តុលាការ​ភ្នំពេញ​ទាត់ចោល​បណ្តឹង​របស់ កុក អាន ចំពោះ​ហេង ឈាង និង​អ្នកស្រី​ទេព កុលាប​ ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 September, 2014 ក+ ក-

ភ្នំពេញ៖លោក កែវ មុនី ចៅក្រម​ជំនុំជម្រះ​បាន​អះអាងថា តុលាការ​ពុំបាន​រកឃើញ​មាន​ពិរុទ្ធភាព​ចំពោះ​លោក ហេង ឈាង និង ភរិយា​លោកស្រី ទេព កុលាប ដូច​ការចោទប្រកាន់រ​ប​ស់លោក កុក អាន​នោះឡើយ ដូច្នេះ​តុលាការ​សម្រេច​ឲ្យ​ឈ្មោះ ហេង ឈាង និង ឈ្មោះ​ទេព កុលាប បាន​រួច​ផុតពី​ការចោទប្រកាន់​ក្នុង​សំណុំរឿង​រដ្ឋប្បវេណី​នេះ​។​

គួរ​ជម្រាប​ថា សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​សុក្រ​បាន​បើកសវនាការ​ប្រកាស​សាលក្រម​កំបាំងមុខ​សម្រេច​លើកចោល​ការប្តឹង​ចោទប្រកាន់​របស់លោក កុក អាន ព្រឹទ្ធសមាជិក​គណបក្ស​ប្រជាជន​ដែលជា​ប្រធាន​ក្រុមហ៊ុន​អាន​កូ​ប្រា ឌ័​រ ដែល​បាន​ប្តឹង​លោក ហេង ឈាង អតីត​អនុប្រធាន​របស់លោក និង​ភរិយា លោកស្រី ទេព កុលាប ពីបទ​បរិហារកេរ្តិ៍​ជា​សាធារណៈ ទាម​ទារជំងឺចិត្ត ១​លាន​ដុល្លារ ទាក់ទង​ទៅនឹង​ការនិយាយ​ជា​សាធារណៈ ហើយ​ត្រូវបាន​កាសែត​មួយចំនួន​ដកស្រង់​យកទៅ​ចុះផ្សាយ​។​
​លោក កែវ មុនី ចៅក្រម​ជំនុំជម្រះ បាន​ថ្លែង​នៅក្នុងពេល​បើកសវនាកា​រថា តុលាការ​ទុក​រយៈពេល​៣០​ថ្ងៃ គិត​ចាប់​ពីថ្ងៃ​ប្រកាស​សាលក្រម​នេះ​ទៅ​ឲ្យ​ដើមចោទ​ប្តឹង​ឧទ្ធរណ៍ ប្រសិនបើ​មិន​សុខ​ចិត្តនឹង​ការសម្រេច​ក្ដី​នេះ​។​

កន្លងមក​លោក កុក អាន បាន​ប្តឹង​លោក ហេង ឈាង ដែលជា​អតីត​អនុប្រធាន​ក្រុមហ៊ុន​អាន​កូ​ប្រា​ឌ័​រ និង​ភរិយា លោកស្រី ទេព កុលាប សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​ភ្នំពេញ​អន្តរជាតិ​ពីបទ​«​បរិហារកេរ្តិ៍​ជា​សាធារណៈ​» ចំពោះ​ការ​ថ្លែង​របស់លោក ហេង ឈាង ដែល​បាន​ចោទប្រកាន់​លោក កុក អាន ថា​បាន​ឃុបឃិត​គ្នា​ជាមួយ​ចៅក្រម​មួលបង្កាច់​រូបលោក​ពាក់ព័ន្ធ​ទៅនឹង​ការចោទប្រកាន់​រឿង​កិបកេង​ប្រាក់​របស់​ក្រុមហ៊ុន​៕ សមិទ្ធ
Untitled-1  លោក កុក អាន ព្រឹទ្ធសមាជិក​និង​ជា​ប្រធាន​ក្រុមហ៊ុន​អាន​កូ​ប្រា​ឌ័​រ​​