សូម​ប្រុងប្រយ័ត្ន ៖ មាន​​ជន​អគតិបន្លំ Profile និង Page របស់​សម្តេច​តេជោ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 16 April, 2020 ក+ ក-

​ភ្នំពេញ ៖ យោងតាម Facebook ផ្លូវការ​របស់​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បានបង្ហាញថា ខណៈ​នេះ​មាន​ជន​អគតិ​បាន​បន្លំ​ជា Profile និង Page ដោយ​ដាក់​រូប​និង​ឈ្មោះ សម្តេច ហើយ​បង្ហោះ​ព័ត៌មាន​ក្លែងក្លាយ​នាំ​ឲ្យ​មានការ​ភាន់ច្រឡំ​។​

​តាមរយៈ​នោះ​សម្តេច ហ៊ុន សែន ក៏បាន​សរសេរ​បង្ហោះ​នៅលើ​បណ្តាញ Facebook ផ្លូវការ​របស់​សម្តេច​ដោយមាន​ខ្លឹមសារ​ថា « យើង​ចូលរួម​លុបបំបាត់​ព័ត៌មាន​ក្លែងក្លាយ​, Profile និង Page ផ្លូវការ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​គឺមាន​តែមួយគត់ » ។​

​សម្តេច​បន្តថា ក្នុងពេលដែល​រាជរដ្ឋាភិបាល​កម្ពុជា បានដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​ប្រយុទ្ធ ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ ក៏មាន​ជន​អគតិ​មួយចំនួន​បាន​ប្រឌិត​នូវ​ព័ត៌មាន​មិន​ពិតជា ច្រើន​ដើម្បី​បំពុល​សង្គមជាតិ​។ ទន្ទឹមនឹងនោះ ក៏មាន​ជន​អគតិ​មួយចំនួន​បាន​លួច​បង្កើត Profile និង Page មិន​ពិតជា​ច្រើន​ក្នុង Facebook ដាក់ឈ្មោះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ចេតនា​មិនល្អ​ដោយបាន​បង្ហោះ​សារ និង​ព័ត៌មាន​បោកប្រាស់​បំភ័ន្ត​ភ្នែក​សាធារណៈជន​។​

​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន Profile និង Page ផ្លូវការ​តែមួយគត់ ដែលមាន​សញ្ញា​គូស​ធិ​ក (tick) ពណ៍​ខៀវ ដែល​បញ្ជាក់ថា​ពិត (Verified) ពី​ក្រុមហ៊ុន facebook [ https://www.facebook.com/hunsencambodia/ ] ។ ក្រៅពីនោះ​គឺ​សុទ្ធតែជា Profile និង Page ក្លែងក្លាយ​ទាំ​អស់​។​

​សូម​បងប្អូន​ជនរួមជាតិ​ប្រើប្រាស់​បណ្តាញ​សង្គម Facebook មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ ហើយ​កត់សម្គាល់ Profile/Page ពិត និង Profile/Page ក្លែងក្លាយ​ដែល​ដាក់ឈ្មោះ សម្តេច​តេ​ជោ ហ៊ុន សែន កំពុង​បង្ហោះ​សារ និង​ព័ត៌មាន​មិន​ពិត​ដែល​ធ្វើអោយប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​កិត្តិយស​របស់​ប្រមុខ​ដឹកនាំ​។​
​សូម​ក្រសួង​ជំនាញ​ស្រាវជ្រាវ​ពិនិត្យ​និង​បិទ Profile/Page ក្លែងក្លាយ​ទាំងនោះ​ជាបន្ទាន់ ដើម្បី​កុំ​ឲ្យ​បន្ត​ផ្សព្វផ្សាយ​បោក​បញ្ឆោត​បំពុល​បរិ​កាស​សង្គម​ជា​បន្តទៀត​៕