អាមេរិក៖អ្នកប្រដាល់ដ៏ល្បីល្បាញរបស់អាមេរិក Floyd Mayweather ត្រូវបានស្ថាប័នកីឡាប្រដាល់ពិភពលោក WBO ដកហូតយកខ្សែក្រវាត់ពិភពលោកក្នុងទម្ងន់មធ្យមដែលបានឈ្នះពីកីឡាករ Manny Pacquiao ក្នុងការប្រកួតកាលពីខែឧសភាកន្លងទៅ ដោយសារ Floyd មិនបានគោរពទៅតាមច្បាប់របស់WBO ។នេះបើយោងតាមការផ្សាយរបស់សារព័ត៌មានTelegraph របស់អង់គ្លេស។
ប្រព័ន្ធផ្សព្ធផ្សាយ Telegraph បានសរសេរថា Floyd បានខកខានក្នុងការបង់ប្រាក់ចំនួន២០០ ០០០ដុល្លារអាមេរិកសម្រាប់ការប្រកួតដណ្តើមខ្សែក្រវាត់ជាមួយ Pacquiao កាលពីថ្ងៃទី២ ខែឧសភា នៅទីក្រុង Las Vegas ដែលកីឡាកររូបនេះទទួលបានប្រាក់យ៉ាងតិច២០០លានដុល្លារពីការប្រកួត នេះ។ WBOបានកំណត់ឲ្យ Floyd ត្រូវបង់ប្រាក់នោះត្រឹមថ្ងៃសុក្រសប្ដាហ៍មុន។ ច្បាប់របស់WBO ក៏តម្រូវឲ្យម្ចាស់ខ្សែក្រវាត់WBO ត្រូវបោះបង់ខ្សែក្រវាត់ក្នុងប្រភេទទម្ងន់ផ្សេងទៀតផងដែរ។
នាពេលបច្ចុប្បន្ន Floyd ក៏ជាម្ចាស់ខ្សែក្រវាត់ WBCនិងWBA ផងដែរក្នុងប្រភេទទម្ងន់៦៩គីឡូក្រាមនិងទម្ងន់៦៦គីឡូក្រាម។
WBO បានប្រកាសថា វាជាការផ្ទុយនឹងច្បាប់សម្រាប់អ្នកប្រដាល់រូបណាដែលគ្រងតំណែង ជើងឯកពិភពលោកក្នុងប្រភេទទម្ងន់ច្រើនផ្សេងគ្នា ហើយ Floyd ត្រូវតែសម្រេចថាតើទម្ងន់ណាដែលគាត់ចង់រក្សាទុក។
គួរបញ្ជាក់ថា ក្នុងការប្រកួតប្រចាំសតវត្សរ៍កាលពីដើមខែឧសភា Floydបានយកឈ្នះPacquiao ដោយពិន្ទុឯកច្ឆន្ទ ដែលធ្វើឲ្យលោកនៅតែអាចរក្សាកំណត់ត្រាមិនដែលចាញ់ដដែល (ឈ្នះទាំង៤៨លើកនិងផ្ដួលគូប្រកួតឲ្យសន្លប់២៦លើក)៕
ការប្រកួតរវាង Floyd និង Pacquiao កាលពីដើមខែឧសភា (រូបពីWall Street Journal)