ឡុងដ៍ ៖ ចក្រភពអង់គ្លេសបានក្លាយជាប្រទេសដែលមានមនុស្សស្លាប់ច្រើនជាង់គេដោយសារ COVID-19 ប្រចាំទ្វីបអឺរ៉ុប បន្ទាប់ពីអ្នកជំងឺ COVID-19 សរុប ២៦,០៩៧នាក់បានស្លាប់នៅក្នុងមន្ទីរពេទ្យ, មណ្ឌលថែទាំ និងនៅតាមសហគមន៍ធំៗ នៅទូទាំងចក្រភពអង់គ្លេសគិតត្រឹមថ្ងៃពុធម្សិលមិញ។
លោក Dominic Raab បានឲ្យដឹងថា ចំនួនអ្នកស្លាប់ថ្មីបានកើនឡើង ៣,៨១១នាក់ នៅចន្លោះពីថ្ងៃទី០២ ខែមីនា និងថ្ងៃទី២៨ ខែមេសា ក្នុងនោះរួមមានទាំងអ្នកស្លាប់ ៧៦៥នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ គិតត្រឹមថ្ងៃអង្គារកន្លងទៅ។ បើគិតពីតួលេខស្លាប់ នៅអង់គ្លេសពេលនេះ គឺច្រើនជាងបណ្តាប្រទេសផ្សេងៗទៀតនៅអឺរ៉ុប ជាពិសេសអ៊ីតាលី ដែលតែងតែឈរនៅលំដាប់កំពូលកន្លងមក។
គិតត្រឹមព្រឹកថ្ងៃពុធម្សិលមិញមនុស្ស ៦៣២,៧៩៤នាក់ នៅចក្រភពអង់គ្លេសបានទទួលការធ្វើតេស្ដ ហើយក្នុងនោះ ១៦៥,២២១នាក់បានឆ្លង COVID-19 ខណៈចំនួនអ្នកជាសះស្បើយ នៅមិនទាន់មានការបញ្ជាក់នោះទេ៕