បរទេស ៖ អង្គការសុខភាពពិភពលោកបាននិយាយកាលពីថ្ងៃច័ន្ទថា ទីក្រុងវ៉ាស៊ីនតោនមិនបានផ្តល់ភស្ដុតាងណាមួយដើម្បីគាំទ្រការអះអាងដោយប្រថុយប្រថាន របស់ប្រធានាធិបតីអាមេរិកដែលថាវីរុសថ្មីកូវីដ១៩នេះមានប្រភពនៅក្នុងមន្ទីរពិសោធន៍ចិនទេ។ នេះបើយោងតាមប្រភពពី CNA។
ប្រធានផ្នែកសង្គ្រោះបន្ទាន់របស់អង្គការសុខភាពពិភពលោកលោក Michael Ryan បានប្រាប់សន្និសីទសារព័ត៌មានថា”យើងមិនបានទទួលទិន្នន័យឬភ័ស្តុតាងជាក់លាក់ណាមួយពីរដ្ឋាភិបាលសហរដ្ឋអាមេរិកទាក់ទងទៅនឹងប្រភពដើមនៃវីរុសនោះទេ។
អ្នកវិទ្យាសាស្ត្រជឿជាក់ថាវីរុសនេះបានឆ្លងពីសត្វទៅមនុស្សដែលកំពុងផ្ទុះឡើងនៅប្រទេសចិនកាលពីចុងឆ្នាំមុនអាចមកពីទីផ្សារមួយនៅទីក្រុងវូហានដែលលក់សត្វកម្របែបនេះ។
ប្រធានាធិបតីអាមេរិកលោក Donald Trump បានធ្វើការរិះគន់កាន់យ៉ាងខ្លាំងទៅលើប្រទេសចិន ដែលបណ្តោយឱ្យជំងឺកាចសាហាវនេះឆ្លងរាលដាលនៅទូទាំងពិភពលោក។ លោកក៏បានធ្វើការអះអាងថា ជំងឺកូវីដ១៩ គឺធ្លាយចេញពីមន្ទីរពិសោធន៍ Wuhan Institute of Virology ក្នុងខេត្តហ៊ូប៉ី ប្រទេសចិន ខណៈក្រុមអ្នកវិទ្យាសាស្ត្រជឿជាក់ថា ជំងឺនេះគឺមានដើមកំណើតចេញពីទីផ្សារលក់សាច់សត្វ នៅក្នុងទីក្រុងវូហាន ខេត្តហ៊ូប៉ី។
ហើយរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo កាលពីថ្ងៃអាទិត្យបាននិយាយថា“ អាមេរិកមានភ័ស្តុតាងជាច្រើនដែលបានអះអាងវីរុសនេះមានប្រភពពីមន្ទីរពិសោធន៍ចិន ប៉ុន្តែរដ្ឋាភិបាលចិនបានបដិសេធយ៉ាងដាច់អហង្ការ។
លោក Michael Ryan បាននិយាយថា WHO នឹងមានឆន្ទៈក្នុងការទទួលបានព័ត៌មានណាដែលបញ្ជាក់ពីប្រភពដើមនៃវីរុសនេះ” ដោយលោកសង្កត់ធ្ងន់ថានេះគឺជា”ព័ត៌មានសុខភាពសាធារណៈដ៏សំខាន់សម្រាប់ការគ្រប់គ្រងជំងឺនេះអនាគត”។
លោកបានបន្ថែមថា“ប្រសិនបើទិន្នន័យនិងភ័ស្តុតាងមានពិកមែននោះថាតើ អាមេរិកអាចចែកចាយនៅពេលណាប៉ុន្តែវាពិបាកសម្រាប់អង្គការសុខភាពពិភពលោកក្នុងប្រតិបត្តិការព័ត៌មានខ្វះចន្លោះនៅក្នុងបញ្ហានោះ”៕