រ៉ូម ៖ រដ្ឋាភិបាលបាននិយាយកាលពីថ្ងៃសៅរ៍ថា ប្រទេសអ៊ីតាលីនឹងបើកភ្ញៀវទេសចរឡើងវិញនៅដើមខែមិថុនានេះ ដោយមិនចាំបាច់នៅដោយឡែករយៈពេល១៤ថ្ងៃទៀតទេ ក្នុងគោលបំណងជំរុញការចាកចេញពីការឃុំឃាំងបណ្ដាលមកពីជំងឺកូវីដ១៩។ នេះបើយោងប្រភពពី CNA។
កាលពីដើមខែមីនាកន្លងទៅនេះ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ១៩ដែលមកដល់ពេលនេះបានសម្លាប់មនុស្សច្រើនជាង៣១,៥០០នាក់ នាយករដ្ឋមន្ត្រី Giuseppe Conte បានរឹតបន្តឹងការធ្វើដំណើររបស់ប្រជាជន និងបិទដំណើរការអាជីវកម្មមួយចំនួនធំដែលធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចយ៉ាងខ្លាំង។
លោក Conte បាននិយាយនៅក្នុងសុន្ទរកថាតាមទូរទស្សន៍មួយថា ការរឹតបន្តឹងការធ្វើដំណើរក្នុងប្រទេសអ៊ីតាលីនេះ បានធ្វើឱ្យការធ្វើដំណើរលក្ខណៈទេសចរណ៍ទាំងអស់ត្រូវបានផ្អាក ខណៈដែលប្រទេសនេះជាប្រទេសដែលពឹងផ្អែកយ៉ាងខ្លាំងលើឧស្សាហកម្មទេសចរណ៍។
ទោះបីជាអ៊ីតាលីមិនបានបិទព្រំដែនប្រទេសគេជាផ្លូវការ និងនៅតែអនុញ្ញាតឱ្យប្រជាជនធ្វើដំណើរទៅធ្វើការ និងក្រោមហេតុផលសុខភាពក៏ដោយ រដ្ឋាភិបាលបានហាមឃាត់ការធ្វើដំណើរលក្ខណៈទេសចរ និងតម្រូវឱ្យធ្វើការដាក់នៅដោយឡែករយៈពេល១៤ថ្ងៃសម្រាប់អ្នកដែលចូលមកក្នុងប្រទេសអ៊ីតាលីទាំងអស់។
សូមជម្រាបថា ចាប់ផ្ដើមពីថ្ងៃទី៣ ខែមិថុនាតទៅ អ៊ីតាលីនឹងបើកដំណើរកន្លែងកម្សាន្តទាំងអស់ ដោយមិនចាំបាច់ឆ្លងកាត់ការដាក់នៅដោយឡែក។ ទោះបីប្រជាជនអ៊ីតាលីនឹងអាចធ្វើដំណើរឆ្លងកាត់ពីតំបន់មួយទៅតំបន់មួយដោយសេរីយ៉ាងណាក្ដី អាជ្ញាធរតំបន់នីមួយៗនៅតែអាចហាមឃាត់ការធ្វើដំណើរបានដដែលបើសិនជាមានការកើនឡើងនៃករណីឆ្លងឡើងវិញ៕