ភ្នំពេញ ៖ ថ្វីត្បិតតែកម្ពុជា ជាប្រទេសកសិកម្មក៏ពិតមែន ប៉ុន្តែផលិតផលកសិកម្មរបស់កម្ពុជា មិនអាចផ្គត់ផ្គង់គ្រប់គ្រាន់នៅឡើយ ពោលគឺនៅតែបន្តនាំចូលពីប្រទេសជិតខាងមកបំពេញតម្រូវការ ជាក់ស្ដែងក្នុងមួយឆ្នាំកម្ពុជាត្រូវនាំចូលសត្វជ្រូក មាន់ទា គោក្របី និងបន្លែគិតជាទឹកប្រាក់ប្រមាណ១ពាន់លានដុល្លារអាមេរិក ។
បើតាមលោក លី ឡាវីល ប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានអោយដឹងថាគ្រាន់តែជ្រូកមួយមុខប៉ុណ្ណោះ កម្ពុជា ត្រូវចំណាយប្រាក់ប្រមាណ៤០០លានដុល្លារអាមេរិកដើម្បីនាំចូលពីប្រទេសជិតខាងមកផ្គត់ផ្គង់ក្នុងស្រុក ខណៈពលរដ្ឋក្នុងស្រុកសុទ្ធតែមានសមត្ថភាព ក្នុងការចិញ្ចឹមនិងផ្គត់ផ្គង់បានដោយខ្លួនឯង ។ ក្រៅពីជ្រូកកម្ពុជាក៏បាននាំចូលមាន់ទាគោក្របីនិងបន្លែផងនោះ មានទឹកប្រាក់ប្រមាណជាង៩០០លានដុល្លារអាមេរិក គឺជិត១ពាន់លានដុល្លារអាមេរិក ។
លោកបន្តថា បើសិនជាយើងឈប់នាំចូលហើយងាកមកដាំដុះ និងចិញ្ចឹមក្នុងស្រុកលក់ក្នុងស្រុក លុយទាំង១ពាន់លានដុល្លារអាមេរិកនោះ នឹងអាចអោយពលរដ្ឋកម្ពុជារស់ស្រួល ហើយពលរដ្ឋក៏មិនចាំបាច់ធ្វើចំណាកស្រុកទៅក្រៅប្រទេសដែរ ជាក់ស្ដែងពលរដ្ឋដែលទើបចំណាកស្រុកពីប្រទេសថៃកាលពីជាងមួយខែមុននេះ បើអាចគួរតែដាំដុះបន្លែ ចិញ្ចឹមសត្វសម្រាប់ផ្គត់ផ្គង់ក្នុងស្រុកខណៈកម្ពុជាកំពុងតែមានតម្រូវការខ្ពស់ដោយសារតែការរឹតបន្តឹងព្រំដែននៃប្រទេសជិតខាង ។
លោកឡាវីល ក៏បានស្នើដល់អ្នកនាំចូល បង្វែថវិកាដែលខ្លួនបំរុងនាំចូលពីប្រទេសជិតខាង មកវិនិយោគចិញ្ចឹមនិងដាំដុះក្នុងស្រុកវិញ បើសិនជាពួកគាត់មានឆន្ទៈការជួយពលរដ្ឋក្នុងស្រុកពិតប្រាកដមែនពីព្រោះថាឱកាសនៃការលក់ផលិតផលក្នុងស្រុកគឺពិតជាធំណាស់សម្រាប់ពេលនេះនិងនៅពេលអនាគត ។
សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏បានលើកទឹកចិត្តអោយពលរដ្ឋដាំដុះបន្លែបង្កាក្នុងផ្គត់ផ្គង់ក្នុងស្រុកនៅតាមសណ្ឋាគារ ភោជនីយដ្ឋានដោយកាត់បន្ថយការនាំចូលពីប្រទេសខាងក្រៅ ដើម្បីអោយពលរដ្ឋមានប្រាក់ចំណូលកាន់តែច្រើន ជាពិសេសនោះ គឺលើកស្ទួយដល់ការនាំចេញនៅនឹងកន្លែងដែលសំដៅទៅលើការផ្គត់ផ្គង់ទៅក្នុងវិស័យទេសចរណ៍ ៕