វូហាន ៖ បុគ្គលិកពេទ្យយោធា៧៩៥នាក់ និងបរិក្ខារពេទ្យ៥៨តោនត្រូវបានបញ្ជូនតាមយន្ដ ហោះដឹកជញ្ជូនសរុបចំនួន០៨គ្រឿង មកពីកងកម្លាំងទ័ពអាកាសនៃកងទ័ពរំដោះប្រជាជនចិន (PLA) បានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិវូហានធានហេ (Wuhan Tianhe International Airport) កាលពីថ្ងៃអាទិត្យដើម្បីជួយប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណា។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។
យន្ដហោះដឹកជញ្ជូនខាងលើ បានចាកចេញពីមូលដ្ឋានយោធាមួយកាលពីថ្ងៃអាទិត្យម្សិលមិញ និងបានទៅដល់ទីក្រុង សិនយ៉ាង (Shenyang), ឡានចូវ (Lanzhou), ក្វាងចូវ (Guangzhou) ព្រមទាំងទីក្រុង ណាននីង (Nanjing) ហើយក្រោយទម្លាក់បុគ្គលិកពេទ្យយោធា និងបិរក្ខារពេទ្យ យន្ដហោះទាំងនេះបានបន្តដំណើរជាថ្មី និងបានទៅដល់ទីក្រុង វូហាន ដោយជោគជ័យនៅចន្លោះម៉ោង ៨៖៥៥ និងម៉ោង ៩៖៣០នាទីព្រឹកថ្ងៃអាទិត្យ។
នេះគឺជាការបញ្ជូនយន្ដហោះដឹកជញ្ជូនទ្រង់ទ្រាយធំបំផុតមួយ របស់កងទ័ពរំដោះប្រជាជនចិន ដែលមិនស្ថិតនៅក្រោមប្រតិបត្តិការយោធា បន្ទាប់ពីប្រតិបត្តិការជួយសង្រ្គោះជនរងគ្រោះដោយរញ្ជួយដីនៅឆ្នាំ២០០៨ ក្នុងខេត្ត ស៊ីឈាន់ (Sichuan) និងគ្រោះរញ្ជូយដីវាយប្រហារខេត្ត ឈីងហៃ (Qinghai) នៅឆ្នាំ២០១០។
សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ ចំនួនមនុស្សស្លាប់ដោយសារវីរុសផ្លូវដង្ហើមថ្មី កូរ៉ូណា បានកើនដល់៤២៥នាក់ និងមនុស្សចំនួនជាង២ម៉ឺននាក់ទៀតឆ្លងនៅក្នុងប្រទេសចិន៕