តៃវ៉ាន់ ៖ លោកស្រី Tsai Ing-wen ប្រធានាធិបតីតៃវ៉ាន់ បានប្រកាសកាលពីថ្ងៃទី២៤ ខែឧសភាថា តៃវ៉ាន់នឹងផ្តល់ជំនួយចាំបាច់ដល់ប្រជាជនហុងកុង ដែលបាននឹងកំពុងធ្វើការតវ៉ាប្រឆាំងនឹងច្បាប់ថ្មីចេញពីក្រុងប៉េកាំង។ នេះបើយោងតាមសារព័ត៌មាន Channelnewsasia។
កាលពីថ្ងៃអាទិត្យម្សិលមិញ ប៉ូលិសហុងកុងបានបាញ់ទឹក និងឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបំបែក្រុមបាតុករដែលប្រមូលផ្តុំប្រឆាំងនឹងផែនការរបស់ក្រុងប៉េកាំង ក្នុងការដាក់ច្បាប់សន្តិសុខជាតិមកលើក្រុងហុងកុង។
លោកស្រី Tsai Ing-wen បានហៅច្បាប់នេះថាជាការគំរាមយ៉ាងធ្ងន់ធ្ងរមកលើឯករាជ្យ និងសិទ្ធិសេរីភាពរបស់ហុងកុង។ ការប្រើគ្រាប់កាំភ្លើង និងការបង្ក្រាបពុំមែនជាវិធីដោះស្រាយជាមួយនឹងសេចក្តីប្រាថ្នារបស់ពលរដ្ឋហុងកុង សម្រាប់សេរីភាព និងប្រជាធិបតេយ្យឡើយ។
«ក្នុងការប្រឈមមុខនឹងស្ថានការណ៍ដែលកំពុងផ្លាស់ប្តូរនេះ សហគមន៍អន្តរជាតិកាន់តែសកម្មជាងមុន ក្នុងការជួយដល់ប្រជាជនហុងកុង។ ចំណែកតៃវ៉ាន់ក៏នឹងកាន់តែគាំទ្រយ៉ាងសកម្ម និងផ្តល់ជំនួយចាំបាច់ដល់ប្រជាជនហុងកុងផងដែរ»។ នេះជាការបញ្ជាក់របស់ប្រធានាធិបតីតៃវ៉ាន់៕