បន្ទាយមានជ័យ ៖ យោងតាមសម្តីរបស់ប្រធានមណ្ឌលជីវិតថ្មីភ្នំបាក់ ដែលស្ថិតនៅភូមិភ្នំបាក់សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានអោយដឹងថា យុវជនប្រមាណជាង ២០០នាក់ក្នុងចំណោម ៨២៦នាក់ដែលកំពុងអប់រំបន្សាបសារធាតុញៀន បាន និងកំពុងបញ្ជូនជាបន្តបន្ទាប់ទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ជប៉ុនមង្គលបូរី បន្ទាប់ពីសង្ស័យថា បានពុលបន្លែត្រសក់ស្រូវ។ឧបទ្ទវហេតុនេះ បានចាប់ផ្ដើមឡើងតាំងពីព្រឹកវេលាម៉ោងប្រមាណជា ១១ រហូតដល់យប់ថ្ងៃទី០១ ខែឆ្នូ ឆ្នាំ២០១៩ ។
ដើម្បីសំរួលដល់ការដឹកជញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យ លោកឧត្ដមសេនីយទោ អាត់ ខែម ប្រើប្រាស់កម្លាំងនគរបាលនៃស្នងការនគរបាលខេត្តនិងរថន្ដសង្គ្រោះនិងរថយន្ដអន្តរាគមន៍។
ឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា ស្ថានភាពនៃអ្នករងគ្រោះក្រុមគ្រូពេទ្យនៅអាចគ្រប់គ្រងនិងព្យាបាលបាន មិនទាន់មានអ្វីប្រែប្រួលទេ តែទោះជាយ៉ាងណាក្រុមគ្រូពេទ្យនៅតែដុតដៃ ដុតជើង ក្នុងការតាមដានព្យាបាលមិនអាចប្រហែសបានទេ ហើយរហូតមកទល់ម៉ោង៧យប់ថ្ងៃកើតហេតុនេះ មានលោកគ្រូ អ្នកគ្រូពេទ្យខ្លះនៅមិនទាន់បានទទួលទានអាហារនៅឡើយទេ ដើម្បីរង់ចាំទទួលអ្នករងគ្រោះ។
សូមបញ្ជាក់ផងដែរថា អ្នករងគ្រោះពីការពុលត្រសក់ស្រូវ បានកើនដល់ ២១១នាក់ហើយ ខណៈអ្នកស្លាប់ក្នុងហេតុការណ៍ពុលគិតមកដល់ព្រលប់ថ្ងៃដដែលនេះ មានត្រឹមតែម្នាក់ប៉ុណ្ណោះ តែបើតាមស្ថានភាពជំងឺរបស់អ្នករងគ្រោះ ចំនួននេះអាចមានការប្រែប្រួលនៅថ្ងៃទី២ ឬទី៣ខែធ្នូ ខាងមុខ៕