វៀតណាម​ស្នើ​កម្ពុជា​បញ្ចៀស​ការ ប៉ះទង្គិច​តាម​ព្រំដែន​ដោយ​ក្រុម​ជ្រុលនិយម​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 July, 2015 ក+ ក-

​ភ្នំពេញ​៖ក្រសួង​ការ​បរេ​ទេស​វៀតណាម កាលពី​ថ្ងៃ​ អង្គារ ​ទី​ ៣០​មិថុនា ម្សិលមិញ​នេះ បានស្នើ​ឲ្យ​កម្ពុជា​រៀបចំវិធានការ​ទប់ស្កាត់​កុំ​ឲ្យ​មាន​ករណី​បង្កជម្លោះ​តាម​ព្រំដែន​ម្តងទៀត ហើយ​បានចាត់ទុក​ការប៉ះទង្គិច​ដោយ​ហិង្សា​រវាង​អ្នកគាំទ្រ​បក្ស​សង្គ្រោះ​ជាតិ ជាមួយ​ប្រជាជន​វៀតណាម គឺ​បង្កឡើង​ដោយ​«​ក្រុម​ជន​ជ្រុលនិយម​»​។​

​ឆ្លើយតប​ទៅនឹង​សំណួរ​របស់​អ្នកសារព័ត៌មាន​វៀតណាម អ្នកនាំពាក្យ​ក្រសួងការបរទេស លោក​Le Hai Binh បានលើកឡើង​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​នេះ​ថា ក្រសួងការបរទេស​វៀ​ត​ណា​ម​បានស្នើ​ឲ្យ​អាជ្ញាធរ​កម្ពុជា​រៀបចំ​ជា​វិធានការ ដើម្បី​បង្ការ​កុំ​ឲ្យ​មាន​ជម្លោះ​នៅតាម​ព្រំដែន​ម្តងទៀត ដោយបាន​ចាត់ទុក​ការ ប៉ះទង្គិច​គ្នា​នៅតាម​បណ្តោយ​ព្រំដែន​ខេត្តស្វាយរៀង បង្កដោយ​«​ពួក​ជ្រុលនិយម​របស់​កម្ពុ​ជាមួយ​ចំនួន​»​។​

​សូម​រំលឹកថា កាលពី​ថ្ងៃអាទិត្យ តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ ដែល​ដឹកនាំ​ដោយ​លោក រៀល ខេ​ម​រិ​ន្ទ្រ លោក អ៊ុំ សំអាន និង​ប្រធាន​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម​នៅ​កម្ពុជា លោក ថាច់ សេដ្ឋា បាន​ដឹកនាំ​ប្រជាពលរដ្ឋ និង​ព្រះសង្ឃ​កម្ពុជា​ក្រោម​ប្រមាណ​២០០​អង្គ​/​នាក់ ចុះ​ពិនិត្យ​ព្រំដែន​ខេត្តស្វាយរៀង ត្រង់ចំណុច​ភូមិ​គោកធ្លក ឃុំ​ត្នោត ស្រុក​កំពង់រោទិ៍ ខេត្តស្វាយរៀង បន្ទាប់ពី​ទទួលដំណឹង​ពី​ប្រជាពលរដ្ឋ​ថា​វៀតណាម​បាន​រំលោភ​ទឹកដី​ខ្មែរ និង​កំពុង​ធ្វើ​ផ្លូវ​នៅ​តំបន់​ដែល​មិនទាន់​ឯកភាពគ្នា​បោះបង្គោល​។​ខណ​:​ប្រជាពលរដ្ឋ និង​តំណាងរាស្ត្រ​ចូលទៅ​ពិនិត្យ​ចំណុច​ព្រំដែន​ដែលមាន​ភាពមិនប្រក្រតី​នោះ ស្រាប់តែ​អាជ្ញាធរ​និង​ពលរដ្ឋ​វៀតណាម​បាន​ឃាត់​មិន​ឲ្យ​ចូល និង​បាន​ឈានដល់​ការ​រុញ​គ្នា​ទៅវិញទៅមក​បង្ក​ឲ្យ​តំណាងរាស្ត្រ​លោក រៀល ខេ​ម​រិ​ន្ទ្រ ឲ្យ​ធ្លាក់ទឹក និង​រងរបួស​ត្រង់​ដៃ ខ្នង និង​កញ្ចឹងក​ផងដែរ​។​

