កម្ពុជា ហៅការសម្រេចរបស់ EU ជុំវិញបញ្ហា EBA ថា ធ្វើឡើងក្រោមហេតុផលនយោបាយ និងជាការអនុវត្តស្តង់ដារពីរភ្នំពេញ ៖ គណៈកម្មការសហភាពអឺរ៉ុប នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ នេះ បានចេញសេចក្តីសម្រេចព្យួរផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធ EBA ចំពោះប្រទេសកម្ពុជា។ ភ្លាមៗបន្ទាប់ពីការប្រកាសព្យួរផ្នែកខ្លះនៃ EBA ក្រសួងការបរទេសកម្ពុជា បានចេញសេចក្តីថ្លែងការណ៍មួយដោយចាត់ទុកសេចក្តីសម្រេចរបស់សហភាពអឺរ៉ុបថា ជារឿងដ៏អយុត្តិធម៌ដែលផ្តើមចេញពីការភាន់ច្រលំ និងការយល់ខុសពីតថភាព ជាក់ស្តែងនៅកម្ពុជា។ ក្រសួងការបរទេសកម្ពុជាក៏បាន ហៅសេចក្តីសម្រេចរបស់សហភាពអឺរ៉ុប នេះថា បានធ្វើឡើងក្រោមហេតុផលនយោបាយ និងជាការអនុវត្តស្តង់ដារពីរ។
សហភាពអឺរ៉ុបនៅថ្ងៃទី១២ ខែកុម្ភៈ នេះ បានប្រកាសពីសម្រេចដកហូតផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធ«គ្រប់មុខទំនិញ លើកលែងសព្វាវុធ» ឬហៅកាត់ថា EBA ជាបណ្តោះអាសន្នដោយលើកហេតុផលថា កម្ពុជាបានរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ និងជាប្រព័ន្ធដែលផ្ទុយទៅនឹងកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ។ស្របពេលដែលកម្ពុជា កំពុងបាត់បង់ផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធគណៈកម្មការអឺរ៉ុបនៅថ្ងៃជាមួយគ្នាបានស្វាគមន៍ការសម្រេចរបស់សភាខ្លួន ក្នុងការអនុម័តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយវៀតណាម និងសាទរចំពោះការប្រឹងប្រែងរបស់វៀតណាម ក្នុងការធ្វើឲ្យប្រសើរឡើងនូវសិទ្ធិការងារ។ គណៈកម្មការអឺរ៉ុប ថា កិច្ចព្រមព្រៀងនឹងត្រូវចូលជាធរមាននៅឆ្នាំ២០២០ នេះ បន្ទាប់ពីសភាវៀតណាមផ្តល់សច្ចាប័ន។
សេចក្តីថ្លែងការណ៍ក្រសួងការបរទេសកម្ពុជា ចេញផ្សាយនាយប់ថ្ងៃទី១២ ខែកុម្ភៈ បានសរសេរថា ៖ « សេចក្តីសម្រេចនេះ មិនមានអ្វីក្រៅពីការអនុវត្តស្តង់ដារទ្វេ នៅពេលដែលយើងប្រៀបធៀបប្រព្រឹត្តកម្មរបស់សហភាពអឺរ៉ុប ជាមួយនឹងដៃគូពាណិជ្ជកម្មដទៃទៀត។ ទោះបីជាសេចក្តីសម្រេចនេះបានទទួលស្គាល់វឌ្ឍនភាពជាក់ស្តែងដែលរាជរដ្ឋាភិបាលកម្ពុជា សម្រេចបាននៅក្នុងវិស័យជាច្រើន ក្នុងការឆ្លើយតបទៅនឹងក្តីកង្វល់របស់គណៈកម្មការអឺរ៉ុប ក៏ដោយ ក៏សេចក្តីសម្រេចនេះ ពុំបានទទួលស្គាល់ និងគោរពបញ្ហាជាមូលដ្ឋាននៃអធិបតេយ្យរបស់កម្ពុជា ដែលពុំមែនជាកម្មវត្ថុនៃការចរចាប្រព័ន្ធអនុគ្រោះពន្ធ ឬជាកម្មវត្ថុនៃការផ្លាស់ប្តូរដើម្បីជំនួយអភិវឌ្ឍន៍នោះឡើយ»។
សេចក្តីថ្លែងការណ៍នេះ បានបញ្ជាក់ថា «រាជរដ្ឋាភិបាលកម្ពុជា មានការសោកស្ដាយចំពោះសេចក្ដីសម្រេចដ៏អយុត្តិធម៌របស់គណៈកម្មការអឺរ៉ុប នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ ពាក់ព័ន្ធនឹងការដកជាបណ្តោះអាសន្ននូវផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធ “គ្រប់មុខទំនិញលើកលែងសព្វាវុធ” ដែលអនុលោមតាមមាត្រា ១៩ នៃបទប្បញ្ញត្តិ ស្តីពីប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) របស់សហភាពអឺរ៉ុប។ ទស្សនាទានស្តីពី “ការរំលោភបំពានធ្ងន់ធ្ងរ និងមានលក្ខណៈជាប្រព័ន្ធ” ដូចបានចែងក្នុងបទប្បញ្ញត្តិស្តីពីប្រព័ន្ធអនុគ្រោះពន្ធទូទៅ ដែលផ្តើមចេញពីការភាន់ច្រឡំ និងការយល់ខុសអំពីតថភាពជាក់ស្តែងនៅកម្ពុជា ត្រូវបានយកមកប្រើប្រាស់តាមទំនើងចិត្ត ដើម្បីចាប់ផ្តើមនីតិវិធីដកប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជា»។
