ភ្នំពេញ ៖ ក្រុមហ៊ុមសំណង់ដ៏ធំមួយមានមូលដ្ឋាននៅក្នុងប្រទេសថៃ បានបង្ហាញរបាយការណ៍លក់ប្រចាំត្រីមាសនៅក្នុងប្រទេសកម្ពុជា និងក្នុងតំបន់អាស៊ាន ទាំងមូល ហើយជាការកត់សម្គាល់ក្នុងរបាយការណ៍ឃើញថាការលក់របស់កក្រុមហ៊ុននេះ នៅកម្ពុជាបែរជាកំណើន ខណៈនៅតំបន់អាស៊ានមានការថយចុះ ។
យោងតាមប្រសាសន៍លោក Roongrote Rangsiyopash ប្រធាន និងជាអគ្គនាយកប្រតិបត្តិ ក្រុមហ៊ុន អេសស៊ីជី បានបង្ហាញឲ្យដឹងយ៉ាងដូច្នេះ “លទ្ធផលប្រតិបត្តិការរបស់ក្រុមហ៊ុន សម្រាប់ត្រីមាសទី១ ឆ្នាំ២០២០ កត់ត្រាចំណូលពីការលក់សរុបបាន ១៣.៧៣៨ប៊ីលានរៀល (៣.៣៧៩លានដុល្លារអាមេរិក) ដែលធ្លាក់ចុះ ៦% បើធៀបនឹងត្រីមាសទី១ នៃឆ្នាំ២០១៩ ។ មូលហេតុសំខាន់នៃការថមថយចំណូលនេះ គឺបណ្ដាលមកពីតម្លៃផលិតផលគីមីធ្លាក់ចុះ ដោយសារតម្រូវការសាកលថយចុះ ។ ប៉ុន្តែ ទោះជាយ៉ាងនេះក្ដី តួលេខចំណូលនេះគឺប្រហាក់ប្រហែលគ្នានឹងត្រីមាសមុន ដោយចំណូលកើនឡើងពីអាជីវកម្មស៊ីម៉ងត៍និងសម្ភារៈសំណង់ និងអាជីវកម្មវេចខ្ចប់ ទូទាត់គ្នាជាមួយនឹងចំណូលធ្លាក់ចុះពីអាជីវកម្មផលិតផលគីមី ។ ទន្ទឹមនឹងនេះ ប្រាក់ចំណេញសម្រាប់ត្រីមាសទី១ ឆ្នាំ២០២០ សម្រេចបាន ៩០៦ប៊ីលានរៀល (២២៣លានដុល្លារអាមេរិក) ធ្លាក់ចុះ ៤០% បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០១៩ និងធ្លាក់ចុះ ២% បើធៀបនឹងត្រីមាសមុន ដែលការធ្លាក់ប្រាក់ចំណេញនេះ គឺបណ្ដាលមកពីលទ្ធផលធ្លាក់ចុះនៃអាជីវកម្មផលិតផលគីមី ពោលគឺប្រាក់ចំណេញពីការលក់ផលិតផលគីមីមានការធ្លាក់ចុះ” ។
នៅក្នុងរបាយការណ៍របស់ខ្លួនបង្ហាញថា នៅត្រីមាសទី១ ឆ្នាំ២០២០នេះ ចំណូលរបស់ អេសស៊ីជី ពីការលក់ផលិតផលនិងសេវាកម្មដែលមានតម្លៃបន្ថែមខ្ពស់ (HVA) សម្រេចបាន ៥.៩៩២ប៊ីលានរៀល (១.៤៧៤លានដុល្លារអាមេរិក) ដែលស្មើនឹង ៤៤% នៃចំណូលសរុបពីការលក់ ។ ចំណាយសរុបរបស់ក្រុមហ៊ុន ទៅលើការស្រាវជ្រាវនិងអភិវឌ្ឍនវានុវត្តន៍ មានចំនួន ១៧៨ប៊ីលានរៀល (៤៤លានដុល្លារអាមេរិក) ឬស្មើនឹង ១,៣% នៃចំណូលសរុបពីការលក់ ។
