សេអ៊ូល ៖ ក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ ប្រទេសកូរ៉េខាងត្បូងបានកត់ត្រាករណីឆ្លងថ្មីៗ នៃជំងឺ COVID-19 ចំនួន១៤ករណីបន្ថែមទៀត ដែលនាំឲ្យតួលេខអ្នកឆ្លងសរុប នៅក្នុងប្រទេសអាស៊ីបូព៌ាមួយនេះកើនដល់ ១០,៧៥២ករណី។ នេះបើយោងតាមប្រភពពី CNA ។
អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូង ករណីឆ្លងថ្មីៗ ដែលបានរាយការណ៍នៅថ្ងៃនេះមាន ១២ករណីជាករណីនាំចូលពីក្រៅប្រទេស ដែលនាំឲ្យករណីនាំចូលសរុបនៅក្នុងប្រទេសមួយនេះ កើនឡើងដល់ ១,០៥៦ករណី។ ក្នុងរយៈពេលដូចគ្នានេះ ករណីស្លាប់ចំនួន ០១ករណីបន្ថែមទៀតដែរ ដែលនាំឲ្យចំនួនសរុបបានកើនដល់ ២៤៤នាក់ស្មើនឹង ២.២៧% នៃចំនួនករណីឆ្លងសរុបនៅទូទាំងប្រទេស។ ដោយឡែកនៅថ្ងៃដដែលអាជ្ញាធរបានឲ្យដឹងថា អ្នកជំងឺ៩០នាក់បន្ថែមទៀតត្រូវបានអនុញ្ញាតឲ្យចាកចេញពីមន្ទីរ នាំឲ្យចំនួនអ្នកជាសរុបកើនដល់៨,៨៥៤នាក់ហើយ ដែលស្មើនឹង ៨២.៤%។
សូមជម្រាបថា គិតចាប់តាំងពីថ្ងៃទី៣ ខែមករាមក កូរ៉េខាងត្បូងបានធ្វើតេស្តរក COVID-19 លើមនុស្សច្រើនជាង ៦០៨,០០០នាក់ ក្នុងចំណោមនោះ ៥៨៨,៥៥៩នាក់ មានលទ្ធផលអវិជ្ជមាន ខណៈ ៩,២០៣នាក់កំពុងស្ថិតក្នុងការតាមដាន៕