​លោក​Le Hai Binh បាន​ថ្លែងថា​លោក​ចាត់ទុកថា​ហិង្សា​កើតឡើង​កាលពី​ថ្ងៃអាទិត្យ ដោយសារ «​ពួក​ជ្រុលនិយម​កម្ពុជា​មួយចំនួន ដែល​រំលោភបំពាន​ច្បាប់​កម្ពុជា និង​វៀតណាម ក៏ដូចជា​សន្ធិសញ្ញា និង​កិច្ចព្រមព្រៀង​ដែល​ប្រទេស​ទាំងពីរ​បានធ្វើ​»​។ លោក​បញ្ជាក់ថា «​យើង​បានស្នើ​ឲ្យ​អាជ្ញាធរ​កម្ពុជា​រៀបចំ​ជា​វិធានការ​ក្នុងការ​ដោះ ស្រាយ​ឧបទ្ទវ​ហេតុនេះ​ឲ្យ​បាន​ត្រឹមត្រូវ និង​បង្ការ​សកម្មភាព​បែបនេះ​កុំ​ឲ្យ​កើតឡើង​ម្តងទៀត ដើម្បី​ធានា​ពី​ការអនុវត្ត​ឲ្យ​បាន​រលូន​នៃ​ការកំណត់​ព្រំដែន និង​បោះបង្គោល​ព្រំដែន ដើម្បី​ជា​ប្រយោជន៍​រួម​នៃ​ប្រជាជន​ទាំងពីរ​»​។​

​ភ្លាមៗ​បន្ទាប់ពី​ហិង្សា​កើតឡើង សាលាខេត្ត​ស្វាយរៀង​បានប្រកាស​មិន​ទទួលខុសត្រូវ​តាមផ្លូវ​ច្បាប់​លើ​ការ ប៉ះទង្គិច​នៅតាម​ព្រំដែន​រវាង​ប្រជាពលរដ្ឋ​កម្ពុជា និង​ប្រជាពលរដ្ឋ​វៀតណាម កាលពី​ថ្ងៃទី​២៨​ខែមិថុនា ដោយ​អះអាងថា​ក្រុម​ប្រជាពលរដ្ឋ​ចុះ​ពិនិត្យ​ព្រំដែន​មិនបាន​ជូនដំណឹង អាជ្ញាធរខេត្ត​ជាមុន​។ សាលាខេត្ត​ស្វាយរៀង​បាន​លើកឡើងថា​«​ក្នុងនាម អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​ស្វាយរៀង ខ្ញុំ​សូម​ប្រកាស​មិន​ទទួលខុសត្រូវ​ចំពោះ​ផ្លូវច្បាប់​ណាមួយ លើ​ហេតុការណ៍​ដែល​កើតមានឡើង​ខាងលើ ព្រោះ​សកម្មភាព​ខាងលើ ធ្វើឡើង​ដោយ​មិនបាន​ជូនដំណឹង និង​សហការ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ឡើយ គឺ​ក្នុង​គោលបំណង​បង្ក​ឲ្យ​មាន​អសន្តិសុខ តាម​ព្រំដែន ផ្ទុយ​ទាំងស្រុង​ពី​គោលជំហរ​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា ក៏ដូចជា​ផ្ទុយ​ទាំងស្រុង​ពី​វប្បធម៌​សន្ទនា ដែល​មេដឹកនាំ​បក្ស​ទាំង​ពីរបាន​ប្រកាន់យក​ក្នុងការ​ពិភាក្សា​បញ្ហា​ប្រទេសជាតិ បូរណភាព​ទឹកដី និង​អធិបតេយ្យភាព​ជាមួយ​ប្រទេសជិតខាង​ជាប់​ព្រំដែន ដោយ​ឈរលើ​មូលដ្ឋាន​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្តិ​នានា​ជា​ធរមាន​»​។​

​លោក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ ធ្លាប់​អះអាងថា​កន្លែង​ដែល​តំណាងរាស្ត្រ​ចុះ​ពិនិត្យ​ខ្សែបន្ទាត់​ព្រំ​ដែ ន​នោះ​ស្ថិតក្នុង​តំបន់​ចម្រូងចម្រាស​។ លោក​បាន​ថ្កោលទោស​នូវ​ទង្វើ​ដែល​បង្ក​ឲ្យ​មាន​ហិង្សា​កើតឡើង ចំពោះ​ដំណើរ​ចុះ​ពិនិត្យ​ខ្សែបន្ទាត់​ព្រំដែន​នេះ​៕

ផោិ

​អ្នកនាំពាក្យ​ក្រសួងការបរទេស​វៀត​ណា​ម លោក​Le Hai Binh(​រូបថត​ពី

​ក្រសួងការបរទេស​វៀត​ណា​ម​)