ឡុងដ៍ ៖ អ្នកជំនាញសុខភាព អង្គការសហប្រជាជាតិបានព្រមានថា ជំងឺឆ្លងរាតត្បាត COVID-19 បាន និងកំពុងបង្កជាវិបត្តិសុខភាពផ្លូវចិត្តសកលធ្ងន់ធ្ងរ ខណៈមនុស្សរាប់លាននាក់នៅទូទាំងពិភពលោក ត្រូវបានឡោមព័ទ្ធដោយព័ត៌មានពីមនុស្សស្លាប់, ករណីឆ្លង, ត្រូវនៅដាច់ដោយឡែកពីគេ, ភាពក្រីក្រ និងអារម្មណ៍ស្មុគស្មាញ។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែឧសភា ឆ្នាំ២០២០។
លោកស្រី Devora Kestel ជានាយកផ្នែកសុខភាពផ្លូវចិត្តនៃអង្គការសុខភាពពិភពលោក (WHO) ធ្វើការព្រមានបែបនេះ នៅក្នុងសន្នីសីទសារព័ត៌មាន មួយនៅថ្ងៃព្រហស្បតិ៍នេះ។ លោកស្រី Kestel បានគូសបញ្ជាក់ដូច្នេះថា៖ «ភាពឯកោ, ការភ័យខ្លាច, ភាពមិនច្បាស់លាស់, ចលាចលសេដ្ឋកិច្ច សុទ្ធសឹងតែជាមូលហេតុ ឬអាចនឹងបង្កជាជំងឺផ្លូវចិត្ត»។ លោកស្រី បន្ថែមថា សុខភាពផ្លូវចិត្ត និងសុខមាលភាពនៃសង្គមទាំងមូល កំពុងរងផលប៉ះពាល់ យ៉ាងខ្លាំងដោយសារ COVID-19 ដែលតម្រូវឱ្យបណ្ដាប្រទេសទាំងអស់ត្រូវយកចិត្តទុកដាក់ជាអាទិភាពមួយ ដើម្បីដោះស្រាយ។
ក្រៅពីលោកស្រី Devora Kestel អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres ក៏បានអំពាវនាវផងដែរឱ្យបណ្ដាប្រទេសទាំងអស់ ទូទាំងពិភពលោក ធ្វើសកម្មភាពជាបន្ទាន់ ដើម្បីដោះស្រាយវិបត្តិសុខភាពផ្លូវចិត្ត ដែលបង្កឡើងដោយ COVID-19៕