លោក ផៃ ស៊ី​ផាន រង​ការ​ចោទថា​ខ្ចីប្រាក់​៦​លាន​រៀល​មិន​សង​អស់​រយៈពេល​ជាង​១០​ឆ្នាំ​ ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 September, 2014 ក+ ក-

ភ្នំពេញ​៖​មន្ត្រី​នាំពាក្យ​ទីស្ដីការគណៈរដ្ឋមន្ត្រី​ដែល​ទើប​មានការ​ផ្សាយ ដំណឹង​ថា ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ឆបោក​ទឹកប្រាក់​១​លាន​ដុល្លារ​នោះ ឥឡូវនេះ​ត្រូវបាន​ប្រធាន​អង្គការ​មូលនិធិ​ទ្រទ្រង់​អរិយធម៌​ខ្មែរ ចោទ ប្រកាន់ថា ខ្ចីប្រាក់​លោក​មិន​សង​អស់​រយៈពេល​ជាង​ដប់ឆ្នាំ​ហើយ​។​
​លោក មឿង សុន ប្រធាន​អង្គការ​មូលនិធិ​ទ្រទ្រង់​អរិយធម៌​ខ្មែរ បញ្ជាក់ថា លោក​ព្យាយាម​ទាក់ទង​ទារប្រាក់​ពី លោក ផៃ ស៊ី​ផាន នេះ​ជាច្រើនលើក​ច្រើនសា​ហើយ តែ​មិនបាន​សោះ​។ លោក មឿង សុន បញ្ជាក់ថា លោក​ត្រូវ​ការប្រាក់​ពី លោក ផៃ ស៊ី​ផាន វិញ ដើម្បី​ជួយឧបត្ថម្ភ​ពលរដ្ឋ​មាន​ជម្លោះដីធ្លី និង​កុមារកំព្រា​។​
​តំណាង លោក មឿង សុន នៅ​កម្ពុជា គឺ​លោក បូ ពៅ ឲ្យ​ដឹងថា លោក​ត្រូវបាន លោក មឿង សុន ពឹងពាក់​ឲ្យ​ទារប្រាក់​ដែល លោក ផៃ ស៊ី​ផាន ជំពាក់​កាលពី​ឆ្នាំ​២០០៣ បន្ទាប់ពី លោក ផៃ ស៊ី​ផាន បដិសេធ​មិន​ព្រម​សង​ជាច្រើន​ឆ្នាំ​មកហើយ​៖ «​ខ្ញុំ​ជឿថា លោក ផៃ ស៊ី​ផាន គាត់​មាន​តួនាទី និង​ឋានៈ អ៊ីចឹង​គាត់​មិន​ធ្វើ​ឲ្យ​បាក់មុខបាក់មាត់​គាត់​ទេ​។ ម្យ៉ាងទៀត គាត់​ប្រាក់ខែ​ច្រើន បាន​​គាត់​សុខចិត្ត​រត់ចោលស្រុក​អាមេរិក​។ គាត់​ច្បាស់​ជាមាន​លុយ​សង​គេ​ហើយ​»​។​
​កិច្ចសន្យា​ខ្ចីប្រាក់​រវាង​ភរិយា លោក មឿង សុន គឺ​លោកស្រី យី ផល្លី ដែល​សរសេរ​ដោយ​ដៃ ដោយមាន​ចុះហត្ថលេខា​របស់ លោក ផៃ ស៊ី​ផាន កាលពី​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០០៣ បញ្ជាក់ថា ភាគី “​ក​” គឺ​លោកស្រី យី ផល្លី យល់ព្រម​ឲ្យ លោក ផៃ ស៊ី​ផាន ខ្ចីប្រាក់​ចំនួន ៦​លាន​រៀល ដោយ​ឥត​គិតការ​ប្រាក់​។ កិច្ចសន្យា​ខ្ចីប្រាក់​បញ្ជាក់​ទៀតថា ភាគី “​ខ​” គឺ​លោក ផៃ ស៊ី​ផាន បាន​ខ្ចីប្រាក់​ពី លោកស្រី យី ផល្លី