តូក្យូ ៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាលជប៉ុនលោក Katsunobu Kato បាននិយាយថា ប្រទេសជប៉ុនបានអនុម័តឲ្យប្រើថ្នាំ Remdesivir សម្រាប់ព្យាបាលអ្នកជំងឺកូវិដ១៩ ជាលើកដំបូងនៅក្នុងប្រទេស។ នេះបើយោងតាមប្រភពពី Reuters។
ក្រសួងសុខាភិបាលជប៉ុនបានឲ្យដឹងថាថ្នាំពេទ្យ Remdesivir ដែលផលិតដោយក្រុមហ៊ុនអាមេរិកឈ្មោះ Gilead Sciences នឹងត្រូវគ្រូពេទ្យប្រើប្រាស់ក្នុងការព្យាបាលទៅលើអ្នកជំងឺ COVID-19 ដែលមានរោគសញ្ញាធ្ងន់ធ្ងរ។ ថ្នាំនេះគឺជាថ្នាំដំបូងបំផុត ដែលទទួលបានការអនុញ្ញាតជាផ្លូវការនៅជប៉ុន ដើម្បីព្យាបាល COVID-19 ខណៈកាលពីសប្តាហ៍មុន វាត្រូវបានអាជ្ញាធរជំនាញផ្នែកឱសថរបស់អាមេរិកអនុញ្ញាតឲ្យប្រើប្រាស់ ក្នុងករណីបន្ទាន់សម្រាប់ COVID-19។
គួរជម្រាបថា ក្នុងប្រទេសជប៉ុន មានអ្នកឆ្លងជំងឺ COVID-19 សរុបចំនួន១៥,៥៧៤នាក់ ក្នុងនោះស្លាប់៥៩០នាក់។ អ្នកជាសះស្បើយមានចំនួន ៤.៥៨៧នាក់៕