អាមេរិក ៖ ក្រុមស្រាវជ្រាវនៃអង្គការ The Smithsonian Global Health Program នៅក្រុងវ៉ាស៊ីងតោន បានរកឃើញជាលើកដំបូងនូវវីរុសកូរ៉ូណាថ្មីចំនួន៦ប្រភេទ ក្នុងសត្វប្រជៀវ នៅប្រទេសមីយ៉ាន់ម៉ា។ ការរកឃើញនេះ ត្រូវបានចេញផ្សាយនៅក្នុងព្រឹត្តបត្រវិទ្យាសាស្រ្ត PLOS ONE កាលពីពេលថ្មីៗនេះ។ នេះបើយោងតាមសារព័ត៌មាន Metro។
យ៉ាងណាមិញ វីរុសថ្មី៦ប្រភេទនេះ មិនពាក់ព័ន្ធអ្វីនឹងវីរុសកូរ៉ូណា ឬកូវីដ១៩ ដែលកំពុងឆ្លងរាលដាលនៅទូទាំងពិភពលោកឡើយ។ វាក៏មិនពាក់ព័ន្ធនឹងជំងឺ SARS ឬក៏ MERS ដែរ។
គេជឿជាក់ថា ជំងឺរាតត្បាតកូវីដ១៩ នាពេលបច្ចុប្បន្ននេះ គឺកើតចេញពីសត្វប្រជៀវ ហើយឆ្លងទៅមនុស្សក្នុងប្រទេសចិន ម្លោះហើយ អ្នកស្រាវជ្រាវត្រូវការសិក្សាបន្ថែមអំពីរបៀបចម្លងជំងឺចេញពីសត្វនូវមេរោគកូរ៉ូណាថ្មីទាំងនោះ។ ពួកគេសង្ឃឹមថា ការរកឃើញនេះនឹងជួយឱ្យពិភពលោក អាចអង្កេតដឹងពីវីរុសផ្សេងៗដែលនឹងកើតឡើងនាពេលអនាគត ហើយអាចទប់ស្កាត់បានដោយប្រសិទ្ធភាព។
ចំណែកមជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លងអាមេរិក (CDC) បានឱ្យដឹងថា វីរុសកូរ៉ូណាប្រភេទថ្មីទាំងនោះ គឺជាធម្មតាមាននៅក្នុងខ្លួនមនុស្ស និងសត្វ។ ប៉ុន្តែវាជារឿងដ៏កម្រដែលវីរុសកូរ៉ូណាក្នុងខ្លួនសត្វឆ្លងទៅមនុស្ស ហើយឆ្លងរាលដាលទៅកាន់មនុស្សទៀត។
អ្នកជំនាញផ្នែកសុខភាព បានប៉ាន់ស្មានថា វីរុសកូរ៉ូណារាប់ពាន់ គឺមានវត្តមានក្នុងខ្លួនសត្វប្រជ្រៀវ ដែលក្នុងនោះមានវីរុសច្រើនណាស់ដែលគេរកមិនទាន់ឃើញ ឬមិនស្គាល់៕