នៅ​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០០៣ ដើម្បី​ប្រើប្រាស់​ការខ្វះខាត​ផ្ទាល់ខ្លួន​។ ភាគី “​ខ​” សន្យា​សង​ប្រាក់​គ្រប់​ចំនួន ៦​លាន​រៀល នៅមុន​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០០៣​។ បើ​ភាគី “​ខ​” ពុំបាន​គោរព​តាម​កិច្ចសន្យា​ខាងលើ ភាគី “​ខ​” ទទួលខុសត្រូវ​ចំពោះ​ការសង​ប្រាក់​ទាំងអស់ រួមទាំង​ការចំណាយ​ផ្នែក​តុលាការ និង​មេធាវី​។​
​លោក បូ ពៅ អះអាងថា គាត់​នឹង​ទៅ​ជួប លោក ផៃ ស៊ី​ផាន ដោយផ្ទាល់ ដើម្បី​ទារបំណុល​ប្រាក់ ៦​លាន​រៀល ដោយ​មិន​ទារ​ការប្រាក់​ឡើយ​។ លោក​ថា ប្រាក់​បំណុល​នោះ បើ​ទារ​បាន​លោក​នឹង​ប្រើប្រាស់​សម្រាប់​ជួយ​ពលរដ្ឋ​ដែលមាន​វិបត្តិ​ដីធ្លី ក្នុងការ​ស្វែងរក​យុត្តិធម៌​៖ «​ប្រសិន​គាត់​មាន​ទឹកចិត្ត បើសិន​គាត់​យល់ថា​បំណុល​ជំពាក់​លុយ​សង​ដោយ​លុយ គាត់​គួរតែ​សង​បាន​លុយ​នោះ​ទៅ​ជួយ​ក្មេង​កំព្រា​»​។​
​ការទារ​ប្រាក់​នេះ មិនមែនជា​លើកដំបូង​ឡើយ​។ លោក មឿង សុន ធ្លាប់​សរសេរ​លិខិត​មួយច្បាប់​ទៅ​ទារលុយ​ជំពាក់​នេះ​ម្តង​រួចទៅហើយ​កាល ពី​ខែមីនា ឆ្នាំ​២០១៣ ប៉ុន្តែ​គ្មាន​ការឆ្លើយតប​ពី លោក ផៃ ស៊ី​ផាន ទេ​។ លោក មឿង សុន ដែល​ត្រូវបាន​តុលាការ​កម្ពុជា ផ្ដន្ទាទោស​ឲ្យ​ជាប់ពន្ធនាគារ​ជាច្រើន​ឆ្នាំ ពីបទ​រិះគន់​គម្រោង​ដាក់​ភ្លើង​បំភ្លឺ​នៅ​ប្រាសាទ​អង្គរ​នោះ ពេលនេះ​កំពុង​រស់​នៅឯ​បរទេស ហើយ​បាន​ពឹង​តំណាង​របស់គាត់​ទារប្រាក់​ជំនួស​វិញ​។​
​ពាក់ព័ន្ធ​ទៅនឹង​ការទារ​បំណុល​នេះ លោក ផៃ ស៊ី​ផាន អះអាងថា លោក​បាន​សង​ប្រាក់​គ្រប់​ចំនួន​ហើយ​៖ «​ខ្ញុំ​ចាំ​ថា លុយ ១.០០០​ដុល្លារ ខ្ញុំ​បាន​សង​តាមរយៈ មាន​មនុស្ស​កាន់​យកទៅ​ឲ្យ​»​។​
​ទោះបីជា លោក ផៃ ស៊ី​ផាន បញ្ជាក់ថា លោក​មាន​សាក្សី​ដើម្បី​បញ្ជាក់ថា លោក​បាន​សង​ប្រាក់ ប៉ុន្តែ​លោក​មិន​ឲ្យ​ផ្តល់​ឈ្មោះ និង​លេខ​ទូរស័ព្ទ​របស់​សាក្សី​នោះទេ​៖ «​ខ្ញុំ​អត់​មាន​ឯកសារ​ទេ ប៉ុន្តែ​ខ្ញុំ​មាន​សាក្សី​របស់ខ្ញុំ​»​។​
