ACU ប្រកាសគាំទ្រគ្រប់រូបភាពដល់វិស័យឯកជនដែលប្រកបធុរកិច្ចស្អាតស្អំនៅកម្ពុជា
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 2 October, 2019 ក+ ក-

ភ្នំពេញ ៖ លោក ឱម យ៊ិនទៀង ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយនៅកម្ពុជា បានថ្លែងថា ACU គាំទ្រគ្រប់រូបភាពក្នុងសមត្ថកិច្ចរបស់ខ្លួនដល់វិស័យឯកជន ក្នុងការប្រកបធុរកិច្ចស្អាតស្អំនៅកម្ពុជា។

លោក ឱម យិនទៀង បានថ្លែងយ៉ាងដូចនេះ នាព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩ ក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតី ក្នុងសិក្ខាសាលាស្តីពី«ការចូលរួមរបស់ធុរកិច្ចក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយនៅកម្ពុជា» ដែលបានធ្វើឡើងនៅសណ្ឋាគារសាន់វេភ្នំពេញ។ ដោយមានការចូលរួមពីឯកឧត្តម Luke Arnold អនុប្រធានបេសកកម្មការទូត នៃស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា លោក Francesco Chechi ទីប្រឹក្សាការប្រឆាំងអំពើពុករលួយ អង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងបទឧក្រិដ្ឋ (UNODC) ប្រចាំតំបន់អាស៊ីអាគ្នេយ៍និងប៉ាស៊ីហ្វិក និងធុរកិច្ចក្នុងវិស័យឯកជនជាច្រើនទៀតផងដែរ។

ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានបញ្ជាក់ទៀតថា សិក្ខាសាលាខាងលើនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងកៀងគរ ការចូលរួមរបស់សហគមន៍ធុរកិច្ចនៅកម្ពុជា រួមជាមួយតំណាងរាជរដ្ឋាភិបាល សង្គមស៊ីវិល ដើម្បីពិភាក្សាលើការរួមគ្នា ដោះស្រាយបញ្ហាអំពើពុករលួយក្នុងវិស័យឯកជនដោយកំណត់នូវ ឧត្តមានុវត្តន៍នៃការពង្រឹងការបង្ការទប់ស្កាត់អំពើពុករលួយក្នុងកិច្ចលទ្ធកម្មសាធារណៈ និងបញ្ហាអំពើពុករលួយនៃភាពជាដៃគូរវាងវិស័យឯកជន និងសាធារណៈ , ដំណោះស្រាយ និងការពង្រឹងសុចរិតភាពធុរកិច្ចក្នុងវិស័យឯកជន។

លោក ឱម យិនទៀង បានបញ្ជាក់ទៀតថា សិក្ខាសាលានេះ ក៏បានចែករំលែកបទពិសោធន៍ពីភាគីពាក់ព័ន្ធជាអ្នកជំនាញ អ្នកអនុវត្តផ្ទាល់លើការងារ មកពីអង្គការអន្តរជាតិស្ថាប័នសាធារណៈ វិស័យឯកជន និងសង្គមស៊ីវិលយ៉ាងប្រទាក់ក្រឡាគ្នា ក្នុងក្របខ័ណ្ឌបទដ្ឋានអន្តរជាតិនៃការប្រឆាំងអំពើពុករលួយក្នុងវិស័យឯកជន, ក្របខ័ណ្ឌច្បាប់សម្រាប់ការដោះស្រាយអំពើពុករលួយ ប្រឈមដោយធុរកិច្ចនៅកម្ពុជា, អភិក្រមក្រុមហ៊ុនធានានូវសុចរិតភាពធុរកិច្ច និងការអនុវត្តការបង្ការទប់ស្កាត់អំពើពុករលួយ ក៏ដូចជាលើកកម្ពស់សកម្មភាពរួម សម្រាប់សុចរិតភាពធុរកិច្ច។

ស្របនឹងសភាពការក្នុងប្រទេស និងអន្តរជាតិ បន្តពង្រឹងការចូលរួមរបស់វិស័យឯកជនក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ ដើម្បីកម្ពុជាបន្តរក្សាបាន និងធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ចអំណោយផល ដល់ការវិនិយោគប្រកបដោយចីរភាព ជំរុញកំណើនសេដ្ឋកិច្ចគួរជាទីគាប់ចិត្តបន្តទៀត ក៏ដូចជាការឆ្លើយតបទៅនឹងកាតព្វកិច្ចរបស់កម្ពុជា ក្នុងឋានៈជារដ្ឋភាគីនៃអនុសញ្ញាអង្គការសហប្រជាជាតិប្រឆាំងអំពើពុករលួយ (UNCAC) ពាក់ព័ន្ធការបង្ការទប់ស្កាត់អំពើពុករលួយក្នុងវិស័យឯកជន និងក្នុងកិច្ចលទ្ធកម្មសាធារណៈ ការត្រួតពិនិត្យការអនុវត្តសម្រាប់ជុំទី២នេះ។

សិក្ខាសាលានេះ ក៏បានឆ្លុះបញ្ចាំងនូវឆន្ទៈ ការប្តេជ្ញា សហការរួមគ្នាបន្តប្រយុទ្ធប្រឆាំងអំពើពុករលួយពីគ្រប់ភាគីពាក់ព័ន្ធបន្ថែមលើកិច្ចសហការកន្លងមក ដូចជា ការចូលរួមគោរពច្បាប់ ការចូលរួមក្នុងគំនិតផ្តួចផ្តើមប្រឆាំងអំពើពុករលួយផ្សេងៗដាក់ចេញដោយអង្គភាពប្រឆាំងអំពើពុករលួយ ការចូលរួមរៀបចំនិងដាក់ចេញនូវសៀវភៅណែនាំស្តីអំពីកម្មវិធីប្រឆាំងអំពើពុករលួយសម្រាប់ធុរកិច្ចនៅកម្ពុជា និងកិច្ចសហការផ្សេងៗទៀត ។

ជាមួយគ្នានោះក៏លើកទឹកចិត្តដល់អ្នកចូលរួមទាំងអស់ ទាញយកប្រយោជន៍ពីសិក្ខាសាលានេះ តាមរយៈការទទួលយកបទពិសោធន៍ ដែលបានចែករំលែកដោយភាគីពាក់ព័ន្ធកម្រិតជាតិ អន្តរជាតិ ពីវិស័យសាធារណៈឯកជន និងអង្គការសង្គមស៊ីវិល លើកឡើងពិភាក្សារកដំណោះស្រាយលើបញ្ហាដែលខ្លួនជួបប្រទះ និងរួមគ្នាកំណត់នូវឧត្តមានុវត្តន៍នៃការបង្ការទប់ស្កាត់អំពើពុករលួយតាមរយៈគំនិតផ្តួចផ្តើមផ្សេងៗស្របតាមបរិបទ និងកាលៈទេសៈជាក់ស្តែង។

សូមបញ្ជាក់ដែរថា សិក្ខាសាលាស្តីពីការចូលរួមរបស់វិស័យធុរកិច្ចក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយនៅកម្ពុជា សហការរៀបចំដោយស្ថាប័នចំនួន៥រួមមាន ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងបទឧក្រិដ្ឋ(UNODC), អង្គភាពប្រឆាំងអំពើពុករលួយ, សភាពាណិជ្ជកម្មអឺរ៉ុប (EuroCham), តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSEZ), សហព័ន្ធនិយោជកនិងសមាគមពាណិជ្ជកម្មកម្ពុជា (CAMFEBA) និងគាំទ្រដោយរដ្ឋាភិបាលអូស្ត្រាលី៕