមប្រឹក្សាជាតិ ប្រាក់ឈ្នួលអប្បបរមា នឹងចាប់ផ្តើមបើកកិច្ចពិភាក្សាគ្នា ស្ដីពី ការកំណត់ប្រាកឈ្នួល អប្បបរមា ផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង នៅថ្ងៃស្អែកនេះ។

លោក អ៊ិត សំហេង បានបង្ហាញការព្រួយបារម្ភ ពីបញ្ហាកង្វះធនធានមនុស្ស ក្នុងវិស័យ TVET ដែលកំពុងមានការខ្វះខាតក្នុងទីផ្សារការងារបច្ចុប្បន្ន។ តែទោះជាយ៉ាងណា រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជា ក្រសួងការងារ កំពុងជំរុញការដោះស្រាយបញ្ហានេះយ៉ាងសកម្ម នៅតាមគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាល បច្ចេកទេស និងវិជ្ជាជីវៈទូទាំងប្រទេស ហើយ ក្រសួង ក៏បាននិងកំពុងចុះជាប់នៅតាមគ្រឹះស្ថានទាំងនោះផងដែរ។

លោកបណ្ឌិតបញ្ជាក់ថា នៅចុងឆ្នាំ២០១៩នេះ ក្រសួងការងារនឹងបង្កើតឱ្យបានផែនការមេ (Master Plan) រៀបចំហេដ្ឋារចនាសម្ព័ន្ធ ក្នុងគ្រឹះស្ថាន TVET នៅទូទាំងប្រទេស ដោយគិតគូរទៅលើអគារសិក្សា រោងជាង គ្រូបណ្ដុះបណ្ដាល ការបង្រៀន ពីបច្ចេកវិទ្យាថ្មីៗ សម្រាប់បណ្ដុះបណ្ដាល សិក្ខាកាម សំដៅធ្វើយ៉ាងណាដើម្បីសម្រេចបានធនធានមនុស្ស ក្នុងវិស័យនេះ ទាំងបរិមាណ និងគុណភាព។ទន្ទឹមនេះ ក៏គ្រោងបង្កើតឱ្យមានគណៈកម្មការស្ថិតិការងារមួយ ដែលមានឯកឧត្តមផ្ទាល់ ជាប្រធាន ក្នុងនោះនឹងរៀបចំឱ្យមានកិច្ចប្រជុំទៀងទាត់ បង្កើតឱ្យមានជនបង្គោល ស្ថិតិការងារ នៅតាមមូលដ្ឋានការងារនីមួយៗ ព្រោះកន្លងមកការងារបូកសរុបស្ថិតិការងារ នៅផ្នែកមួយចំនួន ហាក់នៅមានភាពយឺតយ៉ាវនៅឡើយ។

យ៉ាងណា លោករដ្ឋមន្ត្រី ក៏បានជំរុញឱ្យមន្រ្តីទាំងអស់ ត្រូវអនុវត្តការងារតាមផ្នែក តាមវិស័យរៀងៗខ្លួន ប្រកបដោយក្រមសីលធម៌ ជៀសវាងការប្រព្រឹត្តបទល្មើសនានា ដែលនាំទៅដល់ការទទួលទោសទណ្ឌ និងអាប់ឱនកិត្តិយស កេរ្តិ៍ឈ្មោះស្ថាប័ន៕