ភ្នំពេញ ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង លោក មិកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានចុះហត្ថលេខា លើលិខិតប្ដូរសារស្ដីពីការផ្ដល់ហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ដែលមានទឹកប្រាក់ សរុបចំនួន ២ ៤០៥ ០០០ ០០០ យ៉េន (ជាង២២លានដុល្លារ) សម្រាប់អនុវត្តគម្រោង «ពង្រីកប្រព័ន្ធផ្គត់ផ្គង់ ទឹកស្អាត នៅខេត្តពោធិ៍សាត់»។ ពិធីចុះហត្ថលេខានេះធ្វើឡើងកាលពីថ្ងៃទី៤ ខែធ្នូ នៅទីស្ដីការក្រសួងការ បរទេស និងសហប្រតិបត្តិការអន្តរជាតិ។
ការផ្ដល់ហិរញ្ញប្បទានឥតសំណងនេះ គឺជាការបង្ហាញអំពីការបេ្តជ្ញាចិត្តរបស់ប្រទេសជប៉ុន ក្នុងការរួមចំណែកធ្វើឲ្យប្រសើរឡើងនូវបរិស្ថានរស់នៅក្នុងប្រទេសកម្ពុជា ជាពិសេសវិស័យទឹកស្អាត។ លោក មិកាមិ ម៉ាសាហ៊ីរ៉ូ បានថ្លែងថា លោកមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានចូលរួមក្នុងពិធីចុះហត្ថលេខាលើលិខិតប្ដូរសារសម្រាប់ “គម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តពោធិ៍សាត់” ដែលជាហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន។
លោកបន្តថា តាមរយៈហិរញ្ញប្បទានឥតសំណងប្រមាណ ២២លានដុល្លារអាមេរិក (២៤០៥លានយ៉េន) ដែលបានចុះហត្ថលេខានេះ ជប៉ុននឹងសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាត និងរៀបចំប្រព័ន្ធចែកចាយទឹកជាដើម ក្នុងក្រុងពោធិ៍សាត់។
ឯកអគ្គរាជទូតជប៉ុនបានបញ្ជាក់ថា ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងជប៉ុន និងកម្ពុជាបាននឹងកំពុងពង្រីកដល់វិស័យជាច្រើន ហើយទាំងអស់ក៏ទទួលបានលទ្ធផលដ៏ធំធេង ដូច្នេះហើយលោកគិតថា កិច្ចសហប្រតិបត្តិការទាំងនេះ បានចូលរួមចំណែកក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គមកម្ពុជា ទោះបីជាតិចតួចក្តី។
ក្នុងនោះ កិច្ចសហប្រតិបត្តិការក្នុងវិស័យផ្គត់ផ្គង់ទឹកស្អាត គឺគួរឲ្យកត់សម្គាល់សម្រាប់រយៈពេលដ៏វែងនិងទំហំដ៏ធំនៃសមិទ្ធផលដែលសម្រេចបាន។ តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់អ្នកជំនាញការបច្ចេកទេសជប៉ុន និងកម្ពុជា យើងអាចសម្រេចបាននូវសមទ្ធផលដែលត្រូវបានហៅថា “ភ្នំពេញអច្ឆរិយៈ” នៅរាជធានីភ្នំពេញ។ ប៉ុន្តែអត្រាផ្គត់ផ្គង់ទឹកស្អាត និងគុណភាពទឹកនៅតំបន់ជាច្រើននៅក្នុងខេត្តក្រុងផ្សេងទៀតមានស្ថានភាពខ្វះខាតច្រើន។ ក្រសួងឧស្សាហកម្ម និងសិប្បកម្មបានកំណត់គោលដៅនៃអត្រាផ្គត់ផ្គង់ទឹកស្អាតឲ្យបាន១០០ភាគរយនៅគ្រប់តំបន់ទូទាំងប្រទេសកម្ពុជាត្រឹមឆ្នាំ ២០២៥ ។
តាមរយៈគម្រោងនេះ លោករំពឹងថាអត្រាផ្គត់ផ្គង់ទឹកស្អាតក្នុងក្រុងពោធិ៍សាត់នឹងមានការកើនឡើង ហើយអត្រាផ្គត់ផ្គង់ទឹកស្អាតនៅទីក្រុងផ្សេងទៀតនឹងមានការអភិវឌ្ឍកាន់តែខ្លាំង។ ទោះបីជាបច្ចុប្បន្ននេះកម្ពុជាមានការរីកចម្រើនគួរឲ្យកត់សម្គាល់ក៏ដោយ លោកគិតថាមិនត្រឹមតែការផ្គត់ផ្គង់ទឹកស្អាតប៉ុណ្ណោះទេ ប៉ុន្តែកម្ពុជានៅមានកិច្ចការជាច្រើនដែលត្រូវដោះស្រាយដើម្បីលើកកម្ពស់ជីវភាពប្រជាជន ដូចជាប្រព័ន្ធទឹកកខ្វក់បញ្ហាសំរាម និងការកកស្ទះចរាចរណ៍ជាដើម។ ប្រទេសជប៉ុនសង្ឃឹមថានឹងអាចជួយដោះស្រាយបញ្ហាទាំងនោះបានដោយប្រើប្រាស់នូវគម្រោងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចផ្សេងៗ៕