ភ្នំពេញ ៖ ព្រឹទ្ធាចារ្យ សាស្ត្រាចារ្យ និងអ្នកស្រលាញ់សិល្បៈចាប៉ីដងវែង អំពាវនាវឲ្យមហាជនគាំទ្រសិល្បៈ ចាប៉ីដងវែង ដើម្បីអភិរក្សមរតកមួយនេះឲ្យបានស្ថិតស្ថេរគង់វង្ស។ការអំពាវនាវនេះ ធ្វើឡើងនៅក្នុង ពិធីមហោស្រពចាប៉ីដងវែងប្រចាំឆ្នាំ ២០១៩ នៅសាលអង្គរ-គីហ្សូណា នៃមជ្ឈមណ្ឌលសហប្រតិ បត្តិការ កម្ពុជា-ជប៉ុន (CJCC) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
ការអំពាវនាវនេះ ធ្វើឡើងចំពេលនៃការប្រារព្ធខួប៣ឆ្នាំនៃការ ការដាក់បញ្ចូលចាប៉ីដងវែង ក្នុង បញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ របស់អង្គការយូណេស្កូ នៅទីក្រុង អាឌីស អាបាបា ប្រទេសអេត្យូពី។ បើតាមលោក ពេជ្រ សារ៉ាត ប្រធានសហគមន៍ចាប៉ីអមតៈ បានបញ្ជាក់ថា កម្មវិធី មហោស្រពចាប៉ីដងវែងលើកទី២នេះ មានការជុំគ្នាជាទ្រង់ទ្រាយធំ គឺសម្តែងរួមគ្នា ៤៤រូប ដោយ ភ្ជាប់គោលបំណងធំៗ ៣សំខាន់ គឺចង់រំឮកការចងចាំនៃខួបដាក់ចាប៉ីដងវែង ចូលក្នុងបញ្ជីជាសម្បត្តិ បេតិកភណ្ឌមនុស្សជាតិ របស់អង្គការយូណេស្កូ កាលពីចុងឆ្នាំ ២០១៦ ផង និងនៅថ្ងៃ៣០ ខែវិច្ជិកា ។ ក្រៅពីនេះ ក៏ចង់ផ្សព្វផ្សាយឲ្យបានទូលំទូលាយពីសិល្បៈចាប៉ីដងវែងនេះផងដែរ ទៅដល់កូនខ្មែរ ជំនាន់ក្រោយបានស្គាល់វាឲ្យកាន់តែបានច្បាស់។ អ្វីដែលកាន់តែធ្វើឲ្យមានលក្ខណៈពិសេសខ្លាំងជាងឆ្នាំមុនៗ គឺដោយក្រុមសិល្បករចាប៉ីដងវែង ជា ច្រើន ទាំងក្មេងទាំងចាស់ ចូលរួមជាលក្ខណៈទ្រង់ទ្រាយធំចូលរួមសំដែង ដោយមានវត្តមានព្រឹទ្ធា ចារ្យ កោសល្យវោហា គង់ ណៃ ព្រឹទ្ធាចារ្យ អ៊ិន សារ៉ុន ព្រឹទ្ធាចារ្យ ឯ យិន និងលោកតា លោក យាយ យុវតី យុវជន កុមារ ចាប៉ីដងវែងសរុប ៤៤រូប។
គួរកត់សំគាល់ថា តន្ត្រីចាប៉ីដងវែងនេះ មានការពេញនិយមខ្លាំងក្លាណាស់អំឡុង នាទសវត្សរ៍ទី ៦០-៧០ ពីសំណាក់ប្រជាជនខ្មែរគ្រប់ស្រទាប់វ័យ ដោយសារជាសិល្បៈតន្ត្រីមួយប្រភេទ តម្រូវឲ្យ សិល្បករ មានបញ្ញាឈ្លាសវៃ ចំណេះដឹងទូលំទូលាយ ហើយមានសំនួនវោហារស័ព្ទណែងណង នឹកឃើញភ្លាមច្រៀងភ្លែត។
នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ តាមរយៈហ្វេសប៊ុកផេកផ្លូវការ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានចូលរួមអបអរសាទរខួប៣ឆ្នាំ (៣០ វិច្ឆិកា ២០១៦ – ៣០ វិច្ឆិកា ២០១៩) នៃការដាក់បញ្ចូលចាប៉ីដងវែង ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ របស់ អង្គការ យូណេស្កូ នៅទីក្រុង អាឌីស អាបាបា ប្រទេសអេត្យូពី។
សម្តេចបានអរគុណដល់ព្រឹទ្ធាចារ្យ សិល្បករចាប៉ីដងវែងទាំងឡាយ ដែលបានចូលរួមក្នុងការថែរក្សា នូវសិល្បៈមួយនេះ អោយបានគង់ វង្ស និងអរគុណដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈដែលតែងតែខ្នះខ្នែងក្នុងការសិក្សាស្រាវជ្រាវ ក៏ ដូចជារៀបចំស្នើទៅអង្គការយូណេស្កូ ក្នុងការដាក់បញ្ចូលសម្បត្តិវប្បធម៌របស់កម្ពុជាមួយចំនួន ចូល ក្នុងសម្បត្តិបេតិកភណ្ឌពិភពលោក។ សម្តេចតេជោ បានឲ្យជនរួមជាតិ បន្តថែរក្សាសម្បត្តិ បេតិក ភណ្ឌ វប្បធម៌ជាតិឲ្យនៅគង់វង្សជាបន្តបន្ទាប់ទៀត។ សូមជម្រាបផងដែរថា អង្គការយូណេស្កូ បាន ចុះបញ្ជីចាប៉ីដងវែងរបស់កម្ពុជា ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ ដែលស្ថិតក្នុងបញ្ជីបេតិកភណ្ឌអរូបីត្រូវការការសង្គ្រោះបន្ទាន់។ គណៈកម្មាធិការអភិរក្សបេតិកភណ្ឌវប្បធម៌អរូបី របស់អង្គការយូណេស្កូ បានអនុម័តលើការស្នើសុំ ជំនួយហិរញ្ញវត្ថុ ២៣ម៉ឺនដុល្លារអាមេរិក របស់កម្ពុជា សម្រាប់ការអភិរក្សចាប៉ីដងវែង។ គិតមកដល់ពេលនេះ កម្ពុជាមានសម្បត្តិបេតិកភណ្ឌពិភពលោក ទាំងអស់ចំនួន៨ហើយ ដែលក្នុង នោះចែកជា សម្បត្តិវប្បធម៌រូបី៣ និងសម្បត្តិវប្បធម៌អរូបី៥។ ១៖ តំបន់អង្គរវត្ត (សម្បត្តិវប្បធម៌រូបី), ២៖ របាំព្រះរាជទ្រព្យ (អរូបី), ៣៖ ល្ខោនស្រមោលស្បែក ឬល្ខោនស្បែកធំ (អរូបី), ៤៖ប្រាសាទ ព្រះវិហារ (រូបី), ៥៖ ល្បែងទាញព្រ័ត្រ (អរូបី), ៦៖ ចាប៉ីដងវែង (អរូបី), ៧៖ ប្រាសាទសំបូរព្រៃគុក (រូបី) និង៨៖ ល្ខោនខោលវត្តស្វាយអណ្ដែត (អរូបី)៕