អាមេរិក ៖ ការិយាល័យជំនាញស៊ើបអង្កេត និងសន្តិសុខតាមប្រព័ន្ធអ៊ីនធ័រណេតរបស់សហរដ្ឋអាមេរិកជឿជាក់ថា ចិនកំពុងព្យាយាមលួចយកទិន្នន័យការបង្កើតវ៉ាក់សាំងប្រឆាំងនឹងវិរុសកូវិដ១៩។ នេះបើយោងតាមប្រភពពី CNA។
សារព័ត៌មាន FBI និងនាយកដ្ឋានសន្តិសុខមាតុភូមិគ្រោងនឹងចេញការព្រមានអំពីការចូលលួចទិន្ន័យនេះ ខណៈដែលរដ្ឋាភិបាល និងក្រុមហ៊ុនឯកជនប្រជែងគ្នាក្នុងការបង្កើតវ៉ាក់សាំងការពារជំងឺកូវិដ១៩។
របាយការណ៍បាននិយាយថាក្រុមមន្ត្រីសហរដ្ឋអាមេរិកបានចោទប្រកាន់ថា ក្រុមពួក Hacker ខាងលើ មានទំនាក់ទំនងជាមួយរដ្ឋាភិបាលចិន ដោយក្នុងនោះពួកគេក៏បានព្យាយាមលួចទិន្នន័យ អំពីការគ្រប់គ្រង ព្យាបាល និងធ្វើតេស្តពាក់ព័ន្ធនឹងជំងឺ COVID-19 ផងដែរ។
ជុំវិញបញ្ហានេះ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian បានច្រានចោលការចោទប្រកាន់នេះ ដោយលោកបាននិយាយថាប្រទេសចិនប្រឆាំងដាច់ខាតរាល់ការវាយប្រហារតាមអ៊ីនធឺណិតគ្រប់ប្រភេទ។ លោក Zhao Lijian បាននិយាយថា “យើងកំពុងដឹកនាំពិភពលោកក្នុងការព្យាបាលនិងការចាក់វ៉ាក់សាំងការពាកូវិដ១៩។ វាជារឿងអសីលធម៌ពេកហើយមកលើប្រទេសចិនជាមួយនឹងពាក្យចចាមអារាមនិងការនិយាយបង្កាច់បង្ខូចដោយគ្មានភស្តុតាងណាមួយរបស់សហរដ្ឋអាមេរិក”៕