ផ្អែកតាមរបាយការណ៍ត្រីមាសទី១ ឆ្នាំ២០២០ ក្រុមហ៊ុន អេសស៊ីជី ប្រចាំនៅកម្ពុជា មានទ្រព្យសរុបតម្លៃ ១.៥១៨ប៊ីលានរៀល (៣៧៣លានដុល្លារអាមេរិក) កើនឡើង ៥% បើធៀបនឹងត្រីមាសទី១ នៃឆ្នាំ២០១៩។ សម្រាប់ត្រីមាសទី១ ឆ្នាំ២០២០ ដដែលនេះ អេសស៊ីជី នៅកម្ពុជា សម្រេចបានចំណូលពីការលក់ចំនួន ២៧២ប៊ីលានរៀល (៦៧លានដុល្លារអាមេរិក) កើនឡើង ៧% បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំទៅមិញ ។ ចំណូលពីការលក់នេះ គឺរួមបញ្ចូលទាំងការលក់ពីអាជីវកម្មផលិតស៊ីម៉ងត៍ផង និងពីអាជីវកម្មលក់គ្រឿងសំណង់ផង ។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ ទ្រព្យសរុបរបស់ អេសស៊ីជី មានចំនួន ២១.៦៨១លានដុល្លារអាមេរិក ខណៈដែលទ្រព្យសរុបរបស់ អេសស៊ីជី នៅក្នុងអាស៊ាន (ដកប្រទេសថៃចេញ) មានចំនួន ៧.៤៦៤លានដុល្លារអាមេរិក ដែលស្មើនឹង ៣៤% នៃទ្រព្យសរុបរួមទាំងអស់របស់ អេសស៊ីជី ។
លោក Roongrote មានប្រសាសន៍ ថា នៅក្នុងបរិយាកាសដ៏រំជើបរំជួលនេះ សេដ្ឋកិច្ចពិភពលោកកំពុងរងនូវប៉ះពាល់ពីការឆ្លងរាលដាលនៃវីរុសកូវីដ១៩ ។ អេសស៊ីជី ក៏ស្ថិតក្នុងចំណោមក្រុមហ៊ុនទាំងឡាយដែរ ដែលបានផ្ដោតកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ទៅលើការរក្សាលំនឹងលទ្ធផលប្រតិបត្តិការក្នុងត្រីមាសទី១ ឆ្នាំ២០២០ ឲ្យសម្រេចបានប្រហាក់ប្រហែលគ្នានឹងត្រីមាសមុននេះដែរ បើទោះបីជាផលប៉ះពាល់នៃវីរុសកូវីដ១៩ មកលើអាជីវកម្មនានាបានកើតឡើងនៅក្នុងខែមីនាក្ដី។ ទន្ទឹមនឹងនេះ អេសស៊ីជី ក៏ផ្តោតលើការជួយសង្គម ដៃគូ បុគ្គលិក និងក្រុមហ៊ុននានា ដើម្បីឆ្លងកាត់ពេលវេលាលំបាកនេះ ។
ក្រុមហ៊ុនមានការប្ដេជ្ញាចិត្តរឹងមាំ ក្នុងការចាត់វិធានការសកម្មមុន និងជាបន្ទាន់ ដើម្បីរក្សានិរន្តរភាពអាជីវកម្ម ដោយដាក់ចេញនូវផែនការគ្រប់គ្រងនិរន្តរភាពអាជីវកម្មដ៏រឹងមាំ រួមជាមួយនឹងផែនការឆ្លើយតបនឹងការរំខាន ដោយមានការត្រៀមលក្ខណៈជាមុន គ្រប់ជ្រុងជ្រោយ និងការគោរពខ្ជាប់ខ្ជួនទៅតាមវិធានការសុខភាពនិងសុវត្ថិភាពរបស់រដ្ឋាភិបាល ។
ស្របពេលជាមួយគ្នានេះ ក្រុមហ៊ុនក៏បានប្រើប្រាស់បច្ចេកវិទ្យាឌីជីថលដើម្បីជួយដល់ ៩០%នៃបុគ្គលិកទាំងអស់របស់ខ្លួន ដើម្បីពួកគេអាចធ្វើការពីផ្ទះមកបាន និងជួយសម្រួលដល់ការគ្រប់គ្រងខ្សែសង្វាក់ផ្គត់ផ្គង់ ដើម្បីធានាការផ្ដល់ផលិតផល សេវាកម្ម និងដំណោះស្រាយ ដល់អតិថិជនប្រកបដោយសុវត្ថិភាព និងភាពងាយស្រួល ៕