ឥណ្ឌា ៖ ស្ថាប័នក្រុមអ្នកស្រាវជ្រាវវេជ្ជសាស្ត្រកំពូលរបស់ឥណ្ឌាកាលពីថ្ងៃអង្គារទី ២៦ ខែ ឧសភា បានប្រកាសគាំទ្រការប្រើប្រាស់ថ្នាំប្រឆាំងជំងឺគ្រុនចាញ់ hydroxychloroquine ដើម្បីប្រឆាំងនឹងបង្ការជំងឺកូរ៉ូណា បន្ទាប់ពីអង្គការសុខភាពពិភពលោកបានឲ្យផ្អាកការសាកល្បងប្រើថ្នាំនេះដោយសារតែការព្រួយបារម្ភចំពោះសុវត្ថិភាព។ នេះបើយោងតាមប្រភពពី CNA។
ការប្រកាសគាំទ្ររបស់ក្រុមប្រឹក្សាស្រាវជ្រាវផ្នែកវេជ្ជសាស្ត្រឥណ្ឌាបានកើតឡើងមួយសប្តាហ៍ បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក Donald Trump បាននិយាយថាលោកកំពុងប្រើថ្នាំនេះជាវិធានការបង្ការជំងឺកូរ៉ូណា។
លោក Balram Bhargava អគ្គនាយក ICMR បាននិយាយថាការសិក្សាអង្កេតនិងករណីនៅក្នុងប្រទេសឥណ្ឌាបានបង្ហាញថាមិនមានផលប៉ះពាល់អ្វីធំដុំទេក្នុងការលេបថ្នាំនេះដើម្បីបង្កាជំងឺកូរ៉ូណា។ លោកបានបន្ថែមថា ក្រោយប្រើថ្នាំនេះ មនុស្សមួយចំនួនមាន អាការៈ ចង្អោរ ក្អួត និងញ័រទ្រូង តែប៉ុណ្ណោះ។
សូមជម្រាបថា កាលពីសប្តាហ៍មុន ICMR បានណែនាំឲ្យមន្ត្រីពេទ្យជួរមុខឥណ្ឌា ដែលកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូរ៉ូណាឲ្យ លេបថ្នាំនេះតាមវេជ្ជបញ្ជាត្រឹមត្រូវ ដើម្បីការពារខ្លួនពីការឆ្លងវិរុសនេះ៕