ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍ពុំបានថយចុះទេ គឺកើនឡើងជាងឆ្នាំមុន ដោយគ្រាន់តែក្នុងត្រីមាសទី៣ នៃឆ្នាំ២០១៩ នេះមានអ្នកស្លាប់ចំនួន ៤៨៨នាក់ស្លាប់ និងរងរបួសជាង ១៤០០នាក់ ដែលជាការ ព្រួយបារម្ភយ៉ាងខ្លាំងសម្រាប់ គ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ ត្រូវរកវិធានការថ្មីៗដែលមានប្រសិទ្ធិភាពជាងមុនដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។
នេះជាការលើកឡើងរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាល ជាតិ ថ្លែងក្នុងកិច្ចប្រជុំជាមួយដៃគូវិស័យឯកជនលើការរក្សាសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅអគ្គស្នងការ ដ្ឋាន នគរបាលជាតិកាល ពីរសៀលថ្ងៃទី១៧ តុលា។ ក្នុងកិច្ចប្រជុំនេះ នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន បានគូសបញ្ជាក់ថា ករណីនៃគ្រោះថ្នាក់ ចរាចរណ៍នេះបានកើតឡើងដោយសារកត្តាជាច្រើន តែក្នុងរយៈពេលចុងក្រោយនេះអាជ្ញាធររកឃើញថា ការបើក បរក្នុងល្បឿនលឿន និងការមិនគោរព សិទ្ធិអាទិភាពនៅក្នុងការបើកបរបានបណ្តាលឱ្យមានគ្រោះថ្នាក់ច្រើនជាងគេ បំផុត ដោយឯកឧត្តម បានលើកឡើងថា អ្នកដែលបង្កគ្រោះថ្នាក់ដោយការមិនគោរពសិទ្ធិអាទិភាពទាំងនោះនៅ ពេល ដែល គាត់បញ្ជាយានយន្តចូលមកក្នុងផ្លូវអាទិភាពរបស់គេ គឺចូលមកតែម្តងដោយគ្មានការប្រុង ប្រយ័ត្ន មិនបាន រង់ចាំយានយន្តដែលកំពុងធ្វើដំណើរនៅលើផ្លូវសិទ្ធិអាទិភាពទៅផុតសិនទេ ដែល នេះគឺជាមូលហេតុនៃគ្រោះថ្នាក់ ចរាចរណ៍ច្រើនជាងគេ។ ឯកឧត្តមថា បញ្ហានេះ គឺវាទាក់ទងទៅ នឹងច្បាប់ចរាចរណ៍យ៉ាងពិតប្រាកដ ដែលអ្នកបើក បរទាំងឡាយត្រូវមានការយល់ដឹង និងមានការ ប្រុងប្រយ័ត្នទាំងអស់គ្នា ទើបយើងអាចកាត់បន្ថយគ្រោះថ្នាក់ចរា ចរណ៍បាន។
នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន បានឱ្យដឹងផងដែរថា ភូមិសាស្ត្រដែលមានគ្រោះថ្នាក់ចរាចរណ៍ ច្រើនជាងគេ នៅក្នុងត្រីមាសទី៣ ឆ្នាំ២០១៩នេះគឺមាននៅ រាជធានីភ្នំពេញស្លាប់ ៨៣នាក់ ខេត្ត កណ្តាលស្លាប់ ៤៥នាក់ និង ខេត្តព្រះសីហនុស្លាប់ ៤១នាក់ និងទី៤ គឺខេត្តកំពង់ស្ពឺ តែពុំបានប្រាប់ ចំនួនអ្នកស្លាប់ទេ។
ដោយឡែកលោកជំទាវ មិន ម៉ាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជា អគ្គលេខាធិ ការ នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិចរាចរណ៍ផ្លូវគោកមានប្រសាសន៍ថា ការមិនគោរពច្បាប់ គឺជាការ បង្កគ្រោះថ្នាក់ចរាចរណ៍ជារៀងរាល់ថ្ងៃនៅកម្ពុជា។
ដូច្នេះលោកជំទាវបានអំពាវនាវទៅកាន់អ្នកកាន់ដៃចង្កូតយាន យន្តទាំងអស់សូមមេត្តាគោរពច្បាប់ ហើយត្រូវខ្លាចគ្រោះថ្នាក់សម្រាប់ខ្លួនឯង និងសម្រាប់អ្នកដទៃ ចៀសជាងខ្លាច ការផាកពិន័យរបស់ នគរបាលនៅពេលដែលខ្លួនមិនគោរពច្បាប់ដូចជាការបើករលើសល្បឿនកំណត់ ឬមិនពាក់មួក សុវត្ថិភាពសម្រាប់អ្នកជិះម៉ូតូជាដើម។
លោកជំទាវរដ្ឋលេខាធិការបានគូសបញ្ជាក់ថា លុយដែលបានមកពីការផាកពិន័យរបស់ នគរបាល ចំពោះអ្នក មិនគោរពច្បាប់ គឺមិនអាចយកមកអភិវឌ្ឍន៍ជាតិ បានទេដោយសារវាមានចំនួន តិចតួច ពេក ហើយនគរបាលក៏មិន ចង់ផាកពិន័យអីដែរ គឺសុំឱ្យតែអ្នកប្រើប្រាស់ផ្លូវសាធារណៈ គោរព ច្បាប់ដើម្បីសុវត្ថិភាពទាំងអស់គ្នាតែប៉ុណ្ណោះ៕