តុលាការ​ក្រុងឡាអេ បើកសវនាការ​ជម្លោះដែនសមុទ្រ​ចិន​ជាមួយ​ហ្វី លីពីន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 July, 2015 ក+ ក-

​ហ្វី​លី​ពី​ន៖យោងតាម​កាសែត​ក្នុងស្រុក​របស់​ហ្វីលីពីន​បាន​ឲ្យ​ដឹងថា ខែកក្កដា នេះ តុលាការ​យុត្តិធម៌​អន្តរជាតិ​(ICJ) នៅ​ទី​ក្រុងឡាអេ នឹង​ចាប់ផ្ដើម​បើកសវនាការ ក្នុង​សំណុំរឿង​ជម្លោះព្រំដែន​សមុទ្រ​តាម​បណ្ដឹង​របស់​ប្រទេស​ហ្វីលីពីន ដែល​ប្ដឹង​ចោទ​ប្រទេស​ចិន​ពីបទ​រំលោភ​យក​កោះ និង​ឈ្លានពាន​ដែនទឹក​របស់ខ្លួន ។​

​កាសែត​បានសរសេរថា ហ្វីលីពីន​បាន​ប្ដឹង​ទៅកាន់​តុលាការ​យុត្តិធម៌​អន្តរជាតិ​កាលពី​ឆ្នាំ​២០១៣ ដោយ​ចោទ​ក្រុង​ប៉េកាំង​ថា​បាន​ចូលមក​ទន្ទ្រាន​លើ​ប្រជុំ​កោះ​ស្កា​បូ​រ៉ូ ដែលជា​បណ្ដាញ​នៃ​ប្រជុំ​កោះ​ស្ព្រា​ត​លី​។ បណ្តឹង​នេះ ដោយយោង​លើ​ច្បាប់​សមុទ្រ​របស់​អង្គការសហប្រជាជាតិ​ឆ្នាំ​១៩៨២ ដែល​កំណត់ថា ដែនទឹក​មាន​ជម្លោះ​ដែល​ថិ​ត​នៅ​ជិត​ប្រទេស​ណា​ជាងគេ គឺជា​របស់​ប្រទេស​នោះ ដោយ​គិត​ត្រឹម​២០០​គីឡូម៉ែត្រ​ពី​ច្រាំង​របស់​ប្រទេស​នីមួយៗ​។​

​រដ្ឋាភិបាល​ហ្វីលីពីន​ធ្លាប់បាន​អះអាងថា កោះ​ស្កា​បូ​រ៉ូ មាន​ចំងាយ​ជិត​២០០​គីឡូម៉ែត្រ​ពី​ប្រទេស​របស់ខ្លួន ចំណែក​ប្រទេស​ចិន​មាន​ចម្ងាយ​ជិត​៦០០​គីឡូម៉ែត្រ​ពី​តំបន់​មាន​ជម្លោះ​នោះ​។​

​ក្រោយពេល​ដឹងថា ហ្វីលីពីន​ប្តឹង​ខ្លួន​ទៅ​តុលាការក្រុង​ឡា​អរ ចិន​បាន​ប្រកាន់​ជំហរ​ថា ខ្លួន​នឹង​ច្រានចោល​សេចក្ដីសម្រេច​របស់ ICJ បើ​សម្រេច​ឲ្យ​ចិន​ចាញ់ក្ដី ឬក៏​ចាញ់​ប្រៀប​ប្រទេស​ហ្វីលីពីន​។ ជាមួយគ្នានេះ អ្នកជំនាញ​ច្បាប់​អន្តរជាតិ ព្រមាន​ថា សេចក្ដីសម្រេច​របស់ ICJ នឹងមាន​ប្រសិទ្ធ​តិចតួច​លើ​ប្រទេស​ចិន ប៉ុន្តែ​អាចអនុវត្ត​មាន​ប្រសិទ្ធភាព លុះត្រាតែ​ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ​ចូល​អន្តរាគមន៍ រឿងក្ដី​។ យ៉ាងណាក៏ដោយ ចិន​នៅមាន​សិទ្ធ​បោះឆ្នោត​ជំទាស់ ក្នុងនាម​ជា​សមាជិក​អ​ចី​ន្ត្រៃ​យ៍​មួយ​របស់​ក្រុមប្រឹក្សា​ពិភពលោក​នេះ​។​

គួរ​ជម្រាប​ថា ប្រទេស​ហ្វីលីពីន​បាន​ចោទ​ចិន​ចូលលុកលុយ​ដែន​កោះ​របស់ខ្លួន តាំងពី​ឆ្នាំ​១៩៩៩ តែ​ការតវ៉ា​ក្នុង​ក្របខណ្ឌ​ការទូត​ប៉ុណ្ណោះ លុះ​នៅ​ឆ្នាំ​២០១៣​ទើប​រដ្ឋបាល​ក្រុង​ម៉ានីល​បានសម្រេច​ប្ដឹង​ជា​ផ្លូវការ​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ ហើយ តុលាការ​នឹង​លើកយក​សំណុំរឿង​ខាងលើ​មក​បើកសវនាការ​នៅ​ខែកក្កដា​នេះ​៕ដោយ៖បូរ៉ាស៊ី
nmdf

តំបន់​កោះ​ស្កា​បូ​រ៉ូ ដែល​ហ្វី​លី​ពិន​បាន​ប្តឹងទៅ​តុលាការ ICJ ថា​ចិន​រំលោភ​យក (​រូបថត​៖ Reuters)