អ្នកទោស​ក្នុង​គុក​ម្នាក់​ទូរស័ព្ទ​ជំរិត​ទារ ប្រាក់​ពី​ថៅកែ​សាំង​ហ្គា​ពួរ​បាន​៥​ម៉ឺន​ដុល្លារ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 September, 2014 ក+ ក-

ភ្នំពេញ​៖ ជនសង្ស័យ​ពីរនាក់ត្រូវបាន​​ឃាត់ខ្លួន កាលពី​ម៉ោង​៦​និង​១៥​នាទី​ព្រលប់ ថ្ងៃ​ទី​១៨ខែ កញ្ញាឆ្នាំ​២០១៤ ពាក់ព័ន្ធ​ការ​គំរាម​ទារប្រាក់​ចំនួន​៥​ម៉ឺន​ដុល្លារ​អាមេរិក​ពី​ថៅកែ​ជនជាតិ​ចិន​សាំង​ហ្គា​ពួរនិង​ជា​អគ្គនាយក​ក្រុមហ៊ុន HLH​។​

មន្ត្រី​ប៉ូលីស​មួយរូបបាន​បញ្ជាក់ថា កម្លាំង​សម​ត្ត​កិច្ច​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ សហការ​ជាមួយ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ខេត្តកណ្តាល​ ចាប់ជនសង្ស័យ​​៣​នាក់ ទី​១.​ឈ្មោះ ឡេង សុខ​លាង អាយុ ២៨​ឆ្នាំ មន្ត្រី​ពន្ធនាគារ​ខេត្តកណ្តាល ផ្នែក​កាន់​សោរ​គុក ទី​២.​ឈ្មោះ ជួន រតនៈ មន្ត្រី​ពន្ធនាគារ ផ្នែក ការពារ​ទណ្ឌិត និង​ទី​៣.​ឈ្មោះ សៅ កុសល (​អ្នក​កំពុង​ជាប់គុក​) ជា​មេខ្លោង​រៀបចំ​ផែនការ​។ ចំណែក​ជនរងគ្រោះ ជា​ជន​ជាតិចិន​សាំង​ហ្គា​ពួរ និង​ជា​អគ្គនាយក​ក្រុមហ៊ុន HLH Agriculture Cambodia រកស៊ី​នៅ​ប្រទេស​កម្ពុជា​វិស័យ​កសិកម្ម ។​

មន្ត្រី​ដដែល​បន្តថា អ្នករៀបចំ​គម្រោង​នេះ​គឺជា​ទណ្ឌិត​ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ខេត្តកណ្តាល​។​គេ​បាន​ទាកទង​តាម​ទូរស័ព្ទ​ទៅកាន់​ថៅកែ​ជនជាតិ​ចិន​សាំង​ហ្គា​ពួរ តាមរយៈ​ស្ត្រី​ម្នាក់​ដែលជា​អ្នក​អនាម័យ នៅ​ក្រុមហ៊ុន HLH ។​ក្រោយពី​ពួកគេ​សាកសួរ​ដឹង​រឿងរ៉ាវ​ផ្ទៃក្នុង​អស់ហើយ ក៏បាន​ចាប់ផ្តើម​ប្រើល្បិច​ជំរិត​ទារប្រាក់​ចំនួន​៥​ម៉ឺន​ដុល្លារ​ពី​ថៅកែ​ជនជាតិ​សាំង​ហ្គា​ពួរ​នោះ​តែម្តង​ដោយ គំរាមថា ប្រសិនបើ​មិន​ឲ្យ​តាម​ការទាមទារ​នោះទេ​គេ​នឹង​សម្លាប់ចោល​។

ដោយសារ​ការភ័យខ្លាច​ថៅកែ ជនជាតិ​សាំង​ហ្គា​ពួរ​រូបនោះ បាន​យល់​ប្រគល់​លុយ​ចំនួន​៥​ម៉ឺន​ដុល្លារ តាមរយៈ​កន្លែង​ផ្ទេរប្រាក់ WING​។ លុះដល់​ពេលវេលា​នៅ​ថ្ងៃទី​១៨ ខែកញ្ញា ទៅយក​លុយ ជន​ចាប់ជំរិត (​កំពុង​ជាប់ឃុំ​) បាន​ឲ្យ​អនុរក្ស​ពន្ធនាគារ ២​នាក់​ទៅយក​លុយ នៅ​សាខា WING ចាក់ អង្រែ​ក្រោម ខណ្ឌមានជ័យ នៅ​ល្ងាច​ថ្ងៃទី​១៨ ខែកញ្ញា​នេះ ត្រូវបាន​កម្លាំង​អាវុធហត្ថ រាជធានី​ភ្នំពេញ ចាប់ខ្លួន​តែម្តង​។​

គេ​បានដឹងថា បច្ចុប្បន្ន​នៅក្នុង​ពន្ធនាគារ​ខេត្តកណ្តាល អ្នកទោស​អាចមាន​សិទ្ធិ​ទូរស័ព្ទ​ចេញចូល បាន​ដោយ​សេរី តាម​អ្នករកស៊ី​ទូរស័ព្ទ​សាធារណៈ​នៅក្នុង​នោះ​ដោយ​យក​ថ្លៃ​ក្នុង​មួយ​នាទី ៣.០០០​រៀល ៕​រដ្ឋា​

Untitled-1

​                                                                       ជនសង្ស័យពេលសមត្ថកិច្ចឃាត់ខ្លួន​

Untitled-1