លោក​​ Duterte​ បញ្ជា​ឲ្យ​បិទ​ទីក្រុង​ម៉ានីល​ដោយសារ​ជំងឺ ​COVID-19
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 March, 2020 ក+ ក-

ហ្វីលីពីន ៖ លោក​ប្រធានាធិបតី​ហ្វីលីពីន​ Rodrigo Duterte បាន​ប្រកាស​ផែនការ​នានា​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ សម្រាប់​ការ​បិទ​រដ្ឋធានី​ដែល​មាន​ប្រជាពលរដ្ឋ​ ១២​លាន​នាក់​ រួម​ទាំង​ផ្អាក​ការ​ដំណើរ​ចូល​មក​ក្នុង​ប្រទេស​ ដើម្បី​ទប់ស្កាត់​ការ​រីក​​រាលដាល​ជំងឺ COVID-19​។

បើ​ទោះ​ជា​ប្រទេស​នេះមិន​ទាន់​មាន​ការ​ឆ្លង​ជំងឺ​នេះ​ខ្ពស់ ​នៅ​ក្នុង​តំបន់​សំខាន់ៗ​មួយ​ចំនួន​ដូចជានៅ​ប្រទេស​ចិន និង​អ៊ីតាលីក្ដី ក្រុម​មន្ត្រី​សង្ឃឹម​ថា​នឹង​ទប់​ស្កាត់​បាន​ នូវ​ការ​រីក​រាលដាល​មុន​ពេល​ជំងឺ​នេះចូល​ទៅដល់​តំបន់​ មាន​ប្រជាពលរដ្ឋ​ច្រើន​របស់​រដ្ឋធានី​ម៉ានីល​។ អំឡុង​សុន្ទរកថាទៅកាន់​ប្រជា​ពលរដ្ឋ​ទូទាំង​ប្រទេស លោក Duterte ក៏បាន​ប្រកាស​ផង​ដែរ​ពី​ការ​បិទ​សាលារៀន​រយៈពេល​ ១​ខែ បម្រាម​ការ​ប្រមូល​ផ្ដុំ​ទ្រង់ទ្រាយ​ធំ និង​ការ​ហាម​ឃាត់​មិន​ឲ្យ​ចូល​ក្នុង​រដ្ឋធានី​មួយ​នេះ សម្រាប់​អ្នកដំណើរ​បរទេស​ពី​កន្លែង​នានា​ ជាទី​ដែល​ជំងឺ​នេះកំពុង​រាលដាល​។

គេ​មិន​ច្បាស់​ទេ​ថា ​តើនៅ​ពេល​ណាទើប​វិធានការ​ទាំង​អស់​នោះ នឹង​ត្រូវ​ចូល​ជា​ធរមាន ប៉ុន្តែ​លោក Duterte បាន​និយាយ​ថា ការ​ហាម​ឃាត់​ទៅលើ​ការ​ធ្វើ​ដំណើរ​តាម​សមុទ្រ​ក្នុង​ប្រទេស ការ​ធ្វើ​ចរាចរណ៍​តាម​អាកាស និង​លើ​ដី​គោកទាំង​ចេញ​ និង​ចូល​ពី​រដ្ឋធានី​ម៉ានីល ​នឹង​ត្រូវ​ចាប់ផ្ដើមនៅ​ថ្ងៃអាទិត្យ​សប្ដាហ៍​នេះ៕