ភ្នំពេញ៖លោកកាន ឌីអ៊ូបុន ឧត្តមនាវីថៃបាន បង្ហាញពីក្តីអាម៉ាស់ខណៈនាយទាហាន ជើងទឹក២រូបត្រូវសមត្ថកិច្ចកម្ពុជាចាប់ខ្លួន បានកាលពីថ្ងៃសុក្រ ជាមួយជនស៊ីវិលថៃម្នាក់នៅភោជនីយដ្ឋានមួយនៅស្រុកភ្នំព្រឹកក្នុងខេត្តបាត់ដំបងចម្ងាយប្រមាណ៥គីឡូម៉ែត្រពីព្រំដែនថៃរួមនឹងលុយដុល្លារក្លែក្លាយជាង៧លានដុល្លារអាមេរិក។
កាសែតបាងកកប៉ុស្ត៍បានដកស្រង់សំដីលោកឧត្តមនាវី កាន ឌី-អ៊ូបុន ប្រធាននាយកដ្ឋានលេខាដ្ឋាននៃកងទ័ពជើងទឹកថៃដែលនិយាយកាលពីថ្ងៃសៅរ៍ថា “វាគួរអោយអាម៉ាសដែលកងទ័ពជើងទឹកមានបុគ្គលិកដែលរំលោភច្បាប់”។ “កងទ័ពជើងទឹកបានបញ្ឈរជើងពួកគេពីការងារ និងពួកគេនឹងត្រូវបណ្តេញចេញប្រសិនបើតុលាការរកឃើញថាពួកគេមានកំហុស”។
លោកឧត្តមសេនាវីរូបនេះបាននិយាយថា កងទ័ពជើងទឹកបានបញ្ជាឲ្យកងកម្លាំងការពារ Chanthaburi-Tratសហការជាមួយកម្ពុជាដើម្បីនាំជនសង្ស័យមកដាក់ទោសនៅថៃ តែប្រភពកងទ័ពជើងទឹកបាននិយាយថា ប្រការនេះវាមិនអាចទៅរួចទេ ដោយសារពួកគេនៅមិនទាន់ត្រូវបានកាត់ទោសក្នុងតុលាការកម្ពុជា។
មន្ត្រីប៉ូលិសភ្នំព្រឹកបញ្ជាក់ថា ជនសង្ស័យទាំង៣ប្រុងចាយលុយដុល្លារទាំងនេះនៅតំបន់ជនបទកម្ពុជា កន្លែងដែលការស្គាល់ប្រាក់ដុល្លារសុទ្ធ ឬមិនសុទ្ធដោយពិបាក។
លោកបាននិយាយថា”យើងបានស៊ើបអង្កេតពួកគេអស់ជាង១ខែ និងយើងបានប្រើអ្នកយកការណ៍របស់យើងដើម្បីធ្វើការណាត់ជួបពួកគេ ដើម្បីដូរលុយ ធ្វើដូច្នេះដើម្បីចាប់ពួកគេ។ពួកគេមិនមានកាន់លិខិតឆ្លងដែនទេ។ បុរសទាំងបីបានសារភាពថាមានផែនការចាយលុយទាំងនេះនៅកម្ពុជា”។
របាយការណ៍ប៉ូលីសបង្ហាញថា នាយទាហានថៃទាំងពីររួមមានអនុសេនីយ៍ឯកChamras Pongsartអាយុ៥២ និងអនុសេនីយ៍Pramote Raisiri អាយុ៤៨ឆ្នាំ ចំណែកម្នាក់ទៀតជាជនស៊ីវិលបានក្លែងធ្វើជាអនុសេនីយ៍Kittithamet Meethekulsawat អាយុ៤៧ឆ្នាំ ដែលតាមពិតជាអ្នកស្រុកនៅសង្កាត់Klong Toeyនៃក្រុងបាងកក៕ ដោយៈរដ្ឋា