ទោះយ៉ាងនេះក្តី ក្នុងសេចក្តីថ្លែងការណ៍ដដែលនោះ កម្ពុជាបានបញ្ជាក់ជំហសោយទន់ភ្លន់ថា នឹងនៅតែប្តេជ្ញាពង្រឹងទំនាក់ទំនង ជាមួយសហភាពអឺរ៉ុបដោយឈរលើស្មរតីគោរពនិងការទទួលផលប្រយោជន៍ពីគ្នាទៅវិញទៅមក និងបន្តអនុវត្តន៍តាមប្រព័ន្ធប្រជាធិបតេយ្យសេរីពហុបក្ស។
តំណាងជាន់ខ្ពស់ទទួលបន្ទុកកិច្ចការបរទេសរបស់ EU លោក Josep Borrel បានលើកឡើងនៅក្នុងសេចក្ដីប្រកាសព័ត៌មានដែល ចេញនៅថ្ងៃពុធ ថា៖ «សហភាព អឺរ៉ុប នឹងមិនឈរមើលនោះ ឡើយ នៅពេលដែលប្រជាធិបតេយ្យត្រូវបានផាត់ចោលការ គោរពសិទ្ធិមនុស្ស ត្រូវបានរឹតត្បិត ហើយសេរីភាពនៃការ ជជែកពិភាក្សាត្រូវបានបំបាត់»។
តាមសេចក្តី ប្រកាសព័ត៌មាន របស់គណៈកម្មការអឺរ៉ុប ដដែលបង្ហាញថា ការដកហូតផ្នែកខ្លះនៃ EBA នេះ នឹងប៉ះពាល់ដល់ការនាំចេញរបស់កម្ពុជាទៅកាន់សហភាព អឺរ៉ុប ជារៀងរាល់ឆ្នាំក្នុងទំហំទឹកប្រាក់ប្រហែល ១.១០០លានដុល្លា ក្នុងនោះប៉ះពាល់ដល់ផលិតផលស្បែកជើង និងសម្លៀកបំពាក់ខ្លះ ខណៈដែលផលិតផលសម្រាប់ធ្វើដំណើរក៏ដូចជាស្ករ ស ត្រូវបានដកហូតទាំងអស់។ ប្រសិនបើ មិនមានការជំទាស់ពីសភា និងក្រុមប្រឹក្សាអឺរ៉ុបនោះទេ សេចក្តីសម្រេចពីការដកហូតផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធជាបណ្តោះអាសន្ន នេះ នឹងចូលជាធរមាននៅ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ ខាងមុខ។
អតីតប្រធានគណបក្សប្រឆាំងដែល កំពុងរស់នៅនិរទេសខ្លួន នៅបរទេសលោក សម រង្ស៊ី បានថ្លែងប្រាប់ប្រព័ន្ធឃោសនាបរទេសជាភាសាខ្មែរ ថា លោកគាំទ្រទាំងស្រុងទៅនឹង លក្ខខណ្ឌរបស់សហភាពអឺរ៉ុប ដែលរដ្ឋាភិបាលកម្ពុជា ត្រូវតែគោរពដើម្បីចៀសវាងពីការដកហូតផលប្រយោជន៍ពាណិជ្ជកម្ម តែលោក សម រង្ស៊ី មិនបាននិយាយមួយមាត់ណាសោះចំពោះក្តីបារម្ភទៅនឹងផលប៉ះពាល់លើកម្មករ កម្មការិនីរោងចក្រដោយសារការបាត់បង់ EBA នោះទេ។
គួររំលឹកថា របាយការណ៍របស់សហភាព អឺរ៉ុប បង្ហាញថា ការនាំចេញ ទំនិញកម្ពុជា ទៅអឺរ៉ុបក្នុងឆ្នាំ២០១៨ មានទំហំប្រមាណ ៥,៨៨ពាន់លានដុល្លារ ដែលក្នុងនោះ ធ្វើឡើងក្រោមប្រព័ន្ធអនុគ្រោះពន្ធមានរហូតដល់ជិត ៩៦ភាគរយឬក្នុងទំហំ ៥,៦៦ពាន់លានដុល្លារ។ របាយការណ៍របស់សហភាព អឺរ៉ុបដដែល ក៏ឱ្យដឹងដែរថា ទំនិញដែលកម្ពុជានាំចេញទៅទីផ្សារអឺរ៉ុប រួមមាន ៖ សម្លៀកបំពាក់ ៧៤,២ភាគរយ ស្បែកជើង ១២,៦ភាគរយ កង់ ៥,៧ភាគរយ និងអង្ករ៣ភាគរយ។ ចំណែករបាយការណ៍របស់ធនាគារពិភពលោក ចេញកាលពីឆ្នាំ២០១៩ បានព្យាករថា បន្ទាប់ពីការដកផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធ EBA កម្ពុជាអាចនឹងតម្រូវឱ្យបង់ពន្ធប្រហែល ១២ភាគរយលើផលិតផលសម្លៀកបំពាក់ និង ១៦ភាគរយលើស្បែកជើង សម្រាប់ការនាំចេញទៅអឺរ៉ុប៕