ចិនរកឃើញអ្នកឆ្លង COVID-19 ថ្មីចំនួន១១នាក់ថែមទៀត
ប៉េកាំង ៖ ចិនបានរាយការណ៍ពីការរកឃើញ COVID-19 ចំនួន ១១ករណីថ្មីទៀត កាលពីពេលពេញមួយថ្ងៃអាទិត្យម្សិលមិញ ខណៈដែលកាលពីថ្ងៃសៅរ៍កន្លងទៅរកឃើញមានតែ០៣ករណីប៉ុណ្ណោះ។ នេះបើតាមសារព័ត៌មាន CNA។
នៅក្នុងសេចក្ដីប្រកាសចេញផ្សាយនៅថ្ងៃចន្ទនេះ គណៈកម្មការជាតិសុខាភិបាលចិន ករណីឆ្លងថ្មីខាងលើទាំងអស់សុទ្ធតែជាករណីនាំចូលពីបរទេស ដោយក្នុងនោះមាន ១០ករណីត្រូវបានរកឃើញនៅក្នុងតំបន់ស្វយ័ត អ៊ីនណឺម៉ុងហ្គោលី (Inner Mongolia) និងមួយករណីនៅខេត្ត ស៊ីឈួន (Sichuan)។
គណៈកម្មការខាងលើក៏បានរាយការណ៍ពីអ្នកឆ្លង COVID-19 មិនចេញរោគសញ្ញា ៤០ករណីថ្មីផងដែរ បើធៀបទៅនឹងពីថ្ងៃសៅរ៍ដែលមាន ៣៦ករណី។ គិតមកទល់នឹងពេលនេះ ចិនមានអ្នកឆ្លង COVID-19 ៨២,៩៨៥នាក់ ក្នុងនោះស្លាប់ ៤,៦៣៤នាក់ និងជាសះស្បើយឡើងវិញ ៧៨,២៦៨នាក់ (០៧នាក់ទើបចេញពីមន្ទីរពេទ្យ)៕