ភូមា៖បុរសជនជាតិភូមាម្នាក់ បានអះអាងថា ខ្លួនជាទាសករលើទូកនេសាទថៃ រយៈពេល២២ឆ្នាំ ទើបបានវិលមកជួបម្តាយជាស្រ្តីមេម៉ាយ និងប្អូនស្រីដែលចាប់កំណើតក្រោយ ពេលខ្លួនបានចាកចេញពីក្រុមគ្រួសារ ។ហេតុផលដែលខ្លួនអាចវិលមកវិញនេះគឺដោយសារមានការសង្គ្រោះពីសមត្ថកិច្ចរួមមានថៃ ភូមា និងឥណ្ឌូនេស៊ី។
បុរស Myin tNaing បានរៀបរាប់ថា គាត់បានចាកចេញពីប្រទេស និងបែកពីម្ដាយតាំងពីអាយុ១៨ឆ្នាំមកម្ល៉េះ។ ពេលនេះ ម្ដាយរបស់គាត់មានអាយុ៦០ឆ្នាំហើយ។ Myin tNaing និងស្ដ្រីមេម៉ាយជាម្តាយបានឱបរឹតគ្នាយ៉ាងលាយឡំដោយទឹកភ្នែក និងសំឡេងយំទួញសោក គួរឲ្យសង្វេគយ៉ាងខ្លាំង។
ម្ដាយក្រោយពីឱបថើបកូនដែលជាទីស្រលាញ់គាត់បានលុតជង្គង់អង្វរកូននៅចំពោះមុខអ្នកភូមិ សុំកុំឲ្យកូនចាកចេញពីគាត់ម្ដងទៀត។ Myin tNaing បានសម្រក់ទឹកភ្នែកទ្រហោយំហើយរៀបរាប់ថា« កូនបានព្យាយាមសម្លាប់ខ្លួន បោកខ្លួន នៅលើទូកសឹងតែរាល់ថ្ងៃគឺធ្វើយ៉ាងណាដើម្បីបានជួបម្ដាយ ។មានពេលខ្លះអ្នកមើលការខុសត្រូវលើទូកគំរាមបាញ់សម្លាប់កូនទៀត គឺពេលខ្លះកូនលើកដៃសំពះឲ្យបុរសនេះឆាប់បាញ់សម្លាប់កូនទៅ ប៉ុន្ដែគេទុកជីវិតឲ្យកូនរស់ ដើម្បីបម្រើពួកគេ»។
ប្អូនស្រីម្នាក់របស់ Myin tNaing មានអាយុជាង១០ឆ្នាំ ដែលកើតមិនទាន់ពេលបងចាកចេញពីផ្ទះសឹងតែមិនហ៊ាននិយាយរកបងទេ ដោយសារតែក្មេងស្រីនេះមិនដែលឃើញបងប្រុសរបស់ខ្លួនម្ដងណាសោះ។ ប៉ុន្ដែនៅពេលដែលឃើញម្ដាយចាប់ឱប Myin tNaing ហើយទ្រហោយំ ទើបក្មេងស្រីរូបនេះបានសួរថាតើគាត់ជាបងប្រុសខ្ញុំមែនទេ ហើយហេតុអីបានគាត់ចាកចេញពីផ្ទះយូរយ៉ាងនេះ។ គ្រួសារនៃអតីតទាសករទូកនេសាទសមុទ្រនៃប្រទេសថៃបានជួបជុំគ្នា ឡើងវិញហើយ Mying Naing ពេលនេះមានអាយុ៤០ឆ្នាំ។ គាត់បានបែកពីម្ដាយ និងប្អូនតាំងពីខ្លួនមានអាយុ១៨ឆ្នាំ។
Mying Naing បានរៀបរាប់ថា នៅលើទូកនេសាទថៃជាង២០ឆ្នាំ ខ្លួនគឺជាទាសករម្នាក់ ក្នុងចំណោមពួកគេ៨០០នាក់ មុនពេលត្រូវបានជួយសង្គ្រោះដោយរដ្ឋាភិបាលភូមា ថៃ និងឥណ្ឌូណេស៊ី ឲ្យពួកគេបានវិលមកជួបជុំគ្រួសារពួកគេវិញ។
គួរជម្រាបថា ថៃគឺជាប្រទេសមួយក្នុងតំបន់ដែលត្រូវបានចាត់ទុកថាមានទូកនេសាទសមុទ្រខុសច្បាប់ច្រើនជាងគេ និងបានជួញដូរមនុស្សក្នុងវិស័យនេសាទដែនសមុទ្រ។បើព័ត៌មានចុងក្រោយនេះទូកនេសាទសមុទ្រថៃប្រមាណជាង៥ពាន់គ្រឿងបានបញ្ឈប់ប្រតិបត្តិការរបស់ខ្លួនព្រោះរដ្ឋាភិបាលបានរឹតបណ្តឹងពីច្បាប់ទម្លាប់ ក្រោយពេលអឺរ៉ុបព្រមានដាក់ទណ្ឌកម្មទៅលើប្រទេសថៃ ដោយសារគេបានរកឃើញថាទូកនេសាទថៃកំពុងប្រព្រឹត្តិការជួញដូរមនុស្សក្នុងវិស័យឧស្សាហកម្មនេសាទសមុទ្រ។
ទីភ្នាក់ងារសារព័ត៌មាន AP និយាយថា គេបានជួប និងធ្វើសម្ភាសន៍ជាមួយអតីតទាសករលើទូកនេសាទថៃជាច្រើននាក់ក្នុងរយៈពេលបីឆ្នាំមកនេះ គឺមានចំនួន៣៤០នាក់ ដែលភាគច្រើនជាជនជាតិភូមា៕ដោយ៖រដ្ឋា
លោក Myin tNaing វិលជួបជុំគ្រួសារវិញ ក្រោយក្លាយខ្លួនជាទាសករលើទូកនេសាទថៃរយៈពេល២២ឆ្នាំ (រូបថត៖ AP)