​ខុសពី​អ្វីដែល​លោក​បាន​សរសេរ​នៅលើ​លិខិតសន្យា​ខ្ចីប្រាក់​នោះ ដែលថា​ដើម្បី​ប្រើប្រាស់​ការខ្វះខាត​ផ្ទាល់ខ្លួន លោក ផៃ ស៊ី​ផាន បញ្ជាក់ថា តាមពិត លោក​ខ្ចីប្រាក់​នេះ​ដើម្បី​ធ្វើ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​រក​សំឡេង ឆ្នោត កាលពី​លោក​ឈរឈ្មោះ​ជា​បេក្ខជន​តំណាង​លេខ​៣ ប្រចាំ​មណ្ឌល​ខេត្តកំពង់ឆ្នាំង ជាមួយ លោក មឿង សុន ជា​បេក្ខជន​លេខ​១ នៃ​គណបក្ស​សម រង្ស៊ី​។ លោក​បន្តថា ថវិកា​នោះ​ត្រូវបាន​ប្រើប្រាស់​សម្រាប់​ឃោសនា​នយោបាយ​ជួយ លោក មឿង សុន​។​
​ឆ្លើយតប​ទៅនឹង​ការឆ្លើយ​ដោះសា​នេះ លោក មឿង សុន អះអាងថា លោក​មិនទាន់​ទទួលបាន​ប្រាក់​ដែល លោក ផៃ ស៊ី​ផាន បាន​ជំពាក់​នៅឡើយ​ទេ​។ លោក​ថា ថវិកា​ដែល លោក ផៃ ស៊ី​ផាន ខ្ចី គឺ​សម្រាប់​ប្រើប្រាស់​ផ្ទាល់ខ្លួន មិនមែន​សម្រាប់​ឃោសនា​នយោបាយ​៖ «​ពូ​គ្រាន់តែ​ប្រាប់​ក្មួយ​ថា ពូ​មិនទាន់​បានទទួល​ប្រាក់​ពី​គេ​ទេ​»​។​
​លោក ផៃ ស៊ី​ផាន ដែល​កាលពី​សប្ដាហ៍​មុន​ធ្លាប់​រិះគន់​ប្រព័ន្ធតុលាការ​នៅ​កម្ពុជា ក្រោយពី​គូកន​លោក​ម្នាក់ ត្រូវបាន​តុលាការ​ចាប់ឃុំខ្លួន​ពាក់ព័ន្ធ​នឹង​ករណី​ឆបោក​ប្រាក់ ១​លាន​ដុល្លារ​នោះ ស្នើ​ឲ្យ លោក មឿង សុន ប្ដឹង​លោក​ទៅ​តុលាការ ប្រសិនបើ​ចង់​ទារប្រាក់​ពី​លោក​៖ «​សំឡេង​»​។​
​កាលពី​សប្ដាហ៍​មុន លោក ផៃ ស៊ី​ផាន ត្រូវបាន​ដើមបណ្ដឹង​ម្នាក់​ចោទប្រកាន់ថា បាន​លូកដៃ​ចូល​ប្រព័ន្ធតុលាការ និង​ក្រសួងមហាផ្ទៃ រារាំង​មិន​ឲ្យ​សមត្ថកិច្ច​ស៊ើបអង្កេត និង​ឃាត់ខ្លួន​គូកន​លោក​ម្នាក់​ឈ្មោះ លោក សាន រី​ច្ឆឺ ដែល​ជាប់​ពាក់ព័ន្ធ​ពីបទ​ឆបោក​ប្រាក់ ១​លាន​ដុល្លារ​។ លោក ផៃ ស៊ី​ផាន បាន​បដិសេធ​ការចោទប្រកាន់​នេះ ប៉ុន្តែ​ទទួលស្គាល់ថា លោក​ពិតជា​បាន​ជួយ​ជ្រោមជ្រែង​ករណី លោក សាន រី​ច្ឆឺ ដើម្បី​ធានាថា លោក​ពិតជា​ទទួលបាន​យុត្តិធម៌​៕ប្រភព ៖ rfa




Untitled-1

​រដ្ឋលេខាធិការ​និង​ជា​អ្នកនាំពាក្យ​ទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ី​ផាន ថ្លែង​ក្នុង​នាទី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាលពី​យប់​ថ្ងៃទី​១០ កុម្ភៈ ឆ្នាំ​២០១៤​។​